ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រីកសិកម្ម អញ្ជើញចុះពិនិត្យ និងពង្រឹងការងារអភិរក្សផ្សោតទន្លេមេគង្គ នៅខេត្តក្រចេះ

(ក្រចេះ) ៖នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមរដ្ឋមន្រ្តី និងសហការីបានបន្តដំណើរមកខេត្តក្រចេះ ដើម្បីសំណេះសំណាល និងលើកទឹកចិត្តមន្ត្រីជលផល និងឆ្មាំទន្លេ ព្រមទាំងបានជិះទូកចុះស្វែងយល់ការងារអភិរក្សសត្វផ្សោតទន្លេមេគង្គនៅតាមចំណុចស្នាក់ការល្បាតសំខាន់ៗនៅព្រែកកាំពី និងតំបន់ជុំវិញ។

នាក្នុងឱការនេះ ឯកឧត្តមសូមកោតសរសើរឆន្ទៈដ៏មោះមុតរបស់មន្ត្រីជលផល និងឆ្មាំទន្លេទាំងអស់ ក្នុងការបំពេញភារកិច្ចអភិរក្សសត្វផ្សោតទន្លេមេគង្គដែលជារតនសម្បត្តិរបស់ជាតិ និងសូមវាយតម្លៃខ្ពស់ ចំពោះការចូលរួមសហការល្អពីអង្គការ WWF ដែលបាននិងកំពុងផ្តល់ការជួយគាំទ្រទាំងបច្ចេកទេស និងសម្ភារមួយចំនួនដល់ការងារអភរិក្សសត្វផ្សោត។

ក្នុងនោះដែរ ឯកឧត្តម បានស្នើឱ្យខណ្ឌរដ្ឋបាលជលផលពង្រឹងការងារអប់រំ ណែនាំ និងហាមឃាត់ប្រជានេសាទកុំឱ្យចូលទៅនេសាទនៅតំបន់ស្នូលដែលជាទីតាំងសត្វផ្សោតរស់នៅ និងផ្លាស់ទី ហើយក្រសួងនឹងខិតខំរកដៃគូអភិវឌ្ឍមកជួយបង្វែរមុខរបរបងប្អូនប្រជានេសាទដែលរងផលប៉ះពាល់ពីការនេសាទដែលមានហានិភ័យដល់សត្វផ្សោតទៅប្រកបមុខរបរផ្សេងវិញ។ លើសពីនេះ ឯកឧត្តរដ្ឋមន្រ្តីក៏បានស្នើសុំឱ្យអាជ្ញាធរខេត្តផ្តល់កិច្ចសហការពេញលេញក្នុងការកំណត់អត្តសញ្ញាណជនល្មើស និងការអនុវត្តច្បាប់ដោយម៉ឺងម៉ាត់លើអ្នកមិនរាងចាល។

ដើម្បីជួយពង្រឹង និងបង្កើនប្រសិទ្ធភាពការងារល្បាត ការបង្រ្កាបបទល្មើសនេសាទ ជាពិសេសការអភិរក្សសត្វផ្សោត ឯកឧត្តមបានផ្តល់សម្ភារៈចាំបាច់មួយចំនួនដូចជា ហ្វាភ្លើងគុណភាពខ្ពស់ កែវយឹតសម្រាប់មើលពេលយប់ ម៉ាស៊ីនទូកល្បឿនលឿន និងប្រេងឥន្ទន:ដល់មន្ត្រីជលផល និងឆ្មាំទន្លេ ហើយក្រសួងនឹងពិនិត្យលទ្ធភាពទិញដ្រូនពីបរទេសដើម្បីបង្ហោះតាមឃ្លាំមើលសកម្មភាពល្មើស និងបង្កើនប្រសិទ្ធភាពល្បាតរបស់ឆ្មាំទន្លេផងដែរ។ ចំណែកឯរដ្ឋបាលខេត្តនឹងជួយតម្លើងប្រព័ន្ធវិទ្យុទាក់ទងដើម្បីក្រុមឆ្មាំទន្លេងាយស្រួលក្នុងការប្រាស្រ័យទាក់ទងគ្នា៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។