ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ផ្តល់ផ្លូវកៅស៊ូAC 3ខ្សែ ដល់ក្រុងកំពង់ចាម ដើម្បីឲ្យប្រជាជនងាយស្រួលធ្វើដំណើរ

(កំពង់ចាម) ÷ដើម្បីបង្កើនសោភ័ណភាពផ្លូវថ្នល់ឲ្យកាន់តែប្រសើរជាងមុន អាជ្ញាធរខេត្តកំពង់ចាម ដឹកនាំដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ នេះ បានដឹកនាំមន្រីជំនាញ ចុះពិនិត្យផ្លូវក្រាលកៅស៊ូប្រភេទ AC ចំនួន៣ ខ្សែ ស្ថិតនៅក្នុងសង្កាត់វាលវង់ និងសង្កាត់សំបួររមាស ក្រុងកំពង់ចាម ដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋឲ្យមានភាពងាយស្រួល ហើយក៏ជាការលើកមុខមាត់ដល់ក្រុងកំពង់ចាម ក្នុងការប្រឡងប្រណាំងទីក្រុងស្អាត ដែលក្រុងមួយនេះធ្លាប់ទទួលបានជ័យលាភីរំដួល៣ ទងនាពេលកន្លងមក។

លោក ណន សុខនី នាយកលទ្ធិកម្មសាលាខេត្តបានប្រាប់ឲ្យដឹងថា: ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដាអភិបាលខេត្ត អមដំណើរដោយអភិបាលរងខេត្តចំនួន២រូប នាព្រឹកថ្ងៃទី ១១ធ្នូ២០២០ បានអញ្ជើញចុះពិនិត្យមើលការស្ថាបនាផ្លូវកៅស៊ូដែលកំពុងដំណើរការអ៊ុត នៅក្រោយវិទ្យាល័យព្រះសីហនុ ដែលមានទីតាំងស្ថិតនៅក្នុងភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម។

លោក ណន សុខនី បន្តឲ្យដឹងទៀតថា ផ្លូវខ្សែទី១(ផ្លូវលេខ៧ចាស់)មានប្រវែង១.៥៦២ម៉ែត្រ ទទឹង១០ម៉ែត្រ ចាប់ពីរង្វង់មូល១-៧៩ ភូមិទី៦ សង្កាត់វាលវង់ ដល់ផ្លូវមុនីវង្ស ភូមិទី៤ សង្កាត់វាលវង់ ក្រុងកំពង់ចាម។
ក្នុងពេលអញ្ជើញចុះពិនិត្យអភិបាលខេត្តក៏បានស្នើសុំឲ្យនាយកវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម រៀបចំក្រាលការ៉ូឡាអោយបានស្អាតនៅបរិវេណខាងមុខ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារ ស្ថាបនាផ្លូវធ្វើចិញ្ចើមថ្នល់ដើម្បីបង្កលក្ខណៈឱ្យទឹកភ្លៀងអូធ្លាក់ចូលទៅក្នុងប្រព័ន្ធលូចៀសវាង កុំឱ្យមានទំនាបដកទឹកនាំឲ្យខូចផ្លូវ។ចំពោះផ្លូវទីមួយនេះត្រូវបានប្រជាពលរដ្ឋរស់នៅតាមដងផ្លូវបានសំដែងនូវមនោសញ្ចេតនាសប្បាយរីករាយ ដោយទទួលបានផ្លូវមួយខ្សែល្អហើយងាយស្រួលដល់ពួកគាត់ធ្វើដំណើរទៅវិញទៅមកហើយការប្រកបរបរអាជីវកម្មប្រចាំថ្ងៃ ក៏កាន់តែប្រសើរបន្ថែមទៀត។ ចំពោះផ្លូវខ្សែទី២ លេខ៥១ ប្រវែង៥១២ម៉ែត្រ ទទឹង ៨ម៉ែត្រចាប់ពីស្តុបលំហែរផ្លូវជាតិលេខ៧ថ្មី ភូមិបឹងស្នាយ សង្កាត់សំបូរមាសដល់ផ្លូវលេខ៧ចាស់ ក្នុងភូមិទី៦ សង្កាត់វាលវង់ក្រុងកំពង់ចាម ចំណែកផ្លូវខ្សែទី៣ ផ្លូវលេខ៥៥ ប្រវែង៧៧១ម៉ែត្រ ទទឹង
៧.៥ទៅ៨ម៉ែត្រ ចាប់ពីត្រង់ចំណុចផ្លូវភ្លោះព្រះបាទមុនីវង្សភូមិទី៤ សង្កាត់វាលវង់ដល់ផ្លូវលេខ៨៥ ភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម។ ក្នុងចំណោមផ្លូវទាំងបីខ្សែគឺទើបតែដំណើរការសាងសង់ផ្លូវទី១ បានប្រមាណ៣០% ចំណែកផ្លូវចំនួន២ខ្សែទៀតអាចនឹងរួចរាល់ក្នុងរយៈពេល ១៥ថ្ងៃខាងមុខក្នុងករណីបើមិនមានភ្លៀងធ្លាក់។

លោក ចាន់ ផល្លី អភិបាលក្រុងកំពង់ចាម មានប្រសាសន៍ឲ្យដឹងដែរថាក្នុងការប្រឡងប្រណាំងទីក្រុងស្អាតកន្លងមកក្រុងកំពង់ចាម ទទួលបានរំដួលបីទង។ សម្រាប់ផ្លូវចំនួន ៣ខ្សែនៅក្នុងក្រុងកំពង់ចាមដែលកំពុងតែដំណើរការស្ថាបនាផ្លូវក្រាលកៅស៊ូប្រភេទAC នេះបង្ហាញអោយឃើញពីការយកចិត្តទុកដាក់របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាម ជូនដល់ប្រជាពលរដ្ឋនៅក្នុងក្រុងកំពង់ចាម មានផ្លូវស្អាតប្រើប្រាស់និងប្រកបដោយគុណភាព។ ពីមួយឆ្នាំទៅមួយឆ្នាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់តែងតែគិតគូរពីការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋាន សំដៅឲ្យមានការរីកចម្រើន ធ្វើយ៉ាងណាឱ្យក្រុងកំពង់ចាម ក្លាយទៅជាគោលដៅទេសចរណ៍ទាក់ទាញភ្ញៀវមកកម្សាន្តលេងគ្រប់រដូវកាលផងដែរ៕ អត្ថបទ ចៅ វង្ស

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។