ព័ត៌មានជាតិ

មេគយខេត្ត និងបក្ខពួកបើកដៃឲ្យក្រុមឈ្មួញទាំងតូចទាំងធំនាំទំនិញគេចពន្ធ និងទំនិញខុសច្បាប់ឆ្លងកាត់តាមច្រកខេត្តកោះកុងយ៉ាងគគ្រឹកគ្រេង

(កោះកុង) :លោក ទុំ ណូ សាខាគយខេត្តកោះកុង បានបញ្ជាឲ្យបក្ខពួករបស់ខ្លួនដែលជាភ្នាក់ងារគយ មន្ត្រីគយ បើកដៃឲ្យឈ្មួញទាំងតូចទាំងធំនាំទំនិញគេចពន្ធ សាំងគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ដែលនាំចូលពីប្រទេសសៀម មានទាំងតាមច្រកកំពង់ផែ និងច្រកផ្លូវគោក និងតាមច្រករបៀងតូចៗជាច្រើនទៀតដែលគ្រប់គ្រងដោយអំណាចមេសាខាគយ ទុំ ណូ នេះ។

 ប្រភពព័ត៌មានជាច្រើនបានឲ្យដឹងថា ការដឹកជញ្ជូនទំនិញពីប្រទេសសៀម ឆ្លងកាត់ខេត្តកោះកុង តាមផ្លូវជាតិលេខ៤៨ ចូលរាជធានីភ្នំពេញ ទុំ ណូ បានបញ្ជាឲ្យមន្ត្រីគយខេត្តកោះកុង នេះបន្តដាក់កុងត្រូលជជុះនៅចំណុចឃុំអណ្តូងទឹក ផ្លូវជាតិលេខ៤៨ ដែលស្ថិតនៅក្នុងស្រុកស្រែអំបិល គាបសង្កត់ជម្រិតទារលុយតាមអំពើចិត្តពីក្រុមឈ្មួញតូចៗ និងអាជីវករដែលរកស៊ីដឹកទំនិញដើម្បីរស់ តម្រូវឲ្យបង់លុយតាមការកំណត់ទាំងលើតុក្រោមតុ។

ក្រុមឈ្មួញ និងអាជីវករបានបន្តឲ្យដឹងទៀតថា រថយន្តដឹកទំនិញធន់តូចៗត្រូវបង់ចាប់ពី១០ម៉ឺនរៀល ឡើងទៅរថយន្តធំត្រូវបង់ចាប់ពី៤០ម៉ឺនរៀល ឡើងទៅ ហើយការបង្គាប់បញ្ជាទាំងអស់នេះ គ្មាននរណាមួយហ៊ានតវ៉ាឡើយ។ មេសាខាគយខេត្តកោះកុង បុគ្គល ទុំ ណូ បានសហការជាមួយឈ្មួញធំៗដែលរកស៊ីនាំទំនិញចេញចូលទៅប្រទេសសៀម និងនាំពីសៀមចូលមកស្រុកខ្មែរ ដែលឆ្លងកាត់ខេត្តកោះកុង បុគ្គលនេះបានបើកដៃឲ្យឈ្មួញទាំងអស់នោះ នាំចូលទំនិញគេចពន្ធទាំងយប់ទាំងថ្ងៃ ដើម្បីជាថ្នូរទទួលបានសំណូកតាមរបៀបពុករលួយ ហើយទំនិញគេចពន្ធជាច្រើនប្រភេទដែលឆ្លងកាត់តាមខេត្តកោះកុង សុទ្ធតែជាទំនិញដែលត្រូវបង់ពន្ធគយ ក្នុងតម្លៃខ្ពស់ៗដូចជា ម៉ូតូសេរីទំនើបៗ គ្រឿងក្រអូប និងគ្រឿងសំអាង សម្ភារៈសំណង់ ភេស្ជៈកំប៉ុងគ្រប់ប្រភេទ ស្រាបៀរ និងស្រាថ្លៃៗ ទូរសព្ទដៃទំនើបៗ សាំងគេចពន្ធជាដើម។

ប្រភពព័ត៌មានពីក្រុមសមត្ថកិច្ចជំនាញដែលពាក់ព័ន្ធការងារជាមួយមេសាខាគយខេត្តកោះកុង បានលួចខ្សឹបឲ្យដឹងថា ឈ្មួញដែលរកស៊ីបង្កប់ទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ដែលនាំចូល និងលើកដាក់ដឹកជញ្ជូនឆ្លងកាត់ដែនសមត្ថកិច្ចពន្ធគយខេត្តកោះកុង ត្រូវ​បានមេគយ ទុំ ណូ និងបក្ខពួកបើកដៃដឹកជញ្ជូនទាំងយប់ទាំងថ្ងៃ​តាមរថយន្តសណ្តោងធំៗ ហើយក៏មានបញ្ជាពី ទុំ ណូ មិនចាំបាច់ត្រួតពិនិត្យអ្វីច្រើនទេ។

