ព័ត៌មានជាតិ

ប្រជាពលរដ្ឋ​ប្រមាណ៣០០ គ្រួសារ​នៅស្រុកត្រពាំងប្រាសាទ បានទទួល​អំណោយស្បៀងបន្ទាន់របស់រាជរដ្ឋាភិបាល

(ឧត្ដរមានជ័យ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍​ ៣កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញជាអធិបតីភាព ក្នុងពិធីចែកស្បៀងបន្ទាន់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនបងប្អូនប្រជាពលរដ្ឋដែលជួបការខ្វះខាតដោយសារគ្រោះជំនន់ទឹកភ្លៀងប្រមាណចំនួន៣០០ គ្រួសារ ដោយមានការអញ្ជើញចូលពី ឯកឧត្ដម ឡៅ ឆន សមាជិកព្រឹទ្ធសភា ឯកឧត្ដម នៅ សំ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្ដរមានជ័យ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាព លោកអភិបាលស្រុក នៅបរិវេណប្រាសាទត្រពាំងប្រាសាទ។

ក្នុង​ឱកាស​នោះដែរ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត បាននាំមកនូវប្រសាសន៍ផ្ដាំ ផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹ​កអាណិតអា​សូរក្រៃ​លែង ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្ដេច​ទាំ​ងទ្វេរ តែងតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា បើទោះបីជាសម្ដេចមិនបានអញ្ជើ​ញជួប​សំណេះ​សំណាលដោយផ្ទាល់ក្ដី ក៏ប៉ុន្តែសម្ដេច បានធ្វើការណែនាំដល់រដ្ឋបាលខេត្ត ក្នុងការចុះពិនិត្យ​ស្វែ​ងរកប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះបញ្ហានានា ដូចជា៖ គ្រោះទឹកជំនន់ជាដើម ដើម្បីធ្វើការចែក​ជូនអំណោយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះនោះ ឲ្យបានទាន់ពេលវេលា ដោយមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។

ឯកឧត្តម​អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ បញ្ហាគ្រោះមហន្តរាយ គឺមិនអាចកំណត់បាន​ឡើ​យ កត្តាសំខាន់ គឺរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងប្រជាពលរ​ដ្ឋ​ទាំ​ងអស់ ត្រូវតែចូលរួមតាមរយៈយន្តការ ឬវិធានការណ៍នានា ដើម្បីបង្ការទប់ស្កាត់ និងដោះស្រាយ​សង្គ្រោះ​អាយុ​ជីវិតមនុស្ស ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ដូច្នេះឯកឧត្ដមសូមថ្លែ​ង​កា​រកោតសរសើរ ចំពោះកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ដែលបានរួម​សហការគ្នា ត្រៀមបង្ការ និងជួយសង្គ្រោះប្រជាពលរដ្ឋ ព្រមទាំងបានជំរុញឱ្យយកចិត្តទុកដាក់ខ្ពស់ តាមដានក្នុងគោលដៅប្រឈមនានា បើមានបញ្ហាប្រឈម សូមប្រញាប់ជួយសង្គ្រោះប្រជាពលរដ្ឋ មកកាន់ទីទួលសុវត្ថិភាព និងរាយការណ៍ជូនដល់ថ្នាក់ដឹកនាំ ឬអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិត ដើម្បី​ជួយអន្តរាគមន៍សង្គ្រោះ មិនត្រូវទុកឱ្យប្រជាជនណាម្នាក់ ស្លាប់ដោយគ្រោះទឹកជំនន់នោះឡើយ។

សូមបញ្ជាក់ថា អំណោយស្បៀងបន្ទាន់របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលយកមកចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន៣០០ គ្រួសារនាពេលនេះ ដោយក្នុងមួយគ្រួសារទទួលបានអង្ករចំនួន២៥ គីឡូក្រាម មី១ កេស ទឹកត្រី១ យួរ ទឹកស៊ីអ៊ីវ១ យួរ ត្រីខ១ យួរ និងទឹកសុទ្ធ១ កេស។សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។