ព័ត៌មាននយោបាយ ព័ត៌មានអន្តរជាតិ

ត្រាំ​ប្រកាស​បញ្ចប់ជីវិត​កម្មវិធី TikTok និង​WeChat លើ​ទឹកដី​អាមេរិក​ហើយ​

អន្តរជាតិ​៖​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ដូ​ណា​ល់​ត្រាំ​ទើបតែ​បាន​ចុះហត្ថលេខា​ក្តៅៗ​ទៅលើ​បទបញ្ជា​ប្រតិបត្តិ​មួយ​ដើម្បី​ហាមឃាត់​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​បៃ​ដេ​នស៍​(ByteDance)​នៅលើ​ទឹកដី​មហាអំណាច​មួយ​នេះ​។​នេះ​បើតាម​ការចេញផ្សាយ ដោយសារ​ព័ត៌មាន BBC​នា​ព្រឹក​ថ្ងៃ​សុក្រ​ទី​៧​ខែសីហា ឆ្នាំ​២០២០​។​

សហរដ្ឋអាមេរិក នឹង​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​បំផុត​ចំពោះ ByteDance ដែលជា​ក្រុមហ៊ុនមេ​របស់ TikTok ដើម្បី​ការពារ​សន្តិសុខ​ជាតិ និង​ទុកពេល ៤៥​ថ្ងៃ ដើម្បី​លក់​កម្មវិធី​នេះ ទៅឱ្យ​ក្រុមហ៊ុន​អាមេរិក បើ​មិន​ដូច្នេះ​ទេ TikTok មិនអាច​បន្ត​ប្រតិបត្តិ​ការខ្លួន​នៅ​អាមេរិក​បាន​ទៀត​ទេ​។​

​ជុំវិញ​បញ្ហា​នេះ​ក្រុមហ៊ុន​TikTok​បាន​ច្រោ​ន​ចោលការ​ចោទប្រកាន់​នឹង​បញ្ជាក់​សាជាថ្មី​ថា​ខ្លួន​មិនបាន​ចែករំលែក​ទិន្នន័យ​អ្នកប្រើប្រាស់​ជាមួយ​រដ្ឋាភិបាល​ចិន​នោះទេ​។​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ រដ្ឋបាល​លោក​ត្រាំ​ក៏បាន​ចាត់វិធានការ​ស្រដៀង​គ្នា​នេះដែរ​ដើម្បី​ហាមឃាត់​កម្មវិធី​WeChat​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ចិន​ធិ​ន​សេន (Tencent)​។​

​លោក​ដូ​ណា​ល់​ត្រាំ​បាន​បញ្ជាក់ថា​ការរីក​រាលដាល​នៃ​កម្មវិធី​ទូរស័ព្ទ​ចល័ត​ដែល​អភិវឌ្ឍ​និង​កាន់កាប់​ដោយ​ក្រុមហ៊ុន​ចិន​នៅ​សហរដ្ឋអាមេរិក​គឺជា​ការគំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​គោលនយោបាយ​ការបរទេស​និង​សេដ្ឋកិច្ច​របស់​អាមេរិក​ផងដែរ​។​លោក​ត្រាំ​បាន​បន្ថែមទៀតថា​នៅក្នុង​របាយការណ៍​មួយ​បាន​បង្ហាញថា ក្រុមហ៊ុន TikTok បាន​ហាមឃាត់​ខ្លឹមសារ ដែលមាន​លក្ខណៈ​នយោបាយ​ដូចជា​ការតវ៉ា​នៅ​ទីក្រុង ហុងកុង និង​ក្រុង​ប៉េកាំង ចំពោះ​បញ្ហា​ជនជាតិ​មូស្លីម​អ៊ុយ​ហ្គ័​រ (Uighurs)​។​

​គួរ​បញ្ជាក់ថា​បច្ចុប្បន្ន​នេះ​ក្រសួង​សន្តិសុខ​ជាតិ​អាមេរិក​រដ្ឋបាល​សន្តិសុខ​ដឹកជញ្ជូន​(TSA)​នៅតាម​អាកាសយានដ្ឋាន​អាមេរិក​និង​យោធា​អាមេរិក​បាន​ហាមឃាត់​TikTok​នៅក្នុង​ទូរស័ព្ទ​របស់​រដ្ឋាភិបាល​រួចមកហើយ​។ ភ្លាមៗ​ប្រទេស​ចិន​មិនទាន់​បញ្ចេញ ប្រតិកម្ម​ណាមួយ​ចំពោះ​ទង្វើ​របស់លោក ដូ​ណា​ល់ ត្រាំ ខាងលើនេះ​នៅឡើយ​ទេ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *