ព័ត៌មានជាតិ

រដ្ធមន្ដ្រីកសិកម្ម និងសហការី អញ្ជើញមកពិនិត្យ និងវាយតម្លៃលើវឌ្ឃនភាពរបស់ក្រុមហ៊ុន ចំនួន០៤

(កំពង់ស្ពឺ) ÷យោងតាមកម្មវិធីសម្រាប់ព្រឹកថ្ងៃសៅរ៍ ៥កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អមដំណើរជាមួយដោយឯកឧត្តម វ៉ី សំណាង អភិបាលនៃគណអភិបាលខេត្តកំពង់ស្ពឺ និងសហការី អញ្ជើញមកពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពរបស់ក្រុមហ៊ុនចំនួន ០៤ ដែលកំពុងត្រៀមលក្ខណសម្បត្តិលើការងារបច្ចេកទេសបានត្រឹមត្រូវឆ្លើយតបតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់នាំចេញស្វាយកែវរមៀតស្រស់ពីកម្ពុជាទៅកាន់សាធារណរដ្ឋប្រជាមានិតចិន។ ក្រុមហ៊ុនទាំងនោះគឺ៖


ទី១- ក្រុមហ៊ុន Green Centric Farm Co., Ltd
ទី២- ក្រុមហ៊ុន បឹងកេត ហ្វេសហ៊្រូត ឯ.ក
ទី៣- ក្រុមហ៊ុន Long Wo Agriculture (Cambodia) និង
ទី៤- ក្រុមហ៊ុន បាមីន អេហ្គ្រីខលឈ័រ ហាយ-ថេក ឌីវេឡុបមិន ឯ.ក ។

កម្មវិធីទី១៖
អញ្ជើញមកពិនិត្យចម្ការស្វាយកែវរមៀតរបស់ក្រុមហ៊ុន Green Centric Farm Co., Ltd ស្ថិត នៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ លោក សឿង សុខឃាង អ្នកគ្រប់គ្រងទូទៅបានឲ្យដឹងថា ចម្ការបានចាប់ផ្តើមរៀបចំនៅឆ្នាំ២០១០ បច្ចុប្បន្នមានផ្ទៃដី ២៧០ហ.ត មានស្វាយចំនួនជាង ៤៦ ៣៥៦ ដើម និងចំនួនជាង ៣០០០ហ.ត ទៀតបានចុះកិច្ចសន្យាជាមួយប្រជាកសិករនៅក្នុងតំបន់នេះ។ ក្រុមហ៊ុនបានសាងសង់ បន្ទប់ត្រជាក់ ឃ្លាំងត្រជាក់ បន្ទប់សម្ងួតត្រជាក់។ល។ កន្លងមកក្រុមហ៊ុនបានផលិតជាដំណាប់ស្វាយធម្មជាតិ (១៣% ស្ករ) ការ៉េមស្វាយ និងលក់ផលិតផលស្រស់សម្រាប់តែទីផ្សារក្នុងស្រុក។ ប្រើកម្មករ ៥០នាក់ សម្រាប់មើលថែទាំចម្ការ កែច្នៃ និងវេចខ្ចប់ស្វាយ។ សរុបមក ក្រុមហ៊ុនបានត្រៀមលក្ខណសម្បត្តិរួចរាល់ដើម្បីធ្វើការនាំចេញទៅកាន់ទីផ្សារចិន នាពេលអនាគត។ ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះឆន្ទ:វិនិយោគរបស់ជនជាតិកូរ៉េ ពីរនាក់ប្តីប្រពន្ធដែលមានអាយុ ៩០ឆ្នាំហើយ សម្រេចទទួលបានលទ្ធផលល្អប្រសើរលើការងារ បច្ចេកទេស ឆ្លើយតបតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ប្រទេសចិន។ ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថាផលិតផលស្វាយរបស់ក្រុមហ៊ុននឹងមានឱកាសបង្ហាញខ្លួននៅលើទីផ្សារចិននាពេលឆាប់ៗខាងមុខ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។