មេសាខាគយខេត្តកោះកុង បុគ្គល ទុំ ណូ និងបក្ខពួកបានគៀងគរឈ្មួញចាស់ៗដែលគេស្គាល់ពីមុន ដែលមានទំនាក់ទំនងជាមួយ ទុំ ណូ ឲ្យបង្វែការនាំទំនិញពីប្រទេសសៀម មកចូលច្រកខេត្តកោះកុង ដែលទំនិញឆ្លងកាត់ទាំងនោះគឺ ទុំ ណូ យកតាមទម្លាប់ចាស់ដែលបុគ្គលនេះធ្លាប់មានទំនាក់ទំនង និងទទួលកញ្ចប់ពុករលួយជាមួយឈ្មួញទាំងនោះ។

ឈ្មួញទាំងតូចទាំងធំ និងក្រុមអាជីវករដែលរកស៊ីនាំទំនិញគេចពន្ធ សាំងគេចពន្ធដែលទំនិញទាំងនោះនាំចូលពីប្រទេសសៀម ឆ្លងកាត់ដែនសមត្ថកិច្ចជំនាញពន្ធគយ ខេត្តកោះកុង គឺជាប្រភពចំណូលដ៏សំខាន់នៃបក្ខពួក ទុំ ណូ និយាយឲ្យចំគឺសម្រាប់បុគ្គល ទុំ ណូ នេះតែម្តងក្នុងការប្រមូលផលប្រយោជន៍លាភសក្ការៈដែលខ្លួនបានចំណាយដើមទុនជាច្រើនទម្រាំនឹងបានមេសាខាគយខេត្តកោះកុង ពីព្រោះមុននឹងផ្លាស់ទៅមេសាខាគយខេត្តកោះកុង​ គឺបុគ្គលនេះមិនចង់ចេញពីមេសាខាគយខេត្តព្រះសីហនុ ទេតែដោយសារស្រោមសំបុត្ររបស់បុគ្គល ទុំ ណូ ស្តើងជាងស្រោមសំបុត្របុគ្គល សំ សុវណ្ណារិទ្ធ ទើបបុគ្គល ទុំ ណូ នេះត្រូវចេញពីខេត្តព្រះសីហនុ ទៅកោះកុង។

សកម្មភាពនៃបុគ្គល ទុំ ណូ ដែលជាមេសាខាគយខេត្តកោះកុង ព្រមទាំងបក្ខពួក បានយកបេសកកម្មការងារគយក្នុងតួនាទី បង្ក្រាបទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ ប្រមូលពន្ធគយជូនរដ្ឋ ហើយបុគ្គលមេសាខាគយខេត្តកោះកុង និងបក្ខពួកយកតួនាទីនេះបង្កប់ល្បិចយ៉ាងស៊ីជម្រៅដើម្បីកេងប្រវ័ញ្ចយកផលប្រយោជន៍ និងលាភសក្ការៈផ្ទាល់ខ្លួនពោពេញទៅដោយអំពើពុករលួយ ថែមទាំងជួយបន្លំមុខទំនិញឲ្យឈ្មួញងាយស្រួលក្នុងការបំពេញឯកសារខ្លែងមុខទំនិញផ្សេងៗដែលមានតម្លៃពន្ធគយខ្ពស់មកជាប្រភេទមុខទំនិញត្រូវបង់ពន្ធគយក្នុងកម្រិតទាប ឬមធ្យមជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួន។

មន្ត្រីអង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែលជាអ្នកអង្កេតការងារសេដ្ឋកិច្ច បានអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន និងលោក ឱម យ៉ិនទៀង, លោក គុណ ញឹម កុំបន្តនិងបណ្តោយឲ្យបុគ្គល ទុំ ណូ និងបក្ខពួកយកឱកាសទាំងនេះទៅប្រព្រឹត្តអំពើពុករលួយ ដែលធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធគយមួយចំនួនធំក្នុងខេត្តកោះកុង នេះជាបន្ទាន់តាមដែលអាចធ្វើទៅបាន ពីព្រោះបុគ្គល ទុំ ណូ នេះមានជំនាញខាងការងាររបៀបពុករលួយនេះជាច្រើនឆ្នាំមកហើយក្នុងតួនាទីជាមេសាខាគយគ្រប់ទីកន្លែង៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។