ព័ត៌មានជាតិ

សម្តេចក្រឡាហោម សខេង ៖ច្បាប់ចរាចរណ៍ថ្មីនឹងធ្វើឱ្យអ្នករកការងារធ្វើក្នុងវិស័យដឹកជញ្ជូន និងបើកបរគ្មានការងារធ្វើ បើពួកគេមានសាធារធាតុញៀន

(ភ្នំពេញ) ៖ សម្តេច​ក្រឡា ហោម ស ខេ​ង នាយក​រដ្ឋមន្ត្រី​ស្តីទី​បាន​បញ្ជាក់​ថា នៅ​ពេល​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ដាក់​ដំណើរការ​នឹង​ធ្វើ​ឱ្យ​អ្នក​ស្វែងរក​ការងារ​ធ្វើ​ក្នុង​វិស័យ​ដឹក​ជញ្ជូន និង​ការងារ​ពាក់ព័ន្ធ​នឹង​ការ​បើកបរ​ប្រឈម​មុខ​នឹង​ភាព​គ្មាន​ការងារ​ធ្វើ ប្រសិនបើ​ពួក​គេ​មាន​សា​ធារ​ធាតុ​ញៀ​.​ន​។
ថ្លែង​ក្នុង​ទិវា​អន្តរជាតិ​រំលឹក​ដល់​ជន​រង​គ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១៧ នា​ព្រឹក​ថ្ងៃ​ទី​៧ ធ្នូ នៅ​មុខ​សួនច្បារ​វត្ត​បទុម​វ​តី្ត សម្ដេច​ក្រឡាហោម​បាន​មាន​ប្រសាសន៍​អំពី​ដំណើរការ​តាក់តែង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ថ្មី​។

សម្ដេច​បាន​បញ្ជាក់​ថា ៖ នៅ​ក្នុង​ច្បាប់​ថ្មី​នេះ​បាន​កំណត់​ឱ្យ​អ្នកបើកបរ​ទាំងអស់​ជាប់​កាតព្វកិច្ច​មួយ​ចំនួន ដើម្បី​ធានា​សុវត្ថិភាព​ចរាចរណ៍​ក្នុង​នោះ​មាន​ដូច​ជា​ការ​តម្រូវ​ឱ្យ​មាន​វិញ្ញាបណ្ណបត្រ​បញ្ជាក់​សុខភាព​ថា គ្មាន​សារធាតុ​ញៀ​.​ន​ក្នុង​ខ្លួន សម្រាប់​អ្នក​ដែល​ចង់​ចូល​ធ្វើ​ការងារ​ជា​អ្នក​បើករថយន្ត​មិន​ថា រថយន្ត​ដឹក​អ្នកដំណើរ និង​រថយន្ត​ដឹក​ទំនិញ​។

សម្ដេច​បាន​សង្កត់ធ្ងន់​ថា​៖«​ការ​ដាក់​កាតព្វកិច្ច​បែប​នេះ​នឹង​ធ្វើ​ឱ្យ​អ្នក​ស្វែងរក​ការងារ​ធ្វើ​ក្នុង​វិស័យ​ដឹក​ជញ្ជូន និង​ការងារ​ពាក់ព័ន្ធ​នឹង​ការ​បើកបរ​ប្រឈម​មុខ​នឹង​ភាព​គ្មាន​ការងារ​ធ្វើ ប្រសិនបើ​ពួក​គេ​មាន​សា​ធារ​ធាតុ​ញៀន​»​។

សម្ដេច​បាន​មាន​ប្រសាសន៍​ទៀត​ថា គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​បាន​បង្ក​ផល​ប៉ះពាល់​ជា​ច្រើន ហើយ​អាច​បន្ត​អូស​បន្លាយ និង​មាន​កំណើន ប្រសិនបើ​គ្មាន​ការ​ចូលរួម​អនុវត្ត​ច្បាប់​ពី​សំណាក់​អ្នក​ប្រើប្រាស់​ផ្លូវ និង​ខ្វះ​វិធានការ​ទប់ស្កាត់ និង​បង្កា​គ្រោះថ្នាក់​ប្រកបដោយ​ប្រសិទ្ធភាព​។

សម្ដេច​បន្ថែម​ថា ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវ​គោល​ថ្មី​ដែល​កំណត់​អំពី​ការ​គ្រប់គ្រង​សុវត្ថិភាព​លើ​ផ្លូវ​ល្បឿន​លឿន និង​ការ​ដាក់​កាតព្វកិច្ច​នានា រួម​ទាំង​ផែនការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ជា​បន្តបន្ទាប់ ជា​កិច្ចការ​អាទិភាព​ដែល​ធានា​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅ​កម្ពុជា​។

សម្ដេច​ថា គោលនយោបាយ​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព​ក៏​បាន​កំណត់​យក​បញ្ហា​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នេះ​ជា​អាទិភាព​ដែរ ហើយ​ថា ការងារ​នេះ ទាមទារ​ការ​យកចិត្តទុកដាក់​ពី​អាជ្ញាធរ​មូលដ្ឋាន​។ សម្ដេច​បាន​ទាញ​ការ​កត់​សម្គាល់ថា ជា​មធ្យម​មាន​អ្នក​ស្លា​.​ប់​៤​នាក់ និង​របួស​១១​នាក់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ក្នុង​ចំណោម​ជន​រង​គ្រោះ​ដែល​ភាគច្រើន​បាន​ស្លា​.​ប់ គឺជា​អ្នក​ជិះ​ម៉ូតូ មាន​ដល់​៧៩​ភាគរយ ក្នុង​នោះ​មាន​៧៤​ភាគរយ​មិន​ពាក់មួក​សុវត្ថិភាព​។

