ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Joe Biden​ ប្រធានាធិបតីសហរដ្ឋអាមេរិក

(ភ្នំពេញ) :នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដែលជាថ្ងៃទី៣ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០,៤១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលធ្វើជំនួបពិភាក្សាកំពូលទ្វេភាគីជាមួយ ឯកឧត្តម ចូ បៃដិន (Joe Biden)ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលជំនួននេះត្រូវបានធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

ក្នុងជំនួបកំពូលទ្វេភាគីនោះ បើតាមប្រសាសន៍របស់ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ថ្លែងបានអ្នកសារព័ត៌មានថា ឯកឧត្តម ចូ បៃដិន បានថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ដែលបានផ្ញើសារយ៉ាងច្បាស់ចំពោះការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។

ឯកឧត្តម ចូ បៃដិន បានជម្រាបជូនសម្ដេចតេជោថា សហគមន៍អាស៊ាន គឺមានសារៈសំខាន់ណាស់ចំពោះសហរដ្ឋអាមេរិក ជាពិសេសចំពោះរដ្ឋបាលរបស់ឯកឧត្តមផ្ទាល់តែម្ដង ហើយសហរដ្ឋអាមេរិកគាំទ្រ មជ្ឍភាពអាស៊ាន។ ឯកឧត្តម ចូ បៃដិន ក៏បានវាយតម្លៃខ្ពស់ចំពោះវិធានការរបស់កម្ពុជា ជាប្រធានអាស៊ានក្នុងការប្រឹងប្រែងដោះស្រាយបញ្ហានៅប្រទេសមីយ៉ាន់ម៉ា ដើម្បីឲ្យវិលត្រឡប់មកស្ថានភាពដើមវិញ។

ជាការឆ្លើយតប សម្ដេចតេជោ ក៏បានថ្លែងអំណរគុណចំពោះឯកឧត្តម ចូ បៃដិន ដែលបានធ្វើដំណើមកចូលរួមក្នុងកិច្ចប្រជុំកំពូលនៅរាជធានីភ្នំពេញ ដែលនេះសបញ្ជាក់ឲ្យឃើញ នូវការយកចិត្តទុកដាក់របស់សហរដ្ឋអាមេរិកចំពោះអាស៊ាន។សម្ដេចតេជោ ឆ្លៀតក្នុងឱកាសនោះដែរ ក៏បានជម្រាប ជូនឯកឧត្តម ចូ បៃដិន អំពីកិច្ចសហប្រតិបត្តិការជាមួយជប៉ុន លើការជួយឲ្យប្រទេសអ៊ុយក្រែនក្នុងការដោះមីន និងប្រឆាំងការប្រើប្រាស់ពាក្យសំដីគំរាមកំហែង និងការប្រើប្រាស់នុយក្លេអ៊ែរ។

ក្នុងឱកាសនេះដែរ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ដែលបានបញ្ជូនវត្ថុបុរាណត្រឡប់មកកម្ពុជាវិញ។ សម្តេចតេជោបានមានប្រសាសន៍ថាសហរដ្ឋអាមេរិក ជាប្រទេសនាំមុខលំដាប់លេខ១ ក្នុងការបញ្ជូនវត្ថុបុរាណត្រឡប់មកកម្ពុជាវិញ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។