ព័ត៌មានជាតិ

មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពត បានប្រារព្ធពិធី អបអរសាទរ ទិវាទឹកនោមផ្អែម ពិភពលោក ១៤វិឆ្ឆិកា ឆ្នាំ២០២២ ក្រោមប្រធានបទ«ការអប់រំដើម្បី ការពារថ្ងៃស្អែក»

(កំពត​) :ឯកឧត្តមវេជ្ជបណ្ឌិត ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្តកំពត នាព្រឹកថ្ងៃសុក្រ​ ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២២ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពត បានប្រារព្ធពិធី អបអរសាទរ ទិវាទឹកនោមផ្អែម ពិភពលោក ១៤វិឆ្ឆិកា ឆ្នាំ២០២២ ក្រោមប្រធានបទ«ការអប់រំដើម្បី ការពារថ្ងៃស្អែក»នៅរមណីដ្ឋានស្រះឈូក ក្រោម
អធិបតីភាព លោកជំទាវ យូ សុគន្ធ អភិបាលរងនៃគណៈអភិបាលខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត។

ឯកឧត្តមវេជ្ជបណ្ឌិត ញា ប៊ុនថន មានប្រសាសន៍ថា ថ្ងៃនេះមន្ទីរសុខាភិបាលខេត្តកំពតមានកិត្តិយសបានរៀបចំប្រារព្ធទិវាទឹកនោមផ្អែមពិភពលោក ជាលើកដំបូង ក្រោមប្រធានបទ “ការអប់រំដើម្បីការពារថ្ងៃស្អែក” ។
ទិវាទឹកនោមផ្អែមពិភពលោកបានក្លាយជាថ្ងៃផ្លូវការរបស់អង្គការសហប្រជាជាតិក្នុងឆ្នាំ 2006 ជាមួយនឹងការអនុម័តសេចក្តីសំរេចចិត្តរបស់អង្គការសហប្រជាជាតិលេខ 61/225 ។ វាត្រូវបានគេកត់សំគាល់រៀងរាល់ឆ្នាំនៅថ្ងៃទី 14 ខែវិច្ឆិកាដែលជាថ្ងៃកំណើតរបស់លោក Frederick Banting ដែលបានរកឃើញថ្នាំអាំងស៊ុយលីនរួមជាមួយលោក Charles Best ក្នុងឆ្នាំ 1922 ។ ទិវាជំងឺទឹកនោមផ្អែមពិភពលោក គឺជាយុទ្ធនាការផ្សព្វផ្សាយអំពីជំងឺទឹកនោមផ្អែមដ៏ធំបំផុតរបស់ពិភពលោកដែលទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនទូទាំងពិភពលោក ។ យុទ្ធនាការនេះត្រូវបានតំណាងដោយនិមិត្តសញ្ញារង្វង់ពណ៌ខៀវដែលត្រូវបានអនុម័តក្នុងឆ្នាំ 2007 បន្ទាប់ពីការអនុម័តសេចក្តីសម្រេចរបស់
អង្គការសហប្រជាជាតិស្តីពីជំងឺទឹកនោមផ្អែម។ រង្វង់ពណ៌ខៀវ គឺជានិមិត្តសញ្ញាសកលសម្រាប់ការយល់ដឹងអំពីជំងឺទឹកនោមផ្អែម។ វាបង្ហាញពីសាមគ្គីភាពរបស់សហគមន៍ទឹកនោមផ្អែមសកលក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺទឹកនោមផ្អែម។
ឯកឧត្តមវេជ្ជបណ្ឌិត ញា ប៊ុនថន ប្រធាមន្ទីររសុខាភិបាលខេត្តកំពត គោលបំណងចំបងនៃយុទ្ធនាការទិវាជំងឺទឹកនោមផ្អែមពិភពលោកឆ្នាំ 2022 នេះគឺ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់ដែលបង្កដោយជំងឺទឹកនោមផ្អែមមកលើក្រុមគ្រួសារ លើកកម្ពស់ ការអប់រំ ការការពារនិង ការគ្រប់គ្រងជំងឺទឹកនោមផ្អែម និងជំរុញពិភពលោករួមគ្នាដើម្បីប្រយុទ្ឋប្រឆាំងនឹងជំងឺទឹកនោមផ្អែមដែលជាបញ្ហាសុខភាពសកលដ៏សំខាន់មួយ ។
ជំងឺទឹកនោមផ្អែមគឺជាជំងឺរ៉ាំរ៉ៃមួយ ដែលជាតិស្ករនៅក្នុងឈាមអ្នកជំងឺកើនឡើងលើសពីធម្មតា ហើយវាជាបន្ទុកដ៏ធ្ងន់ដល់ប្រទេសកម្ពុជាយើងនិង ពិភពលោកទាំងមូល ដែលមានអត្រាមរណភាព 2%នៃការស្លាប់ដោយជំងឺមិនឆ្លងទាំងអស់ ហើយ ប្រេវ៉ាឡង់មានដល់ 9.6%(2016) ។
ឆ្នាំ2017 ពិភពលោកមានអ្នកជំងឺទឹកនោមផ្អែម 425លាននាក់ និងឆ្នាំ2040អាចកើនឡើងដល់ 642លាននាក់, រៀងរាល់8វិនាទី មានអ្នកជំងឺទឹកនោមផ្អែមស្លាប់ម្នាក់។ តាមការប៉ាន់ស្មាន ខេត្តកំពតអាចមានអ្នកជំងឺទឹកនោមផ្អែមប្រមាណ 6ម៉ឺន7ពាន់នាក់ នៅឆ្នាំ2022នេះ ដោយយោងទៅតាមលទ្ធផលនៃការអង្កេតឆ្នាំ2016 ដែលចំនួនអ្នកជំងឺទឹកនោមផ្អែមសរុបមាន 9.6%នៃចំនួនប្រជាជនសរុប ។
ជំងឺទឹកនោមផ្អែមគឺបណ្តាលមកពីកត្តាហានិភ័យគឺ បរិភោគអាហារមិនមានសុខភាព និង កង្វះការហាត់ប្រាណ។ ផលវិបាកនៃជំងឺទឹកនោមផ្អែមគឺ ធ្វើអោយខូចបេះដូង ភ្នែក តំរង់នោម ដំបៅជើង និងអាចកាត់ជើង ។ ការព្យាបាលជំងឺទឹកនោមផ្អែមគឺ ត្រូវព្យាបាលអស់មួយជីវិត តែជំងឺទឹកនោមផ្អែមអាចការពារបានតាមរយៈការបរិភោគអាហារប្រកបដោយសុខភាពនិង ហាត់ប្រាណអោយបានត្រឹមត្រូវនិងទៀងទាត់ ។

