ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងកសិកម្ម និងគណប្រតិភូអមដំណើរ ទស្សនកិច្ចនៅវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណប្រតិភូអមដំណើរ ទស្សនកិច្ចនៅវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជាស្ថិតនៅក្នុង ឃុំជីរោរិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ក្នុងពិធីទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញចូលរួមស្ដាប់បទបង្ហាញអំពីការបង្កាត់ពូជកៅស៊ូ ការជ្រើសរើសក្លូន (Clone) និងផលិតកម្មដំណាំកៅស៊ូ ដែលមានលក្ខណៈខុសៗគ្នា។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានធ្វើការសាកល្បងចៀរជ័រកៅស៊ូដោយផ្ទាល់ដើម្បីមើលលំហូរជ័រ ហើយបានណែនាំឱ្យធ្វើការសិក្សាពីផលិតកម្ម ដំណើរការដាំដុះកៅស៊ូ ការរំញោចនៃប្រភេទពូជនីមួយៗ ជាពិសេសប្រសិទ្ធភាពនៃដំណាំគម្របដី និងជីនៅចន្លោះដើមកៅស៊ូ។ មួយវិញទៀត ត្រូវពិនិត្យមើលលើលទ្ធផលចៀរជ័រប្រចាំឆ្នាំ តម្លៃទីផ្សារ និងគិតគូរពីកំលាំងពលកម្មផងដែរ។

ជាកិច្ចបន្ទាប់ ឯកឧត្តម បានចូលពិនិត្យក្នុងមន្ទីរពិសោធន៍ ដើម្បីពិនិត្យមើលការវិភាគជ័រកៅស៊ូជាក់ស្តែង ការពិនិត្យសមត្ថភាពកៅស៊ូ និងការបែងចែកចំណាត់ថ្នាក់កៅស៊ូ ហើយក្នុងនោះដែរ ឯកឧត្តម បានណែនាំឱ្យធ្វើការអភិរក្សចំការកៅស៊ូជប់ ដែលនៅសល់ប្រមាណ៤៧៧ដើមតាំងពីឆ្នាំ១៩២៤ ដោយឱ្យជំនាញធ្វើការរៀបចំ ថែរក្សាទុក និងដាក់ស្លាកលេខសម្គាល់លើដើមកៅស៊ូនីមួយៗ។ ជាមួយគ្នានេះដែរ ត្រូវធ្វើពូជថ្មីសម្រាប់កសិករ ដាំដុះ ហើយត្រូវយកចិត្តដាក់លើការពិសោធន៍ជ័ររាវ ព្រោះមានសារសំខាន់ ដែលធ្វើឱ្យយើងដឹងពីប្រសិទ្ធភាពនៃដើមកៅស៊ូ។ បន្ថែមពីនេះទៀត ឯកឧត្តម ក៏បានលើកទឹកចិត្តឱ្យមានការសរសេរអត្ថបទកៅស៊ូថ្មី ដែលមានលក្ខណៈបែបវិទ្យាសាស្ត្រ។

សូមជម្រាបជូនថា គោលបំណងនៃទស្សនកិច្ចនេះ គឺដើម្បីស្វែងយល់ពីស្ថានភាពមូលដ្ឋាន និងការកាត់បន្ថយថ្លៃដើម តាមរយៈការបង្កើតពូជថ្មីមានទិន្នផលខ្ពស់ ធន់នឹងជំងឺ ការរក្សានូវគុណភាពដី និងកាត់បន្ថយនូវការចំណាយផ្សេងៗក្នុងផលិតកម្ម ដោយវិធីសាស្ត្រ No till planter ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។