ព័ត៌មានជាតិ

សំណុំរឿង​ឆបោក​ប្រាក់​អនិកជន​ខ្មែរ​នៅ​អា​មេ​រិ​ក​ជាង​១៦​ម៉ឺន​ដុល្លារ ​​ឃាត់ខ្លួន​អ្នក​ពាក់​ព័ន្ធ!

(ព្រៃវែង) ៖ ស្ត្រី​មេម៉ាយ​ម្នាក់​ឈ្មោះ ស៊ី​ម ដា​វី អាយុ​៤១​ឆ្នាំ ដែល​ជា​អាជីវករ​លក់​គ្រឿងទេស​នៅ​ផ្សារ​លាត់ ក្នុង​ឃុំ​ទឹកថ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង បាន​រៀបរាប់​ផង​ស្រែកយំ​ផង ស្នើ​សុំ​អោយ​ប្រមុខ​រាជរដ្ឋាភិបាល និង​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ជួយ​រក​យុត្តិធម៌​អោយ​រូប​គាត់​ផង ដោយ​អះអាង​ថា ​រូប​គាត់​រកស៊ី​លក់ដូរ​បន្តិចបន្តួច​នៅ​ក្នុងផ្ទះ មិន​ដែល​ទាំង​ចេញ​ក្រៅ​ផ្ទះ​ផង សុខ​ៗ​ស្រាប់តែ​មាន​ដីកា​ពី​តុលាការខេត្ត​បាត់ដំបង មក​អោយ​រូប​គាត់​ចូល​ទៅ​បំភ្លឺ​ពី​បទ​ឆបោក​ទាំង​ដែល​រូប​គាត់​មិនដឹង​រឿង​អី​សោះ ហើយ​ក៏​មិនដឹង​មិន​ស្គាល់​អ្នក​ប្តឹង​ដែរ ព្រោះ​គាត់​លក់ដូរ​នៅ​តែ​ក្នុងផ្ទះ​មិន​ដែល​ចេញ​ក្រៅ​ផ្ទះ​ផង ​។

លោកស្រី ស៊ី​ម ដា​វី បាន​បន្ត​ទៀត​ថា ដីកា​​របស់​តុលាការខេត្ត​បាត់ដំបង​ចេញ​ដោយ​លោក​ចៅក្រម​ស៊ើបសួរ គឹ​ម ហេង បាន​កោះហៅ​លោកស្រី​ចំនួន​២​ដង​ហើយ គឺ​លើក​ទី​១ ​អោយ​ចូល​ទៅ​បំភ្លឺ​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២២​ វិច្ឆិកា និង​លើក​ទី​២ នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២០ ​ធ្នូ​ ២០២២ ប៉ុន្តែ​ទាំង​២​លើក​នេះ ​លោកស្រី​មិន​បាន​ចូល​ទៅ​បំភ្លឺ​ទេ ដោយ​អោយ​មេធាវី​ចូល​ទៅ​ជំនួស ព្រោះ​មេធាវី​ប្រាប់​ថា បើ​លោកស្រី​ចូល​ទៅ​បំភ្លឺ​គេ​នឹង​ចាប់ខ្លួន​លោកស្រី​ហើយ​ ។

ប៉ុន្តែ​ដោយ​មិន​អស់ចិត្ត​នៅ​សុខ​ៗ ​មាន​គេ​ប្តឹង​ក្នុង​ករណី​ឆបោក​បែប​នេះ លោកស្រី ស៊ី​ម ដា​វី ក៏​បាន​ពឹង​មេធាវី​របស់​ខ្លួន អោយ​ជួយ​ស្រាវជ្រាវ​ឯកសារ​ពាក់​ព​ន្ធ័​ពី​ខាង​តុលាការខេត្ត​បាត់ដំបង ទីបំផុត​​ទើប​ដឹង​ថា ដើមបណ្តឹង​គឺជា​អនិកជន​ខ្មែរ​នៅ​អា​មេ​រិ​ក ហើយ​ជន​ត្រូវ​ប្តឹង​មិនមែន​រូប​គាត់​ទេ គឺ​គេ​ប្តឹង​អ្នក​ផ្សេង ប៉ុន្តែ​រក​ជនសង្ស័យ​មិនឃើញ​ចាប់​មិន​បាន ក៏​ស្រាវជ្រាវ​តាម​រយៈ​លេខ​ទូរ​សព្ទ័​ពី​ក្រុមហ៊ុន​ឃើញ​អត្តសញ្ញាណ​ប​ណ្ណ័​របស់​គាត់ ទើប​តុលាការ​ចេញ​ដីការ​កោះហៅ​គាត់​តែ​ម្តង​ទៅ​។

