ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន អញ្ជើញជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សដែលប្រលងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១-២០២២ នៅស្រុកតំបែរ

(ត្បូងឃ្មុំ) ៖នៅព្រឹកថ្ងៃសុក្រ ៧រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានអញ្ជើញជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សដែលប្រលងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១-២០២២ នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងមានការចូលរួមពីតំណាងរដ្ឋបាលខេត្ត ស្រុក និងឃុំ សរុបប្រមាណ ជាង៥០០នាក់។
ឆ្លៀតក្នុងឱកាសនៃពិធីសំណេះសំណាល ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូ បានមានមតិ និងការផ្តាំផ្ញើដូចតទៅ:
១. សូមអបអរសាទរដល់សិស្សានុសិស្ស ដែលបានទទួលជ័យលាភីប្រលងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១-២០២២
២. ថ្លែងអំណរគុណដល់លោកគ្រូ និងអ្នកគ្រូ ដែលបានខិតខំបំពេញភារកិច្ចខ្លួនក្នុងការងារអប់រំ
៣. សូមសិស្សានុសិស្សជំនាន់ក្រោយ បន្តវេនក្នុងការរក្សាសុខសន្តិភាព និងចូលរួមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិអោយមានភាពរីកចំរើន
៤. ត្រូវសិក្សាស្វែងយល់ពីទស្សនវិស័យរបស់ខ្លួន ដើម្បីសម្រេចចិត្តអោយច្បាស់ក្នុងការចាប់យកមុខវិជ្ជា និងជំនាញទៅតាមលទ្ធភាពរបស់ខ្លួនក្នុងដំណាក់កាលបន្ត
៥. ត្រូវរៀនធ្វើការជាលក្ខណៈសមូហភាព ហើយមានការទទួលខុសត្រូវ
៦. ព្យាយាមអាន និងស្រាវជ្រាវពីឯកសារពាក់ព័ន្ធនានាអោយបានច្រើនដែលជួយបង្កើនចំណេះដឹងដល់ការសិក្សា
៧. គួរឧស្សាហ៍តាមដានពីការវិវត្តសេដ្ឋកិច្ច និងនិន្នការថ្មីៗ ដែលផ្តល់ឱកាសថ្មីៗបន្ថែមទៀតដល់ខ្លួនឯង
៨. ត្រូវចេះស្វែងយល់ពីការពិតនូវរាល់ហេតុការណ៍ដែលបានជួបប្រទះ ជៀសវាងធ្វើការសន្និដ្ឋានដោយមិនបានគិតពិចារណាគ្រប់ជ្រុងជ្រោយ ដែលជាហេតុធ្វើអោយមានការសម្រេចចិត្តខុស
៩. ព្យាយាមសម្របខ្លួនទៅតាមស្ថានភាព ជាពិសេសនៅអំឡុងពេលសិក្សាបន្ត ក៏ដូចជាពេលចូលបំពេញការងារនៅពេលខាងមុខ
១០. សូមក្មួយៗសិស្សានុសិស្សខិតខំរៀនសូត្រ យកចិត្តដាក់ និងរៀបចំខ្លួនអោយល្អដើម្បីក្លាយខ្លួនជាទំពាំងស្នងឬស្សី ព្រមទាំងលើកកិត្តិយសជូនក្រុមគ្រួសារ និងប្រទេសជាតិ។
ជាមួយនឹងការអបអរសាទរនេះ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូ និងក្រុមការងារបាននាំយកនូវថវិកា ឧបត្ថម្ភជូនចំពោះ មន្រ្តីការិយាល័យអប់រំស្រុក លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សដែលប្រលងជាប់ អាជ្ញាធរឃុំនិងស្រុកដែលបានចូលរួម សរុបចំនួន ៥១,៩លានរៀល។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។