ព័ត៌មានជាតិ

នៅម៉ោង ១០យប់ ថ្ងៃទី១១ធ្នូនេះ​ សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំ​គណៈប្រតិភូ ហោះហើរទៅអឺរ៉ុប

(ភ្នំពេញ) ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា «ម៉ោង ១០យប់នេះ ខ្ញុំនឹងដឹកនាំគណៈប្រតិភូ​កម្ពុជា ទៅអឺរ៉ុប ដើម្បីចូលរួមប្រជុំអាស៊ាន-អឺរ៉ុប នៅបែលហ្សិក និងទស្សនកិច្ចការងារនៅបារាំង»។

សម្តេចតេជោ ហ៊ុន សែន បន្តថា «​ខ្ញុំសូមអរគុណបងប្អូនជនរួមជាតិ ដែលរស់​នៅតាមបណ្តា​ប្រទេស នៅអឺរ៉ុប ដែលបាន​ចេញសារគាំទ្រដំណើររបស់ខ្ញុំ និងត្រៀមមកស្វាគមន៍ខ្ញុំ នៅប្រុចសែល។ ខ្ញុំសង្ឃឹមថា នឹងបានសំណេះសំណាលជាមួយបងប្អូន នៅល្ងាចថ្ងៃ១២ធ្នូ ឆ្នាំ​២០២២ នៅប្រុចសែល តាមការគ្រោងទុក»។

ក្រសួងការបរទេស បានប្រកាសថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅចូលរួម និងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ អាស៊ាន-សហភាពអឺរ៉ុប ដើម្បីអបអរសាទរខួប លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប។ កិច្ចប្រជុំនេះ នឹងធ្វើឡើង នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៊ិក។

ក្រសួងការបរទេស ប្រកាសថា កិច្ចប្រជុំពេញអង្គនៃជំនួបកំពូលរំលឹកខួបនេះ នឹងពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុប នាពេលបច្ចុប្បន្ន និងកំណត់ទិសដៅអនាគត សម្រាប់ទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប។ ថ្នាក់ដឹកនាំ រំពឹងថា នឹងផ្តោតការពិភាក្សាទៅលើវិធី ដើម្បីពង្រឹងសេដ្ឋកិច្ច និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ការផ្លាស់ប្តូរឌីជីថល ការតភ្ជាប់ការធានាបាននូវការផ្លាស់ប្តូរបៃតង ថាមពល និងសន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាព។ ថ្នាក់ដឹកនាំ ក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាការព្រួយបារម្ភ និងការចាប់អារម្មណ៍រួម ផងដែរ។

សេចក្តីប្រកាសបន្តថា អំឡុងពេលនៃកិច្ចប្រជុំកំពូលរំលឹកខួបនេះ ព្រឹត្តិការណ៍អមជាច្រើន នឹងត្រូវបានរៀបចំឡើង រួមមានអាហារថ្ងៃត្រង់តុមូល កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុបលើកទី១០ កិច្ចប្រជុំកំពូលយុវជន អាស៊ាន-សហភាពអឺរ៉ុប និងការអបអរសាទរកិច្ចសហប្រតិបត្តិការប្រជាជនអាស៊ាន-សហភាពអឺរ៉ុប ស្តីពីឧត្តមសិក្សា។

ក្រសួងការបរទេស បន្ថែមថា នៅមុនពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅ​សាធារណរដ្ឋបារាំង។ ឯកឧត្តម អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង នឹងទទួលស្វាគមន៍សម្តេចតេជោនាយករដ្ឋមន្រ្តី នៅវិមានអេលីហ្សេ (Élysée Palace) ហើយនឹងរៀបចំអាហារការងារពេលល្ងាចជាកិត្តិយសជូនសម្តេចតេជោ។

ក្រសួងការបរទេស ប្រកាសថា នៅបារាំង សម្តេចតេជោ ក៏នឹងអញ្ជើញចូលរួមក្នុងសន្និសីទ ស្តីពី ការគាំទ្រភាពធន់នៃប្រជាជនអ៊ុយក្រែន ជួបប្រជុំជាមួយក្រុមប្រឹក្សាសហគ្រាសកម្ពុជា-បារាំង និងជំនួបជាមួយតំណាងក្រុមហ៊ុន Vinci Airport ។

អំឡុងពេលស្នាក់នៅទីក្រុងព្រុចសែល សម្តេចតេជោនាយករដ្ឋមន្ត្រី រំពឹងថា នឹងមានជំនួបពិភាក្សាទ្វេភាគីជាមួយថ្នាក់ដឹកនាំអឺរ៉ុបមួយចំនួន។ សម្តេចតេជោ ក៏នឹងមានកម្មវិធីពិសាអាហារការងាពេលព្រឹក ជាមួយ ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង ឯកឧត្តម ផនខាំ វិផាវ៉ាន់ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏នឹងជួបសំណេះសំណាលជាមួយបងប្អូនជនរួមជាតិខ្មែរ ដែលកំពុងរស់នៅអឺរ៉ុប ផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។