លោកស្រី ស៊ី​ម ដា​វី បាន​បញ្ជាក់​ថា យោង​តាម​ឯកសារ​ពាក្យបណ្តឹង​ដែល​ប្តឹង​ចូល​តុលាការខេត្ត​បាត់ដំបង ដើមបណ្តឹង​គឺជា​ស្ត្រី​ម្នាក់​ឈ្មោះ ផា​ន បូ​ផា អាយុ​៣៩​ឆ្នាំ រស់នៅ​សហរដ្ឋអាមេរិក បាន​ប្តឹង​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ទ្រី សុ​វ​ណ្ណា​រាជ ថា ​បាន​ឆបោក​យក​លុយ​របស់​ខ្លួន​ជា​បន្តបន្ទាប់​សរុប​អស់​ចំនួន​១៦១.៦១៧​ដុល្លារ ដោយ​ប្រើប្រាស់​ពាក្យលួងលោម​សុំ​ខ្ចី​យក​មក​ដោះស្រាយ​បញ្ហា​ក្នុង​គ្រួសារ ។

ប៉ុន្តែ​ក្រោយ​ពី​ដក​លុយ​យក​បានជា​បន្តបន្ទាប់​ហើយ ចុង​ក្រោយ​ស្រាប់តែ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ទ្រី សុ​វ​ណ្ណា​រាជ ទាក់ទង​លែង​បាន​ឆាត​លែង​ចូល ទើប​លោកស្រី ផា​ន បូ​ផា ដឹង​ថា​ត្រូវ​គេ​បោក ក៏​ធ្វើ​ដំណើរ​​ពី​អា​មេ​រិ​កមក​ដល់​ស្រុក​ខ្មែរ​ស្រាវជ្រាវ​រក​ឃើញ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ទ្រី សុ​វ​ណ្ណា​រាជ ជា​ម្ចាស់​ភោជនីយដ្ឋាន ឈូក នៅ​ក្រុង​បាត់ដំបង ហើយ​ក៏​ប្តឹង​ចូល​តុលាការ​ចាប់​ឃាត់ខ្លួន​ម្ចាស់​ភោជនីយដ្ឋាន​នោះ​តែ​ម្តង ​។

ចំណែក​លុយ​ទាំងអស់​ដែល​ផ្ញើ​មក ក្រុម​ជន​ឆបោក​បាន​ទៅ​បើក​យក​ចំនួន​៣៦​លើក ក្នុង​នោះ​បើក​តាម​ក្រុមហ៊ុន វេស​ធើ​ន​ញូ​នៀ​ន ៣៣​លើក ស្មើនឹង​ទឹកប្រាក់​ចំនួន​១៤៨៦១៧​ដុល្លារ អ្នក​ទៅ​បើក​មាន​ចំនួន​៣​នាក់ គឺ​ឈ្មោះ សេង សុ​គ​ន្ធី ឈ្មោះ ទេព ភី​រុណ និង​ឈ្មោះ គង់ វុ​ទ្ធា ហើយ​បើក​តាម​ភ្នាក់ងារ​វី​ង​បញ្ជរ សេង សុ​គ​ន្ធី នៅ​ភ្នំពេញ​ចំនួន​៣​លើក ស្មើនឹង​ទឹកប្រាក់​ចំនួន​១.៣០០០​ដុល្លារ​។

ដោយឡែក យោង​តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ សេង សុ​គ​ន្ធី ភេទ​ស្រី អាយុ​៣២​ឆ្នាំ ដែល​ជា​ម្ចាស់​បញ្ជរ​វី​ង នៅ​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ដែល​ប្តឹង​ចូល​ឩ​ត្តម​សេនីយ​ឯក ជា ពៅ អគ្គស្នងការ​រង​នគរបាល​ជាតិ បាន​អះអាង​ថា លុយ​ទាំងនោះ​គឺ​ខ្លួន​មិន​បាន​ដក​យក​ដោយ​ខ្លួនឯង​នោះ​ទេ គឺ​ខ្លួន​បាន​ដក​អោយ​យាយ​តា​២​នាក់ ដែល​មិន​បាន​ស្គាល់ឈ្មោះ​និង​អា​ស័​យ​ដ្ឋា​ន តាម​រយៈ​លេខ​ទូរ​សព្ទ័​ចំនួន​៤​ខ្សែ គឺ​លេខ ០១៦ ៧៩៩៩៨៣ លេខ ០៩៦៣១៣០៧៤១ លេខ ០៩៦៣៣០៧៤១១ និង​លេខ ០៩៦៣៧៨៩៧៦ ( ក្នុង​បណ្តឹង​បាត់​១​លេខ) ​។

