ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្សយ័ ជាជនជាតិចិនចំនួន៧នាក់ ជាបន្តបន្ទាប់​ករណីចាប់បង្ខាំងមនុស្សដោយខុសច្បាប់ ជំរិតទារប្រាក់!

(ព្រះសីហ​នុ) ៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែង​ឱ្យ​ដឹង​នៅថ្ងៃពុធទី​១៤​ ខែធ្នូ​ ឆ្នាំ​២០២២នេះថា៖​ ជនជាតិចិន៧នាក់ និងកាំភ្លើង រួមទាំងវត្ថុតាងជាច្រេីន​ ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ​ ចុះប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងករណីបង្ខាំងមនុស្សដោយខុសច្បាប់ ជំរិតទារប្រាក់ និងកាន់កាប់រក្សាទុកប្រើប្រាស់អាវុធដោយខុសច្បាប់។

ជនសង្ស័យ ០៧នាក់នេះ​រួមមាន​៖​

១៖ ឈ្មោះ LI GANG ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។​

,២៖ ឈ្មោះ LIN EN ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។​

,៣៖ ឈ្មោះ LI YONG BIN ហៅ LI CHUN ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។​

,៤៖ ឈ្មោះ DENG SHENG WEN ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។​

,៥៖ ឈ្មោះ ZHAO YUN FEI ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។

​ ,៦៖ ឈ្មោះ YANG HUI ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។​

និង៧៖ ឈ្មោះ ZHANG SHU ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

លោកអ្នកនាំពាក្យ​រូបនេះ​ បានគូសបញ្ជាក់ថា ប្រតិបត្តិការ​ខាងលេីនេះ​ បានចាប់ផ្តើមបន្ទាប់ពីសមត្ថកិច្ច កាលរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ បានទទួលបណ្តឹងពីនារីជនជាតិចិនម្នាក់ ដែលបានប្តឹងរាយការណ៍តាមរយៈទូរស័ព្ទហតឡាញរបស់ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ថាមិត្តភក្តិរបស់គាត់១នាក់ ភេទប្រុស ជនជាតិចិន ត្រូវបានគេចាប់ជំរិតពីភ្នំពេញ មកខេត្តព្រះសីហនុ ដោយប្រើរថយន្ត០១គ្រឿង ម៉ាក Alphard ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BQ-6785 ដឹកមកខេត្តព្រះសីហនុ។

លោកនាយឧត្តមសេនីយ៍ បានបញ្ជាក់បន្ថែមថា បន្ទាប់ពីទទួលបានបណ្តឹងរាយការណ៍នេះ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង៣៖៣០នាទីរសៀល កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងប៉ុស្តិ៍សង្កាត់លេខ៤ ចុះទៅធ្វើរដ្ឋបាលឆែកឆេរទីតាំងផ្ទះវីឡាមួយកន្លែង ដែលមានទីតាំងនៅក្នុងបុរីប៊ីអេស អូរទី៥ ស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ដែលសង្ស័យថា ជាទីតាំងចាប់បង្ខាំងជនរងគ្រោះ ពេលទៅដល់ឃើញថា ទីតាំងផ្ទះវីឡានោះ បានបើកទ្វារចំហរ បន្ទាប់ពីធ្វើការឆែកឆេរត្រួតឃើញថា ជនសង្ស័យបានគេចខ្លួនបាត់អស់ មុនពេលកម្លាំងសមត្ថកិច្ចទៅដល់ ហើយនៅក្នុងផ្ទះមានសភាពរញ៉េរញ៉ៃ មិនមានមនុស្សនៅទេ។ កម្លាំងសមត្ថកិច្ចក៏បានបន្តការស្រាវជ្រាវ រហូតដល់វេលាម៉ោង១៧៖០០នាទី ទើបដឹងថា ជនសង្ស័យបានជិះរថយន្ត ០១គ្រឿង ម៉ាក Alphard ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BS-9866 គេចចេញទីតាំងកើតហេតុ ទៅសង្ងំលាក់ខ្លួននៅសណ្ឋាគារ ហឺលី ដែលមានទីតាំងស្ថិតនៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ។

