ព័ត៌មានជាតិ

ទណ្ឌិតជនជាតិវៀតណាមម្នាក់ស្លាប់នៅបន្ទប់ព្យាបាលអ្នកទោស អគារ(ខ) នៃមន្ទីរពេទ្យខេត្តស្វាយរៀងដោយជំងឺមហារីក!

(ស្វាយរៀង) ៖ ទណ្ឌិតជនជាតិវៀតណាមម្នាក់ជាប់ចោទ
ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន បានស្លាប់នៅបន្ទប់ព្យាបាលអ្នកទោស អគារ(ខ) នៃមន្ទីរពេទ្យខេត្តស្វាយរៀងដោយជំងឺមហារីក។

យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថាទណ្ឌិតដែលស្លាប់មានឈ្មោះ ឡេ យ៉ាំងគួ ភេទប្រុស អាយុ៦៦ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅមុនពេលចាប់ខ្លួន ភូមិកោះត្រាច ឃុំថ្មី ស្រុកកំពុងរោទ៍ ខេត្តស្វាយរៀង ។

ប្រភពបន្តថាដោយបច្ចុប្បន្នជាប់ឃុំនៅក្នុងបន្ទប់លេខ១៤ អគារប៉ុស្ដិ៍សុខភាព នៃពន្ធនាគារខេត្តស្វាយរៀង ចាប់ខ្លួនកាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ជាប់ឃុំថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

ប្រភពបញ្ជាក់ទៀតថានៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង៩និង៣០ នាទី ព្រឹកសមត្ថកិច្ចបានទទួលរបាយការណ៍ពីលោក ទិត្យ សុីថា អនុប្រធាន ពន្ធនាគារខេត្តស្វាយរៀងថា កាលពីវេលាម៉ោង០៦និង៥០នាទីព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ មានទណ្ឌិតឈ្មោះ ឡេ យ៉ាំងគួ បានស្លាប់នៅបន្ទប់ព្យាបាលអ្នកទោស អគារ(ខ) នៃមន្ទីរពេទ្យខេត្តស្វាយរៀង ។

ក្រោយពីទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង សហការជាមួយកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ការិយាល័យនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ សហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងនិងពន្ធនាគារខេត្តស្វាយរៀង លោកវេជ្ជបណ្ឌិត សុវណ្ណ រដ្ឋា គ្រូពេទ្យព្យាបាលនៃមន្ទីរពេទ្យខេត្ត និងជាគណៈកម្មការកោសល្យវិច័យនៃមន្ទីរសុខាភិបាលខេត្ត ដោយមានការសម្របសម្រួលពីលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះពិនិត្យសាកសពនៅបន្ទប់ព្យាបាលអ្នកទោស អគារ(ខ) នៃមន្ទីរពេទ្យខេត្តស្វាយរៀង ។

ដោយជាលទ្ធផលនៃការពិនិត្យ សាកសពមានសភាពស្គមស្គាំងផ្នែកក្បាល មានស្នាមដំបៅនៅចង្ការទំហំ១០ស.មx៥ស.មហើយបានធ្វើការការសន្និដ្ឋាន ទណ្ឌិតខាងលើបានស្លាប់ដោយសារជំងឺមហារីក។

ក្រោយពីសមត្ថកិច្ចពិនិត្យចប់សព្វគ្រប់ បានប្រគល់សាកសពជូនលោក ទិត្យ ស៊ីថា អនុប្រធានពន្ធនាគារខេត្ត ដើម្បីរង់ចាំប្រគល់ឲ្យ ក្រុមគ្រួសារ សាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។