ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង ៖ មុនចូលរួមប្រកួត ឬហ្វឹកហាត់ កីឡាករ-កីឡាការិនី របស់ក្រសួងមហាផ្ទៃ ត្រូវធ្វើតេស្ដរកសារធាតុញៀនជាមុនសិន

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ មានប្រសាសន៍បញ្ជាក់ថា មុនចូលរួមការប្រកួត ឬហ្វឹកហាត់ កីឡាករ-កីឡាការិនី របស់ក្រសួងមហាផ្ទៃទាំងអស់ ត្រូវតែធ្វើតេស្ដរកសារធាតុញៀនជាមុនសិន ដោយមិនអាចខានបានឡើយ។

នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ ប្រតិភូ ប្រតិភូរង គ្រូបង្វឹក និងកីឡាករ-កីឡាការិនី នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង បានណែនាំដល់កីឡាករ-កីឡាការិនី របស់ក្រសួងមហាផ្ទៃទាំងអស់ ត្រូវជៀសវៀងឱ្យបានដាច់ខាតការប្រើប្រាស់គ្រឿងញៀន។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា «ចាប់ពីថ្ងៃនេះតទៅ សូមក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ត្រូវចាត់ទុកការធ្វើតេស្ដគ្រឿងញៀន ជាការចាំបាច់ មិនអាចខានបាន។ កាលណាយើងខកខានមិនបានធ្វើតេស្ដសារធាតុញៀន គឺមិនទាន់មានសិទ្ធិចូលរួមប្រកួតប្រជែងបានទេ។ អញ្ចឹងមុនចូលរួមប្រកួត ចាំបាច់ត្រូវតែមានការបញ្ជាក់អំពីការធ្វើតេស្ដសារធាតុញៀនជាមុនសិន បើអវិជ្ជមាន បានអនុញ្ញាតឱ្យចូលប្រកួត និងហ្វឹកហាត់ ប៉ុន្ដែបើវិជ្ជមាន គឺមិនអនុញ្ញាតឡើយ ហើយក៏មិនអនុញ្ញាតឱ្យនៅក្នុងកីឡាក្រសួងមហាផ្ទៃផងដែរ»។

លើសពីនេះទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំដល់ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ឱ្យយកចិត្តទុកដាក់លើប្រភេទកីឡាមានឧត្តមភាព ហើយជាមួយគ្នានេះ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដែលទទួលជួយប្រភេទកីឡានីមួយៗ ត្រូវបង្កើនការគាំទ្រឱ្យបានកក់ក្ដៅ ដើម្បីអភិវឌ្ឍន៍ប្រភេទកីឡាទាំងនោះ ឱ្យកាន់តែមានការរីកចម្រើន។

ជាងនេះទៅទៀត សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានសន្យាថា នឹងពិនិត្យលទ្ធភាព ដើម្បីផ្ដល់ក្របខណ្ឌមន្រ្តីរាជការ ពិសេសក្របខណ្ឌនគរបាលជាតិ ដល់កីឡាករ កីឡាការិនី ដោយជាបឋមនឹងផ្ដល់អាទិភាពលើកីឡាករ និងកីឡាការិនីដែលមានស្នាដៃដណ្ដើមបានមេដាយមាស ប្រាក់ និងសំរិទ្ធ។ សម្ដេចក្រឡាហោម បានណែនាំបន្ថែមឱ្យកីឡាករ កីឡាការិនី បន្តខិតខំប្រឹងប្រែងដើម្បីទទួលបានឱកាសអភិវឌ្ឍន៍ខ្លួន៕

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។