ព័ត៌មានជាតិ

ខេត្តតាកែវ ជាខេត្តមួយផលិតពងទាកូនធំជាងគេ ក្នុងការផ្គត់ផ្គង់ទៅកាន់ទីផ្សាររាជធានី/ខេត្ត ទូទាំងប្រទេស

(ខេត្តតាកែវ) ÷យោងតាមរបាយការណ៍ពិស្តាររបស់មន្ទីរ កាលពីថ្ងៃទី១៨ ខែធ្នូ បានឲ្យដឹងថាឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ គឺជាឃុំមួយមានបងប្អូនប្រជាកសិករជាច្រើនគ្រួសារនិយមចូលចិត្តចិញ្ចឹមទា និងភ្ញាស់ពងទា ជាលក្ខណៈប្រពៃណី តៗគ្នាមក ដោយចាត់ទុកថាអាចជួយបង្កើនប្រាក់ចំណូល ក្នុងជីវភាពគ្រួសាររបស់ពួកគាត់បានយ៉ាងល្អប្រសើរ។ លោក សូត សុផល និងភរិយា នូ សាវឿន មានកូនប្រុស ០៣នាក់ រស់នៅភូមិសាមគ្គី ឃុំស្រែរនោងបានឲ្យដឹងថា៖ គ្រួសារលោកបានចាប់ផ្តើមប្រកបរបរទិញលក់ពងទា និងកូនទានៅឆ្នាំ២០០៣ ដោយរដូវវស្សាដឹកកូនទាលក់ នៅរដូវប្រាំងស៊ីឈ្នួលដឹកពងទា អាចរកចំណូលបានត្រឹមតែ ៥០០ ០០០-៦០០ ០០០រ/ខែ។ ឆ្នាំ២០០៧ លោកចាប់ផ្តើមបង្កើតឡភ្ញាស់អង្កាមចំនួន១ អាចដាក់ពងភ្ញាស់បានចំនួន១ ២០០គ្រាប់ ក្នុងរយៈពេល ៤ថ្ងៃ ហើយទទួលបានចំណូល ២ ០០០ ០០០-៣ ០០០ ០០០រ/ខែ។ ដោយពិនិត្យឃើញថារបរនេះមានចំណូលខ្ពស់ និងមានទីផ្សារច្រើន ពិសេសទីផ្សារនៅរាជធានីភ្នំពេញ គ្រួសារលោកបានបង្កើនការភ្ញាស់ពីមួយឆ្នាំទៅមួយឆ្នាំ។ រហូតដល់ឆ្នាំ២០១៦ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជា មួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានបើវគ្គបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមទា យកពង និងវិធីសាស្រ្តភ្ញាស់ពងទាដោយប្រើភ្លើងអគ្គិសនី។ ទទួលបានបទពិសោធន៍ លោកចាប់ ផ្តើមប្រើឡភ្ញាស់ពងទាដោយប្រើអគ្គិសនី ដែលអាចដាក់ពងទាភ្ញាស់បានចំនួន ៩ ០០០ គ្រាប់ ក្នុងរយ:ពេល ៤ថ្ងៃ។ ពីមួយជំហានទៅមួយជំហាន ភាពជោគជ័យកាន់តែល្អប្រសើរឡើង រហូតមកទល់បច្ចុប្បន្ន លោកមានឡភ្ញាស់ពងទាចំនួន២ ដែលអាចដាក់ពងភ្ញាស់បានចំនួន ៣០០ ០០០គ្រាប់/ខែ។ គាត់អាចលក់ផលិតផលចេញជា ៣ប្រភេទ ៖
– ពងទា ៦០ ០០០គ្រាប់/ខែ (៥០០-៥៥០រ/គ្រាប់) = ៣១ ៥០០ ០០០រ
– ពងទាកូន ៧៥ ០០០គ្រាប់/ខែ (៥០០-៦០០រ/គ្រាប់) = ៤១ ២៥០ ០០០រ
– កូនទា ១២ ០០០-១៥ ០០០ក្ប/ខែ(១៨០០-២០០០រ/ក្ប)= ២៥ ៦៥០ ០០០រ

ចំណូលដែលទទួលបានពីអាជីវកម្មនេះប្រមាណ ៩ ០០០ ០០០-១២ ០០០ ០០០រៀល/ខែ។ លោកបានបញ្ចាក់បន្ថែមថាក្នុងបរិបទនៃការរាលដាលជាសកលជំងឺឆ្លងកូវីដ-១៩ នេះមានអ្នកភូមិជាច្រើនមិនបានទៅរកការងារខាងក្រៅ ហើយងាកមកចាប់យករបរចិញ្ចឹមទាវិញ។ ដូចនេះ វាជាឱកាសដ៏ល្អមួយសម្រាប់គាត់ធ្វើការពង្រីកអាជីវកម្មនេះបន្ថែមទៀត ដោយជ្រើសរើសយកអ្នកភូមិដែលគ្មានការងារធ្វើមកចូលរួមធ្វើការជាមួយលោក។ ដោយសារមានពលកម្មគ្រប់គ្រាន់ សព្វថ្ងៃគាត់អាចលក់ពងទាកូនបានចំនួន ៨០ ០០០-១០០ ០០០គ្រាប់/ថ្ងៃ ទីផ្សារធំបំផុតគឺរាជធានីភ្នំពេញ។ បច្ចុប្បន្ននៅទូទាំងឃុំ មានឡភ្ញាស់ពងទាកូនចំនួន២៧ និងមានអ្នកចិញ្ចឹមទាហ្វូងចំនួន ៥៦គ្រូសារ ក្នុងនោះមានឡភ្ញាស់ដោយប្រើអង្កាមចំនួន១២ និងឡភ្ញាស់ដោយប្រើចរន្តអគ្គីសនីចំនួន១៥ ហើយពួកគាត់ក៏បានចងក្រងជាសមាគមអាជីវកម្មភ្ញាស់ពងទាកូនស្រែរនោង រួចហើយដែរ។ សព្វថ្ងៃនេះគិតជាមធ្យមឃុំស្រែរនោងទាំងមូល អាចផ្គត់ផ្គង់ពងទាកូនឲ្យទីផ្សារបានចំនួន ២០០ ០០០គ្រាប់/ថ្ងៃ (ជ្រកក្រោមម្លប់ឈើត្រូវនឹកដល់អ្នកដាំ ផឹកទឹកអណ្តូងត្រូវនឹកដល់អ្នកជីក បរិភោគពងទាកូនត្រូវនឹកដល់ឃុំស្រែរនោង)។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។