ដោយឡែកសំណុំសកម្មភាពជាសារវ័ន្តនៃជំងឺមិនឆ្លង ដែលបម្រើសេវាពិនិត្យ និងព្យាបាលជំងឺទឹកនោមផ្អែម និងលើសឈាម ត្រូវបានអនុវត្តនៅខេត្តកំពតចាប់ពីឆ្នាំ2017 រហូតមកដល់បច្ចុប្បន្ននេះ មូលដ្ឋានសុខាភិបាលដែលបានអនុវត្តកម្មវិធីនេះមានដូចជា៖ មន្ទីរពេទ្យបង្អែកខេត្តកំពត, មណ្ឌលសុខភាពចំនួន10 ក្នុងស្រុកប្រតិបត្តិកំពត, មន្ទីរពេទ្យបង្អែកស្រុកឈូក, មន្ទីរពេទ្យបង្អែក
ស្រុកអង្គរជ័យ និង មណ្ឌលសុខភាពចំនួន5 ក្នុងស្រុកប្រតិបត្តិអង្គរជ័យ, មន្ទីរពេទ្យបង្អែកស្រុក
កំពង់ត្រាច និង មណ្ឌលសុខភាពចំនួន4 ក្នុងស្រុកប្រតិបត្តិកំពង់ត្រាច ។ តាមទិន្នន័យនៃប្រព័ន្ធ
ព័ត៌មានសុខាភិបាល, នៅឆ្នាំ 2021 ករណីពិនិត្យ និងព្យាបាលជំងឺទឹកនោមផ្អែម នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកក្នុងខេត្តកំពត មានចំនួន 4543ករណី (ប្រុស 1641ករណី, ស្រី 2902ករណី), និងគិតត្រឹម9ខែដើមឆ្នាំ 2022 មាន 2872ករណី (ប្រុស 978ករណី, ស្រី 1894ករណី) ។ នៅដើមឆ្នាំ2023នេះ សេវាពិនិត្យ និងព្យាបាលជំងឺទឹកនោមផ្អែមនឹងពង្រីកទៅគ្រប់មណ្ឌលសុខភាព និងមន្ទីរពេទ្យទូទាំងប្រទេស ដើម្បីឆ្លើយតបទៅនឹងការគ្របដណ្ដប់សេវាសុខាភិបាលជាសកល ក៏ដូចជាឆ្លើយតបទៅនឹងការកើនឡើងគួរឱ្យបារម្ភនៃជំងឺទឹកនោមផ្អែម។
ដូច្នេះយើងទាំងអស់គ្នាត្រូវ យល់ដឹងពីជំងឺទឹកនោមផ្អែម ដើម្បីបង្ការខ្លួនពីជំងឺទឹកនោមផ្អែម និងចូលរួមពិនិត្យ ស្រាវជ្រាវរកជំងឺទឹកនោមផ្អែមឱ្យបានទាន់ពេល ដើម្បីបង្ការខ្លួនពីផលវិបាកនៃជំងឺទឹកនោមផ្អែម ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។