ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួង​សាធារណការ៖បច្ចុប្បន្នមានយានយន្ត១៧១ពាន់គ្រឿង មិនទាន់ឆៀក ខណៈប័ណ្ណបើកបរហួសសុពលភាពមាន២៩១ពាន់ប័ណ្ណ

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​មាន​យានយន្ត​១៧១​ពាន់​គ្រឿង​មិន​ទាន់​ឆៀក ខណៈ​ប័ណ្ណបើកបរ​២៩១​ពាន់​ប័​ណ្ឌ​បាន​ហួស​សុពលភាព ដូច្នេះ​សូម​អំពាវនាវ​ឲ្យ​ម្ចាស់​យានយន្ត​ក៏​ដូច​ជា ម្ចាស់​កាន់​ប័ណ្ណបើកបរ​អញ្ជើញ​បន្ត​សុពលភាព និង​យក​យានយន្ត​ទៅ​ឆៀក​។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​មណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​(​ឆៀក​) ផ្សារ​ដី​ហុយ នា​ព្រឹក​ថ្ងៃ​ទី​២០ ធ្នូ ឆ្នាំ​២០២២ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​យានយន្ត​ហើយ​មិន​ទាន់​ឆៀក​ត្រូវ​យក​មក​ឆៀក​ឲ្យ​ទាន់​ពេលវេលា​។

ឯកឧត្តម​បាន​បញ្ជាក់​ថា​៖«​ខ្ញុំ​សូម​ជម្រាប​ថា ឥលូវ​នេះ​ខ្ញុំ​មាន​ឡាន​១​លាន​គ្រឿង​ដែល​ក្នុង​នោះ​មាន​១៧១​ពាន់​គ្រឿង​មិន​បាន​មក​ឆៀក​ទាន់​ពេលវេលា​(​ផុត​សុពលភាព​)​។​ចំពោះ​ប័ណ្ណបើកបរ​វិញ បច្ចុប្បន្ន​មាន​ប័ណ្ណបើកបរ​ចំនួន​១​លាន​៨​សែន​ប័ណ្ណ ប៉ុន្តែ​បើកបរ​ហួស​សុពលភាព​មាន​២៩១​ពាន់​ប័ណ្ណ ដូច្នេះ​ខ្ញុំ​សូម​យក​ឱកាស​នេះ​អំពាវនាវ​ដល់​អ្នក​កាន់​ប័ណ្ណបើកបរ​ហួស​សុពលភាព​មក​បន្ត​របស់​ខ្លួន ដើម្បី​គោរព​ច្បាប់​ទាំងអស់​គ្នា​»​។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ទៀត​ថា ក្នុង​មួយ​ឆ្នាំ​រាជរដ្ឋាភិបាល​បាន​ខាតបង់​ថវិកា​អស់​ជាង​៤៥០​លាន​ដុល្លារ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​។​ដូច្នេះ​យើង​ត្រូវ​រួម​គ្នា​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​។

ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម​ថា ពី​ដើម​ឡើង​ប្រជាជន​កម្ពុជា​ភាព​ច្រើន​បាន​បាត់បង់​អាយុជីវិត​ដោយសារ​គ្រា​.​ប់​បែក​ដែល​បន្សល់​ពី​សម័យ​សង្គ្រាម និង​បន្ទាប់​មក​ដោយសារ​ជំងឺអេដស៍ និង​បន្ទាប់​មក គឺ​គ្រោះថ្នាក់​ចរាចរណ៍​។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​គ្រោះថ្នាក់​ដោយសារ​គ្រា​.​ប់​មីន​បាន​ថយ ដោយសារ​ជំងឺអេដស៍​ក៏​ថយ ប៉ុន្តែ​ការ​គ្រោះថ្នាក់​ដោយសារ​ចរាចរណ៍​មានការ​កើនឡើង​។

ឯកឧត្តម​ស៊ុន ចាន់​ថុ​ល ក៏​បាន​លើក​ឡើង​ថា ក្នុង​មួយ​ឆ្នាំ​ៗ​ក្រសួង​បាន​ទទួល​ថវិកា​ពី​សេវា​សាធារណៈ គឺ​ប្រមាណ​២​លាន​ដុល្លារ​សហរដ្ឋអាមេរិក និង​ទទួល​បាន​ថវិកា​ពី​ការ​ដាក់​ដំណើរការ​តាម​ប្រព័ន្ធ​អន​ឡាញ​ក្នុង​មួយ​ឆ្នាំ​ៗ​ទទួល​បាន​៤០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។

ការ​ដាក់​ប្រព័ន្ធ​ឆៀក​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ​ក៏​មាន​ភាព​ងាយស្រួល ក្នុង​ការ​ប្រមូល​ថវិកា​ចូលរ​ជាតិ​ផង​ដែរ​។​ទាក់ទិន​នឹង​ការ​យានយន្ត​ដែល​ហួស​សុពលភាព​នៃ​ការ​ធ្វើ​ឆៀក​នឹង​ត្រូវ​ផាកពិន័យ គឺ​ក្នុង​មួយ​ថ្ងៃ​ផាកពិន័យ​ប្រាក់​៥០០​រៀល ដែល​ថវិកា​ផាកពិន័យ​នេះ​ចូល​ក្នុង​ថវិកាជាតិ​៕សហការី

default

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។