ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារនិងសហការីបានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ព្រះវិហារនៅវត្តគង់វង្សរង្សី ហៅវត្តកោះកុក ស្ថិតក្នុងភូមិកោះកុក ឃុំកោះទន្ទឹម ខេត្តកំពង់ចាម

នាព្រឹកថ្ងៃអាទិត្យ ១៣រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម រួមជាមួយឯកឧត្តមលន់ លឹមថៃ សមាជិករដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងសហការីបានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ព្រះវិហារនៅវត្តគង់វង្សរង្សី ហៅវត្តកោះកុក ស្ថិតក្នុងភូមិកោះកុក ឃុំកោះទន្ទឹម ខេត្តកំពង់ចាម។

ឆ្លៀតយកឱកាសនេះ ឯកឧត្តមប្រធានក្រុមការងារបានមានមតិសំណេះសំណាលជាមួយពុទ្ធបរិស័ទចំណុះជើងវត្តដោយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកជូនពុទ្ធបរិស័ទទាំងអស់ ដែលមានវត្តមាននៅទីនេះ និងបងប្អូននៅទូទាំងខេត្តកំពង់ចាម ជាពិសេសសម្តេចបានអរគុណនិងវាយតម្លៃខ្ពស់ចំពោះសមាជិកទាំងអស់ដែលបានបន្តគាំទ្រ គណបក្សប្រជាជនកម្ពុជា ជាពិសេសបងប្អូននៅក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ហើយសម្តេចទាំងទ្វេបានជូនពរជូនប្រជាជនយើងឲ្យជួបតែព្រះពុទ្ធិពរទាំង ៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ។

ឯកឧត្តមប្រធានក៏បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះសប្បុរសជន និងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ដែលមានសទ្ធាជ្រះថ្លាបានចូលរួមបរិច្ចាកថវិកា និងសម្ភារសាងសង់ សរុបថវិកាបានចំនួន ៧៩ ៧០០ដុល្លារ (មិនរួមតម្លៃសម្ភារសំណង់) ក្នុងពិធីបុណ្យបញ្ចុះបឋមសិលាសាងសង់ព្រះវិហារកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ។ សធាជ្រះថ្លានេះ ឯកឧត្តមបញ្ជាក់ថា នឹងជួយសាងសងព្រះវិហារមួយយ៉ាងល្អស្អាតសម្រាប់ប្រជាជននៅភូមិកោះកុក ឃុំកោះទន្ទឹម និងស្រុកកំពង់សៀមទាំងអស់មកគោរពបូជា។ មុននឹងបញ្ចប់ ឯកឧត្តមប្រធានក៏បានផ្តាំផ្ញើដល់ប្រជាជននៃស្រុកកំពង់សៀម និង​ទូទាំងខេត្តកំពង់ចាមទាំងអស់ត្រូវបន្តចូលរួមថែរក្សាសុខសន្តិភាព ដោយត្រូវចូលរួមគាំទ្រសម្តេចតេជោ ដែលជានាយករដ្ឋមន្រ្តីនិងជាប្រធានគណបក្សប្រជាជនកម្ពុជាជានិរន្ត ដើម្បីរួមគ្នាឈានឆ្ពោះទៅទទួលបានជោគជ័យក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។