ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានទទួលជួបសម្តែងការគួរសមជាមួយ ឯកអគ្គរាជទូតប្រ៊ុយណេប្រចាំនៅកម្ពុជា

(ភ្នំពេញ) ៖នារសៀលថ្ងៃព្រហស្បតិ៍ ០៧កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា បានទទួលឯកឧត្តម Pengiran Kasmirhan Pengiran Tahir ឯកអគ្គរាជទូតប្រ៊ុយណេប្រចាំនៅព្រះរាជាណាចក្រកម្ពុជាចូលជួបសម្ដែងការគួរសម។

កម្ពុជានិងប្រ៊ុយណេមានទំនាក់ទងល្អនឹងគ្នាយ៉ាងខ្លាំងក្នុងវិស័យពាណិជ្ជកម្មកសិកម្ម ដោយកន្លងមកកម្ពុជាបានផ្គត់ផ្គង់អង្ករទៅប្រទេសប៊ុយណេ ហើយបន្តពង្រីកបន្ថែមទៀតតាមឆន្ទៈនយោបាយនៃថ្នាក់ដឹកនាំកំពូលរបស់ប្រទេសទាំងពីរ។ ក្នុងជំនួបនេះ ឯកឧត្តម បានឯកភាពគ្នាក្នុងការពិនិត្យលទ្ធភាពនាំចេញកសិផលខ្មែរដទៃទៀតដូចជា គ្រាប់ស្វាយចន្ទី ម្រេច និងផ្លែស្វាយជាដើម ទៅកាន់ទីផ្សារប្រទេសប្រ៊ុយណេ ហើយនឹងនាំចូលមកវិញនូវផលិតផលជីអ៊ុយរ៉េដែលមានគុណភាពនិងអាចមានតម្លៃសមរម្យមកផ្គត់ផ្គង់ឱ្យកសិករកម្ពុជា។

នេះជាកិច្ចសហប្រតិបត្តិការឈ្នះ ឈ្នះ ដែលមិនត្រឹមតែអាចរឹតចំណងការទូតរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធប៉ុណ្ណោះទេ តែថែមទាំងផ្ដល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរក្នុងវិស័យកសិកម្ម និងធុរកិច្ចផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។