លោករដ្ឋលេខាធិការ​ បានថ្លែង​បន្តថា ដោយមានការចូលរួមសហការពីម្ចាស់សណ្ឋាគារ ហឺលី កម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ ០១នាក់ ភេទប្រុស ជនជាតិចិន នៅក្នុងបន្ទប់សណ្ឋាគារខាងលើ និងរកឃើញវត្ថុតាងអាវុធខ្លី០២ដើម ,ខ្នោះដៃ ,ដំបងឆក់ ,ស្ព្រាយឧស្ម័នបង្ហូរទឹកភ្នែក ,ស្កុតរុំ និងសម្ភារផ្សេងៗមួយចំនួន។

ដោយមានការបង្ហើបឱ្យដឹងពីជនសង្ស័យខាងលើនេះ កម្លាំងសមត្ថកិច្ចបានបន្តការស្រាវជ្រាវរហូតដល់វេលាម៉ោង ១៨៖៤០នាទី ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន០៥នាក់ ភេទប្រុស ជនជាតិចិន បន្ថែមទៀត នៅចំណុចសណ្ឋាគារ លិថាងលិងឆឹង មានទីតាំងស្ថិតនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

លោក​នាយឧត្តមសេនីយ៍​ បានបញ្ជាក់ថា បន្ទាប់ពីទទួលបានតំរុយថា បក្ខពួកជនសង្ស័យបានបើករថយន្ត ០១គ្រឿង ម៉ាក Alphard ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BQ-6785 (មធ្យោបាយធ្វើសកម្មភាពចាប់ជនរងគ្រោះ) ទៅចតទុកចោលនៅចំណុច ក្រុមទី៩ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ កម្លាំងជំនាញ បានចុះទៅធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ១៦ ទើបចាប់ខ្លួនបានជនសង្ស័យ ០១នាក់ ភេទប្រុស ជនជាតិចិន បន្ថែមទៀត ដោយជនសង្ស័យសង្ងំលាក់ខ្លួនក្នុងបន្ទប់ជួលមួយកន្លែង នៅចំណុចក្រុមទី៩ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ហើយជនសង្ស័យនេះគឺជាអ្នកដែលបានបើករថយន្ត ០១គ្រឿង ម៉ាក Alphard ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BQ-6785 (មធ្យោបាយធ្វើសកម្មភាពចាប់ជនរងគ្រោះ) មកចតទុកចោលនៅម្តុំទីតាំងខាងលើ។

ចំណែកសម្ភារវត្ថុតាងចាប់យកបានរួមមាន៖

* អាវុធខ្លី ០២ដើម៖

១៖ ម៉ាក SIGSAUER P320SP ពណ៌ខ្មៅ មានលេខៈ 58C281703

២៖ ម៉ាក ZORAKI M 906-TD ពណ៌ទឹកប្រាក់-ខ្មៅ មានលេខៈ 000353

* ខ្នោះដៃ ០៥គូរ

* សោរខ្នោះ ០៤

* ស្រោមខ្នោះ ០១

* ដំបងឆក់ ០៥គ្រឿង

* ស្ព្រាយឧស្ម័នបង្ហូរទឹកភ្នែក ០៣ដប

* ស្កុតរុំ ០២ដុំ

* លិខិតឆ្លងដែន ០២ក្បាល

* រថយន្ត០២គ្រឿង៖

១៖ ម៉ាក Alphard ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BQ-6785

២៖ ម៉ាក Alphard ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BS-9866។

គួរបញ្ជាក់ថា​ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៧នាក់​ រួម​ទាំង​វត្ថុតាង​ ត្រូវ​បានបញ្ជូនខ្លូនទៅកាន់​ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល​ ដេីម្បី​បន្តនីតិវិធី​ និងស្រាវជ្រាវ​ស្វែងរកជនរងគ្រោះ និងជនសង្ស័យដែលនៅសេសសល់ផងដែរ៕សហការី

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។