ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ អ្នកសារព័ត៌មាន ត្រូវផ្សព្វផ្សាយព័ត៌មានដែលពិត កុំប្រឌិតកំហុសដាក់អ្នកដទៃ

(ភ្នំពេញ) ៖ក្នុងពិធីជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយបងប្អូនអ្នកសារព័ត៌មានលើកទី៥ ប្រមាណជិត៥,០០០នាក់ ដែលធ្វើឡើងនៅសាលពិព័ណ៌កោះពេជ្រ នាល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវពាក្យស្លោកថ្មីមួយទៀតគឺ «អ្នកសារព័ត៌មាន ត្រូវផ្សព្វផ្សាយព័ត៌មានដែលពិត កុំប្រឌិតកំហុសដាក់អ្នកដទៃ» ដើម្បីលើកកម្ពស់នូវការផ្សាយព័ត៌មានពិត និងលុបបំបាត់ការផ្សាយព័ត៌មានក្លែងក្លាយ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្នុងជំនួបជាមួយអ្នកសារព័ត៌មានកាលពីលើកមុន សម្តេចបានដាក់ពាក្យស្លោកមួយហើយគឺ «អ្នកសារព័ត៌មាន កុំបំពានអ្នកដទៃ កុំបំភ្លៃកាពិត» ចំណែកនៅឆ្នាំនេះ សម្តេចបានដាក់ពាក្យស្លោកមួយទៀត គឺ «អ្នកសារព័ត៌មាន ត្រូវផ្សព្វផ្សាយព័ត៌មានដែលពិត កុំប្រឌិតកំហុសដាក់អ្នកដទៃ» ដែលការដាក់នូវពាក្យស្លោកនេះ ដោយសារតែកន្លងមក មានសាររព័ត៌មានមួយចំនួន ឬក្រុមប្រឆាំង តែងតែផ្សាយនូវព័ត៌មានប្រឌិត ដើម្បីបំភ្លៃឬវាយប្រហារសម្តេច។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យពលរដ្ឋ និងស្ថាប័នសារព័ត៌មានបន្តចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ខណៈបច្ចុប្បន្ននេះ តំណាងសារព័ត៌មានរបស់កម្ពុជា ក៏មាននៅក្នុងក្របខណ្ឌស្ថាប័នជាតិអាស៊ាន ដែលតម្រូវឱ្យស្ថាប័នព័ត៌មានរបស់កម្ពុជាធ្វើការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយឱ្យកាន់តែសកម្មថែមទៀត ព្រោះព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយជាផ្នែកចិត្តសាស្រ្ត ដែលធ្វើឱ្យសង្គមមានភាពចលាចល អស្ថេរភាពនយោបាយ អសន្តិសុខសង្គម និងកើតមានអរិយភាពជាមួយបរទេស៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។