ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ដ្រីជំនាញ ប្រជុំពិភាក្សាការធ្វើ បច្ចុប្បន្នភាពលើកទី២ លើបញ្ជីឈ្មោះពលរដ្ធក្រីក្រ ដែលប៉ះពាល់ នឹងព្រឹត្តិការណ៍ ២៨វិច្ចកា កំពុងធ្វើចត្តាឡីស័ក នៅតាមផ្ទះ

(កំពង់ចាម) ÷នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញប្រជុំពិភាក្សា ការធ្វើបច្ចុប្បន្នភាពលើកទី២ លើបញ្ជីឈ្មោះប្រជាពលរដ្ឋក្រីក្រ មានជីវភាពក្រីក្រ ដែលប៉ះពាល់នឹងព្រឹត្តិការណ៍២៨វិច្ឆិកា កំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាល លោកប្រធានមន្ទីរពាកព័ន្ធ។

អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃ៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានចាត់ឲ្យមន្ត្រីជំនាញ សហការជាមួយនឹងអាជ្ញាធរមូលដ្ឋាន ចុះស្រង់ទិន្នន័យ អ្នកដែលប៉ះពាល់ដោយប្រយោល ក្នុងព្រឹត្តិការណ៍ ២៨វិច្ឆិកា ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ និងមណ្ឌលចត្តាឡីស័កកំរិត២ របស់រដ្ឋបាលខេត្ត ដែលមានលក្ខណៈសម្បត្តិសមស្រប ក្នុងការទទួលបានការជួយឧបត្ថម្ភថវិកាពីរាជរដ្ឋាភិបាល ក្នុងនោះកាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ២៣គ្រួសារ និងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ មានចំនួន ១១គ្រួសារបន្ថែមទៀត។
ជាមួយគ្នានេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានចាត់ឲ្យលោកស្រី ប៉ាង ដានី និងលោក ហាន កុសល អភិបាលរងខេត្ត នាំយកថវិការបស់រាជរដ្ឋាភិបាល និងគ្រឿងឧបភោគបរិភោគរបស់រដ្ឋបាលខេត្ត ជូនដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋក្រីក្រទាំង១១គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ។

គួរបញ្ចាក់ថា៖ គិតត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ខេត្តកំពង់ចាម មានប្រជាពលរដ្ឋចំនួន ៥៦៩នាក់ ស្រី៣២២នាក់ ប៉ះពាល់ដោយប្រយោលនឹងព្រឹត្តិការណ៍២៨ វិច្ឆិកា បានធ្វើចត្តាឡីស័ក នៅតាមផ្ទះរៀងៗខ្លួន និងមានប្រជាពលរដ្ឋចំនួន ៣៣គ្រួសារ ដែលមានលក្ខណៈសម្បត្តិសមស្រប ក្នុងការទទួលបានការជួយឧបត្ថម្ភថវិកាពីរាជរដ្ឋាភិបាល ក្នុងអំឡុងពេលបធ្វើចត្តាឡីស័ក៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *