ព័ត៌មានជាតិ

អគ្គិសនីតង់ស្យុងខ្ពស់ដែលមានអានុភាព​ ២៣០គីឡូវ៉ុលត្រូវបានក្រុមការងារចុះពិនិត្យគោលដៅដែលត្រូវសាងសង់គ្រឹះបង្គោល ដេីម្បីបញ្ជូនអគ្គិសនីនេះពីរោងចក្រដុតធ្យូងថ្មនៅខេត្តឧត្តរមានជ័យ

(សៀមរាប) ÷នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ លោក​ ង៉ាន់ ភិរុណ អភិបាលរងខេត្ត និងជាតំណាង​​ឯកឧត្ដម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំ​ក្រុម​ការងារ​ជំនាញ​​ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងបរិស្ថាន តំណាងអគ្គីសនីកម្ពុជា លោកអភិបាលស្រុក ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ មេឃុំ និងតំណាងក្រុមហ៊ុនសាងសង់ ដើម្បីចុះពិនិត្យកន្លែងសាងសង់គ្រឹះបង្គោល អូសខ្សែបញ្ជូនអគ្គិសនី និងកាប់​សម្អាត​ដើម​ឈើ​​​​តាម​បណ្តោយ​គន្លងខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល។

សូមបញ្ជាក់ថា​ អគ្គិសនីតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល​នេះ​ គឺផលិតពីរោងចក្រអគ្គិសនីដុត​ធ្យូង​ថ្ម​​​នៅ​​ខេត្តឧត្តរមានជ័យ មកអនុស្ថានីយអគ្គីសនីសៀមរាប​ ដែលស្ថិតក្នុងភូមិសាស្រ្ត​ខេត្តឧត្តមានជ័យនិងខេត្តសៀមរាប ហេីយឆ្លងកាត់ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព គ្រប់គ្រងដោយក្រសួងបរិស្ថាន។

ជាមួយនឹងការចុះអនុវត្តកាប់មែកឈេីតាមគន្លងខ្សែតង់ស្យុងនេះ​ ក្រុមការងារបានពិនិត្យលើអត្តសញ្ញាណរបស់កម្មករ ប្រើប្រាស់​ម៉ាស៊ីនរណារយន្ត លេខរណារយន្ត គ្រឿងចក្រ និងរថយន្តដែលត្រូវបម្រើការកាត់ឆ្ការដើមឈើ​តាមបណ្តោយគន្លងខែ្សបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់​ដែលមានប្រវែងសរុប​ ១៣៥គីឡូម៉ែត្រ ដោយមានទទឹង៣០ម៉ែត្រ ដែលបានប្រគល់គម្រោងនេះជូនក្រុមហ៊ុន Pestech (Cambodia) PLC,ជាអ្នកអនុវត្ត៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។