ព័ត៌មានជាតិ

អង្គភាពអ្នកសារព័ត៌មានជាង១០០ស្ថាប័នធ្វើលិខិតស្នើសុំ សម្តេចតេជោ ហ៊ុន សែន ជួយអន្តរាគមន៍ឲ្យមានការអនុគ្រោះលើកលែងពន្ធ

(ភ្នំពេញ) ៖  ចេញផ្សាយនាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ អង្គភាពអ្នកសារព័ត៌មានប្រមាណ១០៣ស្ថាប័ន ក្នុងនោះតាមរយៈសមាគមអ្នកសារព័ត៌មានកម្ពុជា-អាស៊ានចំនួន ៦៣ស្ថាប័ន បានធ្វើលិខិតគោរពចូល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្នើសុំជួយអន្តរាគមន៍ទៅក្រសួងពាក់ព័ន្ធ និងអគ្គនាយកដ្ឋានពន្ធដារ ឲ្យមានការអនុគ្រោះលើកលែងពន្ធ ចំពោះអាជ្ញាប័ណ្ណកាសែត និងសារព័ត៌មានអនឡាញ ដែលកំពុងប្រកបវិជ្ជាជីវៈក្នុងព្រះរាជាណាចក្រកម្ពុជា។

ខ្លឹមសារនៃលិខិតបានបញ្ជាក់ថា បច្ចុប្បន្នស្ថាប័នកាសែត និងសារព័ត៌មានអនឡាញភាគច្រើនដែលកំពុងប្រកបវិជ្ជាជីវៈក្នុងព្រះរាជាណាចក្រកម្ពុជា គឺធ្វើការជួយសង្គមដោយស្ម័គ្រចិត្ត គ្មានប្រាក់បៀវត្ស និងពុំមានប្រាក់ចំណូលពីការធ្វើអាជីវកម្មរបស់ខ្លួនឡើយ សូម្បីស្ថាប័នមួយចំនួនពុំមានលទ្ធភាពចុះបញ្ជីពាណិជ្ជកម្មផង ឯស្ថាប័នខ្លះដែលបានចុះបញ្ជីរួច គ្មានលទ្ធភាពបង់ពន្ធអាជីវកម្ម (ពន្ធប៉ាតង់) ចំនួន ៤០,០០០,០រៀលក្នុងមួយឆ្នាំ ជាហេតុធ្វើឲ្យជួបផលវិបាកជាខ្លាំង ប៉ុន្តែយើងខ្ញុំទាំងអស់គ្នាមានឆន្ទៈយ៉ាងមោះមុត ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការសហការ និងអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមម្លប់នៃសន្តិភាព និងក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។