ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារសាខាប្រចាំឆ្នាំ ២០២២ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៣

(ព្រៃវែង) ៖ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារសាខាប្រចាំឆ្នាំ ២០២២ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៣ និងពិធីប្រគល់-ទទួលថវិកាសមាជិកភាព និងថវិកាហឹបសង្រ្គោះ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខា ដែលមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា គណៈកម្មាធិការសាខា ឯកឧត្តម ប្រធានសាលាដំបូង ព្រះរាជអជ្ញាអមសាលាដំបូង នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងសហការី ក្រុមប្រតិបត្តិសាខា សមាជិក សមាជិកាគណៈកម្មាធិការអនុសាខាស្រុក មន្ត្រីប្រចាំការ សរុបអ្នកចូលរួមចំនួន ១៧៤នាក់។

នាឱកាសនោះ ឯកឧត្តមប្រធាន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើរសួរសុខទុក្ខដល់សមាជិក សមាជិកានៃអង្គពិធីពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និង ឯកឧត្តម នាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានកិត្តិយសសាខា។ ឯកឧត្ដម ប្រធានគណៈកម្មាធិការ សាខាខេត្ត បានបន្ថែមទៀតថា ចំពោះការងារមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ក៏ដូចជាអនុសាខាកាកបាទក្រហមម្ពុជា ក្រុង ស្រុក ទាំងអស់ គឺបាននឹងខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការចុះជួយដល់បងប្អូនប្រជាពលរដ្ឋដែលគាត់ជួបទុក្ខលំបាក ជាពិសេសគ្រួសាររងគ្រោះដោយសារគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីធ្វើការឆ្លើយតបនៅបញ្ហា ដែលគាត់ជួបប្រទះនោះបានទាន់ពេលវេលា។

របៀបវារៈនៃកិច្ចប្រជុំមានដូចខាងក្រោម៖
១-របាយការណ៍បូកសរុបលទ្ធផលការងាររយៈពេល ១ឆ្នាំ
២-របាយការណ៍សង្ខេបអំពីចំណូលថវិកាវិភាគទានសមាជិកភាព និងហិបសង្រ្គោះ អនុសាខាក្រុង/ស្រុកទាំង ១៣ និងមន្ទីរអង្គភាពជំវិញខេត្ត
៣-ការចូលរួមមតិយោបល់ពីអនុសាខាក្រុង ស្រុកទាំង ១៣
៤-ពីធីប្រគល់-ទទួលថវិកាវិភាគទានសមាជិកភាព និងហឹបសង្រ្គោះប្រចាំឆ្នាំ២០២២ និងលិខិតថ្លែងអំណរគុណដល់អនុសាខាក្រុង/ស្រុកទាំង ១៣

មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា សូមសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រី ដែលតែងតែយកចិត្តទុកដាក់ក្នុងកិច្ចការងារមនុស្សធម៌ តាមរយៈនៃការចូលរួមនេះ បានបង្ហាញអោយឃើញពីការជឿជាក់ និងមានទំនុកចិត្តមកលើកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៍ប៉ិនប្រសប់ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត
ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា ក៏សូមកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត អនុសាខា ក្រុង ស្រុក ក្រុមប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្ត របស់កាកបាទក្រហមកម្ពុជាទាំងអស់បានចូលរួម ពួតដៃគ្នា យ៉ាងសកម្មក្នុងការខិតខំប្រឹងប្រែងធ្វើការងារមនុស្សធម៌មួយនេះ បានទទួលជោគជ័យ ល្អប្រសើររយៈពេលកន្លងមកនេះ។

ក្នុងពិធីនេះដែរ សាខាខេត្ត បានវាយតម្លៃលទ្ធផលវឌ្ឍនៈភាពការងាររបស់អនុសាខាក្រុង ស្រុកទាំង ១៣ អនុសាខាចំនួន ៣ ដែលជាប់ចំណាត់ថ្នាក់ លេខ១ អនុសាខាស្រុកពាមរក៍ លេខ២ អនុសាខាស្រុកស៊ីធរកណ្តាល លេខ៣ អនុសាខាស្រុកពារាំង។

ក្នុងនោះ សាខា ក៍បានផ្តល់រង្វាន់លើកទឹកចិត្ត និងប័ណ្ណសរសើរដល់អនុសាខាដែលជាប់ចំណាត់ថ្នាក់៖
-លេខ១ ថវិកាចំនួន ៨,០០០,០០០រៀល
-លេខ២ ថវិកាចំនួន ៦,០០០,០០០រៀល
-លេខ៣ ថវិកាចំនួន ៤,០០០,០០០រៀល

សូមបញ្ជាក់ផងដែរថា៖ គិតត្រឹមថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២២ នេះសាខាកាកបាទក្រហមកម្ពុជាបានទទួលថវិកាសមាជិកភាព និងហឹបសង្គ្រោះឆ្នាំ ២០២២ ពីមន្ទីរអង្គភាព អនុសាខា ក្រុង ស្រុក បានចំនួន ១៦០,៩៨៩,១០០រៀល(មួយរយហុកសិបលាន ប្រាំបួនរយប៉ែតសិបប្រាំបួនពាន់មួយរយរៀល)៕

បន្ទាប់ពីកិច្ចប្រជុំបូកសរុបលទ្ធផលការងារសាខាប្រចាំឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៣ ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខា បានបន្តដឹកនាំកិច្ចប្រជុំឆ្លងអនុម័តផែនការសកម្មភាព និងផែនការហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០២៣ ដែលមានការអញ្ចើញចូលរួមពី ឯកឧត្តម ឧកញ៉ា លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា និងមន្រ្តីក្រុមប្រតិបត្តសាខា សរុបចំនួន ២៣នាក់ ស្ត្រី ៧នាក់។សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។