ព័ត៌មានជាតិ

កិច្ចប្រជុំសម្របសម្រួលការអនុវត្តផែនការកិច្ចការពារកុមារខេត្ត ប្រចាំត្រីមាសទី៤ ឆ្នាំ២០២២!

(សៀមរាប) ៖នៅថ្ងៃពុធ ១៤កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត (គ ក ស ក ) បានដំណើរការកិច្ចប្រជុំសម្របសម្រួលស្តីពី ការអនុវត្តផែនការកិច្ចការពារកុមារខេត្ត ប្រចាំត្រីមាសទី៤ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកជំទាវ ស៊ិន ណម សមាជិកាក្រុមប្រឹក្សាខេត្ត និងជាប្រធាន គ.ក.ស.ក ខេត្ត និងជាប្រធានកិត្តិយសក្រុមការងារកិច្ចការពារកុមារ និងលោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារកិច្ចការពារកុមារថ្នាក់ខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពី លោក លោកស្រី តំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ ប្រធាន គ ក ស ក ក្រុង-ស្រុក អភិបាលរងទទួលបន្ទុកសេវាសង្គម ការិយាល័យសង្គមកិច្ច និងអង្គការដៃគូជាតិ -អន្តរជាតិ សរុបចំនួន ៦០នាក់ ស្រី ៣៤នាក់។

កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិនិត្យមើលលទ្ធភាពនៃការអនុវត្តផែនការកិច្ចការពារកុមារខេត្តរួមមាន​ :​ ការផ្តល់សេវាកិច្ចការពារកុមារ ការគ្រប់គ្រងករណី ការធ្វើសមាហរណកម្ម ការគាំទ្រសមត្ថភាពដល់មន្រ្តីក្រុង-ស្រុក ការទប់ស្កាត់ការបែកចេញពីគ្រួសារ ការទប់ស្កាត់ និងឆ្លើយតបទៅលើអំពើហិង្សាទាំងបីប្រភេទ(ផ្លូវកាយ ផ្លូវចិត្ត និងផ្លូវភេទ) និងស្ថានភាពកុមារប៉ះពាល់ដោយកូវីដ-១៩។

បន្ទាប់ពីការចូលរួមមតិយោបល់​ អង្គកិច្ចប្រជុំ ក៏បានពិនិត្យមើលបន្ថែមអំពីកុមារងាយរងគ្រោះដោយអំពើហិង្សានានាលើកុមារដែលរងប៉ះពាល់ដោយកូវីដ-១៩ កុមារប៉ះពាល់ដោយចំណាកស្រុក និងកុមារដែលបានសមាហរណកម្មទៅរស់នៅក្នុងគ្រួសារតាមឃុំ-សង្កាត់ និងក្រុង-ស្រុកនីមួយៗ ដែលកំពុងត្រូវការការគាំទ្រសេវាកិច្ចការពារកុមារ សេវាសង្គមពីរដ្ឋបាលឃុំ-សង្កាត់ រដ្ឋបាលក្រុង-ស្រុក និងអង្គការដៃគូរនានា៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។