ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូន លោក ស៊ី ជីនពីង ដែលជាប់ឆ្នោតជាអគ្គលេខាធិការគណបក្សកុម្មុយនីស្តចិនជាថ្មី

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ បានផ្ញើសារអបអរសាទរជូន លោក ស៊ី ជីនពីង ដែលជាប់ឆ្នោតជាអគ្គលេខាធិការគណបក្សកុម្មុយនីស្តចិនជាថ្មី នៅក្នុងសមាជជាតិរបស់គណបក្សកុម្មុយនីស្តចិន លើកទី ២០ នាចុងសប្តាហ៍នេះ។

ក្នុងសារលិខិតបានបញ្ជាក់ដូច្នេះថា៖ «ក្នុងឱកាសដ៏វិសេសវិសាលនេះ តាងនាមគណបក្សប្រជាជនកម្ពុជា (CPP) ខ្ញុំសូមសម្តែងនូវអំណរសាទរយ៉ាងស្មោះស្ម័គ្រជូនចំពោះឯកឧត្តម ។ ខ្ញុំក៏សូមឆ្លៀតឱកាសនេះ អបអរសាទរដល់ថ្នាក់ដឹកនាំ និងសមាជិក CPC ទាំងអស់ ចំពោះការបិទបញ្ចប់ដោយជោគជ័យ នៃ សមាជជាតិលើកទី២០ នៃគណបក្សកុម្មុយនីស្តចិន ដែលនឹងផ្ដល់កម្លាំងថ្មី ដល់ការកសាងប្រទេសចិន ក្លាយជាប្រទេសសង្គមនិយមទំនើប»។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ក្រោមការដឹកនាំប្រកបដោយសមត្ថភាព និងឈ្លាសវៃរបស់ លោក ស៊ី ជិនពីង ពិភពលោកបានសាទរចំពោះជោគជ័យដ៏ធំធេងរបស់ចិន លើការកាត់បន្ថយភាពក្រីក្រ នវានុវត្តន៍បច្ចេកវិទ្យា វឌ្ឍនភាពផ្នែកវិទ្យាសាស្ត្រ និងការកសាងសង្គមនិយមតាមលក្ខណ:ពិសេសរបស់ចិន។ សមិទ្ធផលជាប្រវត្តិសាស្ត្រ បានផ្ដល់ផលប្រយោជន៍ មិនត្រឹមតែដល់ប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែក៏ដល់ពិភពលោកទាំងមូលផងដែរ។
សម្តេចជឿជាក់ថា ជាមួយនឹងចក្ខុវិស័យវែងឆ្ងាយ និងកិច្ចខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់របស់ លោកប្រធានាធិបតី ស៊ី ជិនពីង ប្រទេសចិន នឹងទទួលបានជោគជ័យធំធេងបន្ថែមទៀត ព្រមទាំងសម្រេចបាននូវគោលដៅ ១០០ឆ្នាំ លើកទី ២ ក៏ដូចជាសម្រេចជោគជ័យលើគោលនយោបាយ និងគោលដៅដែលដាក់ចេញដោយសមាជ ជាតិរបស់បក្សកុម្មុយនីស្តចិន លើកទី ២០ ។
ចំពោះទំនាក់ទំនងទ្វេភាគី កម្ពុជា និងចិនវិញ ត្រូវបានសម្តេចបញ្ជាក់ថា មានទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរ ដែលរីកចម្រើនជាលំដាប់ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធគ្រប់ជ្រុងជ្រោយ ដោយសារមិត្តភាពប្រពៃណី និងទំនាក់ទំនងដ៏ ស្និទ្ធស្នាលរបស់ CPP និង CPC។
សម្តេចបានគូសបញ្ជាក់ថា៖ «ប៉ុន្មានឆ្នាំកន្លងមកនេះ CPP និង CPC បានពង្រឹងទំនាក់ទំនងមិត្តភាពដែកថែប ដែលបានធ្វើឱ្យទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន រីកចម្រើនឥតឈប់ឈរ សម្រាប់ជាផលប្រយោជន៍ដល់ប្រជាជន នៃប្រទេសទាំងពីរ»។
សម្តេចតេជោ បានបញ្ហាអំពីការទន្ទឹងរង់ចាំបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយ លោកប្រធានាធិបតី ស៊ី ជិនពីង ដើម្បីពង្រឹងបន្ថែមទៀត នូវមិត្តភាពជាប្រពៃណី រវាង CPP និង CPC និងលើកកម្ពស់កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា ចិន ទៅកាន់កម្រិតថ្មីមួយទៀត។
សូមបញ្ជាក់ថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ត្រូវបានតែងតាំងជាអគ្គលេខាធិការ និងជាប្រធានគណៈកម្មការយោធាមជ្ឈិម នៃគណបក្សកុម្មុយនិស្ដចិន សម្រាប់អាណត្តិទី៣ នៅថ្ងៃអាទិត្យនេះ ដែលនេះជាការត្រួសត្រាយផ្លូវឱ្យលោកកាន់តំណែងជាប្រធានាធិបតីរយៈពេល៥ឆ្នាំបន្តទៀត និងជាប្រធានាធិបតីដ៏មានឥទ្ធិពលធំបំផុត ចាប់តាំងពីសម័យលោក ម៉ៅ សេទុង មក។
គណបក្សកុម្មុយនិស្តចិនបានបិទបញ្ចប់សមាជបក្សលើកទី២០ របស់ខ្លួនកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ បន្ទាប់ពីប្រតិភូបក្សជាង ២,៣០០នាក់មកពីទូទាំងប្រទេស ជួបប្រជុំគ្នាដើម្បីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំកំពូលៗរបស់បក្ស ចាយពេលជាងមួយសប្ដាហ៍។
ក្រៅតែពីការប្រកាសតែងតាំងលោក ស៊ី ជិនពីង ជាអគ្គលេខាធិការ បក្ស ក៏មានការបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ចំនួន២០៥នាក់ផងដែរ ដែលនឹងដឹកនាំគណបក្សរយៈពេល៥ឆ្នាំបន្ត និងសុទ្ធសឹងតែ ជាមនុស្សស្មោះស្ម័គ្រជាមួយលោក ស៊ី ជិនពីង៕(FN)

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។