ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំលើកទី៥ គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ)

(ភ្នំពេញ) :នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ស.ហ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំលើកទី៥ គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ)។

ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមទេសរដ្ឋមន្រ្តី ឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តមនាយឧត្តមសេនីយ៍ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាសមាជិក សមាជិការ គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថាកិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីវាយតម្លៃអំពីលទ្ធផលនៃសេចក្ដីសម្រេចរបស់មហាសន្និបាតក្រុមការងារហិរញ្ញវត្ថុ FATF (Financial Action Task Force)លើរបាយការណ៍វឌ្ឍនភាពជុំទី១០របស់កម្ពុជា និងការដាក់ចេញទិសដៅការងារបន្តដើម្បីត្រៀមលក្ខណៈឱ្យបានល្អ សម្រាប់ការចុះមកពីនិត្យដោយផ្ទាល់ ក្នុងអំឡុងខែមករា ឆ្នាំ២០២៣ សំដៅដកកម្ពុជាចេញពីបញ្ជីប្រផេះរបស់FATFនាពេលខាងមុខ។

សម្ដេចរម្លឹកថានៅក្នុងកិច្ចប្រជុំលើកទី៤ កាលពីខែមិថុនា ឆ្នាំ២០២២ បន្ទាប់ពីFATF បានសម្រេចលើរបាយការណ៍ជុំទី៩របស់កម្ពុជានាពេលកន្លងមក គ្រប់យន្តការពាក់ព័ន្ធទាំងអស់នៅកម្ពុជា បានខិតខំប្រឹងប្រែងក្នុងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តសកម្មភាពការងារដែលនៅសេសសល់បានកាន់តែល្អ ទោះបីជាក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ មានការមមារញឹកខ្លាំងលើការបោះឆ្នោត និងការងារដឹកនាំកិច្ចប្រជុំអាស៊ាន ព្រមទាំងការចុះជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។

ផ្អែកតាមរបាយការណ៍បឋមពីធនាគារជាតិនៃកម្ពុជា និងពីឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធ៌ សម្ដេចបានមានប្រសាសាសន៍ថាកម្ពុជាបានរៀបចំរបាយការណ៍ជុំទី១០ និងបានដាក់ជូនFATFបានទាន់ពេលវេលា ដោយក្នុងរបាយការណ៍នោះបានរំលេចឱ្យឃើញនូវវឌ្ឍនភាពល្អប្រសើរ ប្រហាក់ប្រហែលនឹងវឌ្ឍនភាពក្នុងរបាយការណ៍ជុំទី៩ ហើយដែលមហាសន្និបាតFATFកាលពីខែតុលាឆ្នាំ២០២២ថាកម្ពុជាបានអនុវត្តពេញលេញនូវផែនការសកម្មភាពទាំងអស់ដែលនៅសេសសល់ និងបានសម្រេចឱ្យមានការចុះពិនិត្យផ្ទាល់នៅក្នុងខែមករា ឆ្នាំ២០២៣។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានបន្តថា «ការសម្រេចរបស់FATFឱ្យមានការចុះពិនិត្យផ្ទាល់ខាងមុខនេះ ជាឱកាសមាសដ៏ម្រសម្រាប់កម្ពុជា ដើម្បីឈានទៅដកខ្លួនចេញពីបញ្ជីប្រផេះដែលជាគោលដៅចុងក្រោយនៃបេសកកម្មរបស់យើងទាំងអស់គ្នា»។ សម្ដេចបន្តថាការចុះពីនិត្យនេះ គឺជាដំណាក់កាលចុងក្រោយនៅក្នុងក្របខណ្ឌនៃនីតិវិធីរបស់FATFមុននឹងសម្រេចដកកម្ពុជាចេញពីបញ្ជីប្រផេះ។

សម្ដេចបន្ថែមថាដោយសារការដកកម្ពុជាចេញពីបញ្ជីប្រផេះ ជាកិច្ចការដ៏មានសារៈសំខាន់ និងជាអាយុជីវិតរបស់ប្រទេសជាតិ ទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកនយោបាយ និងដោយសារការចុះធ្វើអធិការកិច្ចនេះគឺជាវិញ្ញាសារថ្មីផង និងស្មុគស្មាញផងសម្រាប់កម្ពុជា ដូច្នេះហើយទើបមានការចាំបាច់ក្នុងការជួបជុំគ្នានៅថ្ងៃនេះ ទាំងក្នុងកម្រិតនយោបាយ ទាំងក្នុងកម្រិតបច្ចេកទេស ដើម្បីរួមគ្នាខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមថ្មីនេះ សំដៅត្រៀមលក្ខណៈបានល្អប្រសើរ សម្រាប់កិច្ចការចុងក្រោយដ៏មានសារៈសំខាន់នេះ។

ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធរបស់គណៈកម្មាធិការទាំងអស់ ដែលបានបំពេញការងារយ៉ាងសកម្ម រហូតសម្រេចបានលទ្ធផលជាវិជ្ជមានបន្តបន្ទាប់៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។