សម្ដេច​បន្ត​ថា មូលហេតុ​បង្ក​គ្រោះថ្នាក់​ដែល​បន្ត​មាន​កំណើន រួម​មាន​ដូច​ជា​ការ​បើកបរ​លើស​ល្បឿន មិន​គោរព​សិទ្ធិ​អាទិភាព និង​ការ​បើកបរ​មិន​ប្រកាន់​ស្ដាំ​។ សម្ដេច​បាន​លើក​ឡើង​ថា មួក​សុវត្ថិភាព និង​ខ្សែ​ក្រ​វ៉ា​ត់​សុវត្ថិភាព​រួមចំណែក​ការពារ​សុវត្ថិភាព​ខ្ពស់​ណាស់ នៅ​ពេល​ជួប​ហេតុ​ការ​គ្រោះថ្នាក់​ចរាចរណ៍ ដូច្នេះ​អ្នកបើកបរ និង​អ្នកដំណើរ​តាម​ម៉ូតូ និង​រថយន្ត​ទាំងអស់​មិន​ត្រូវ​ប្រមាថ ឬ​ធ្វេសប្រហែស​ត្រង់​ចំណុច​នេះ​ឡើយ​។

សម្ដេច​ក្រឡាហោម ស ខេ​ង នាយក​រដ្ឋមន្ត្រី​ស្ដីទី​ក៏​បាន​ផ្ដល់​អនុសាសន៍​ឱ្យ​អនុ​គណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​រាជធានី ខេត្ត បង្កើន​ការ​រឹត​បន្តឹង​ច្បាប់​ឱ្យ​កាន់តែ​មឺ​ង​ម៉ាត់ ប្រកបដោយ​តម្លាភាព និង​ស្មើភាព​សំដៅ​កាត់​បន្ថយ​គ្រោះថ្នាក់ ចំនួន​ជន​រង​គ្រោះ និង​បទល្មើស​ចរាចរណ៍​ឱ្យ​បានជា​អតិ​ប្ប​មា និង​ត្រូវ​ខិតខំ​អនុវត្ត​ឱ្យ​បាន​ជោគជ័យ​គោលនយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព​។

សម្ដេច​បាន​ស្នើ​ឱ្យ​ប្រមូលផ្ដុំ​ចាត់វិធានការ​កាត់​បន្ថយ​គ្រោះ​ថ្នាក់លើ​អ្នក​ជិះ​ម៉ូតូ និងរ​យន្ត​ដឹក​កម្មករ​។ សម្ដេច​ក៏​បាន​ណែនាំ​ឱ្យ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​អប់រំ​បណ្ដុះបណ្ដាល ពង្រឹងសមត្ថភាព​វិជ្ជាជីវៈ​មន្ត្រី​អនុវត្ត​ច្បាប់​ស្ដី​ពី​ចារ​ណ៍​ផ្លូវគោក លើក​សរសើរ​អង្គភាព និង​មន្ត្រី​មាន​ស្នាដៃ ព្រមទាំង​ដាក់​វិន័យ​ឱ្យ​បាន​មឺ​ង​ម៉ាត់​លើ​មន្ត្រី​អនុវត្ត​ផ្ទុយ​នឹង​ច្បាប់ ព្រមទាំង​ក្រមសីលធម៌ វិជ្ជាជីវៈ​។

សម្ដេច​ក៏​បាន​ស្នើ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ជំរុញ​ការ​បំពាក់​បរិក្ខា​សុវត្ថិភាព​ចរាចរណ៍​តាម​ដងផ្លូវ ពិសេស​ស្លាក​សញ្ញា​ចរាចរណ៍ និង​កាមេរ៉ា​សុវត្ថិភាព ហើយ​គ្រប់​ក្រសួង ស្ថាប័ន អង្គការ​ជាតិ​អន្តជាតិ សិល្បៈករ គ្រឹះស្ថាន ក្រុមហ៊ុន និង​វិស័យ​ឯកជន ត្រូវ​បន្ត​ចូលរួម​គាំទ្រ​ការ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ស្ដី​ពី​ចារ​ណ៍​ផ្លូវគោក​ឱ្យ​បាន​ទូលំទូលាយ និង​ជាប់​ជា​ប្រចាំ​។

សម្ដេច​ក្រឡាហោម បាន​អំពាវនាវ​ប្រជាពលរដ្ឋ ជា​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំងអស់ ចូលរួម​ថែម​ទៀត​ក្នុង​ការ​គោរព​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ឱ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​ការពារ​អាយុជីវិត​ខ្លួនឯង និង​អ្នក​ដទៃ ព្រមទាំង​លើកកម្ពស់​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូ​របស់​ខ្លួន និង​ប្រទេស​ជាតិ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។