យាយ​តា​២​នាក់​នោះ​បាន​មក​ដក​លុយ​ជា​បន្តបន្ទាប់ ដោយ​ប្រាប់​ថា​លុយ​នោះ​គឺ​បងប្អូន​ផ្ញើ​មក
​ពី​ស្រុក​ក្រៅ យក​ទៅ​ព្យាបាល​បងប្អូន​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ដោយ
​ឃើញ​យាយ​តា​ចាស់​ៗ​ហើយ បងប្អូន​ក៏​ឈឺ​សង្គ្រោះ​បន្ទាន់​ទៀត ម្ចាស់​បញ្ជរ​វី​ង​អាណិត​ក៏​ប្រើ​អត្ត​សញ្ញាណ​​​ប​ណ្ណ័​ខ្លួនឯង ដក​លុយ​អោយរ​ហូត ។ លុះ​មក​ដល់​ថ្ងៃ​ទី​១៤​ខែតុលា ស្រាប់តែ​ទទួល​បាន​ព​ត៌​មាន​ថា យាយ​តា​ទាំង​២​នោះ​ជា​ជន​ឆបោក​ទើប​ហួសចិត្ត តែ​មិនដឹង​ទៅ​តាម​រក​នៅឯណា ទើប​ប្តឹង​តាម​រយៈ​លេខ​ទូរ​សព្ទ័​ដែល​តា​យាយ​ទាំង​២​យក​មក​ប្រើ​ក្នុង​ការ​ដក​លុយ​តែ​ម្តង​ទៅ​។

ប៉ុន្តែ​ក្នុង​ចំណោម​លេខ​ទូរ​សព្ទ័​ទាំង​៤​ខ្សែ​នោះ មាន​លេខ​១​ខ្សែ គឺ​លេខ ០១៦៧៩៩៩៨៣ ប្រើ​អត្ត​សញ្ញាណ​ប​ណ្ណ័​ឈ្មោះ ស៊ី​ម ដា​វី ភេទ​ស្រី មាន​ទីលំនៅ​ក្នុងភូមិ​ឬ​ស្សី​ទ្វា ឃុំ​ទឹកថ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ជា​អ្នកបញ្ជា​ទិញ​ពី​ក្រុមហ៊ុន ទើប​តុលាការខេត្ត​បាត់ដំបង​លោក គឹ​ម ហេង ចៅក្រម​ស៊ើបសួរ​ចេញ​ដីការ​អោយឈ្មោះ ស៊ី​ម ដា​វី ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​តែ​ម្តង​។ ដោយឡែក​ខាង​លោកស្រី ស៊ី​ម ដា​វី វិញ​នៅ​ពេល​ទទួល​បាន​ដីការ​កោះហៅ​អោយ​ចូលខ្លួន​នេះ គឺ​មានការ​ភ័យ​តក់​ស្លុត​ជា​ខ្លាំង ព្រោះ​មិនដឹង​រឿង​អី​សោះ សុខ​ៗ​ស្រាប់តែ​តុលាការ​កោះហៅ​អោយ​ចូលខ្លួន​រឿង​ករណី​ឆបោក ហើយ​តុលាការ​នៅ​ឯ​ខេត្តបាត់ដំបង​ដែល​គាត់​មិន​ដែល​ស្គាល់​សោះ​។

លោកស្រី ស៊ី​ម ដា​វី បាន​បញ្ជាក់​ថា រឿង​លេខ​ទូរ​សព្ទ័​ដែល​ប្រើប្រាស់​អត្តសញ្ញាណ​ប​ណ្ណ័​លោកស្រី​យក​ទៅ​ទិញ​នោះ លោកស្រី​មិនដឹង​ទេ មិនដឹង​គេ​យក​អត្តសញ្ញាណ​ប​ណ្ណ័​នោះ​ពី​ណា​មក​ទេ ហើយ​លោកស្រី​ក៏​មិន​ដែល​ស្គាល់​ក្រុម​ជន​ឆបោក​ទាំង​អស់នោះ​ដែរ ប៉ុន្តែ​កាលពី​៣​ទៅ​៤​ឆ្នាំ​មុន លោកស្រី​ធ្លាប់​បាន​ធ្វើ​ជា​តំណាង​ចែកចាយ​ក្រុមហ៊ុន​អន​ឡាញ​លក់​ផលិតផល​បំប៉ន​សុខភាព និង​ផលិតផល​រក្សា​សម្រស់ អោយ​ក្រុមហ៊ុន​៣​ទៅ​៤​ក្រុមហ៊ុន ហើយ​ពេល​ដាក់​ពាក្យ​ស្នើ​សុំ​ចូល​ជា​តំណាង​ចែក​ចាយ ក្រុមហ៊ុន​ទាំងនោះ​សុទ្ធតែ​ទាមទារ​អោយ​លោកស្រី​ផ្ញើ​អត្តសញ្ញាណ​ប​ណ្ណ័​អោយ​គេ​ទាំងអស់​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។