ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា នៅខេត្តព្រៃវែង

(ព្រៃវែង) ៖ នាព្រឹកថ្ងៃអាទិត្យ ១៥កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា នៅខេត្តព្រៃវែង ។

ឯកឧត្តម ស្បោង សារ៉ាត់ ប្រធានគណៈកម្មាធិការគណបក្ស ខេត្តព្រៃវែង បានរាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គពីធី អំពីវឌ្ឍនភាពការងារគណបក្ស ពិសេសការកសាងកម្លាំងគាំទ្រនៅមូលដ្ឋាន ក្នុងដំណើរឈានឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា។ ជាមួយគ្នានោះដែរ ឯកឧត្តម ជា សុមេធី អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត បានអានសេចក្ដីសម្រេចមហាសន្និបាតវិសាមញ្ញគណបក្ស។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សខេត្តព្រៃវែង ព្រមទាំងសមាជិកសមាជិការគណបក្ស ដែលបានខិតខំបំពេញតួនាទី និងភារកិច្ចបម្រើជាតិ និងប្រជាជនយ៉ាងល្អ ធ្វើឱ្យគណបក្ស និងរាជរដ្ឋាភិបាលបន្តទទួលបានការគាំទ្រ និងចូលរួមពីប្រជាពលរដ្ឋ ក្នុងការអនុវត្តគោលនយោបាយនានា។

នាឱកាសនោះដែរ សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា រាល់ខ្លឹមសារនៃឯកសារនានា ដែលគណបក្សបានសម្រេចអនុម័តក្នុងមហាសន្និបាតវិសាមញ្ញកាលពីពេលថ្មីៗ និងត្រូវបានយកមកផ្សព្វផ្សាយជាបន្តបន្ទាប់នេះ ត្រូវការចំណុចសំខាន់មួយធំបំផុតមួយ គឺការឈ្នះឆ្នោត នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដើម្បីគណបក្ស និងរាជរដ្ឋាភិបាលមានលទ្ធភាពយកខ្លឹមសារទាំងនេះទៅអនុវត្តជាក់ស្ដែង នាំមកនូវវឌ្ឍនភាពថ្មីៗបន្ថែមទៀតជូនជាតិ និងប្រជាជន។

សម្ដេចក្រឡាហោម ស ខេង បានក៏ផ្ដល់ទស្សនាទានជូនអង្គពិធីដែរ អំពីសភាពការណ៍អន្តរជាតិ និងបានមានប្រសាសន៍ដែរថា ទន្ទឹមគ្នានឹងបញ្ហាប្រឈមនៃសភាពការណ៍តំបន់ និងអន្តរជាតិនោះ នៅក្នុងប្រទេសឯណេះវិញ ក្រុមប្រឆាំងជ្រុលនិយមនៅតែបន្តធ្វើសកម្មភាពញ៉ុះញង់ អុចអាល បំប៉ោង បំភ្លៃការពិតក្នុងសង្គម ប៉ុនប៉ងបង្កឱ្យមានចលាចល និងអស្ថិតរភាពក្នុងសង្គម ដើម្បីបម្រើមហិច្ចតាផ្ដូលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។

សម្ដេចក្រឡាហោមបន្តថា ទោះបីមានការប្រឈមទាំងក្រៅ និងក្នុងប្រទេសដូចលើកឡើង រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោជាប្រមុខ បានបន្តរក្សាបានសុខសន្តិភាព និងស្ថិរភាពជាតិ សម្រេចបានវឌ្ឍនភាពការងារជាតិជាច្រើន ដូចជាការគ្រប់គ្រងជំងឺកូវីដ-១៩ ការបើកសកម្មភាពសេដ្ឋកិច្ច និងសង្គម ឡើងវិញ ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងការដាក់ចេញគោលនយោបាយជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋដោយសារវិបត្តិកូវីដ-១៩ និងឥទ្ធិពលសង្គ្រាមខាងក្រៅប្រទេសជាដើ។

ពីវេទិកានោះដែរ សម្ដេចក្រឡាហោម ស ខេង បានបង្ហាញក្ដីសង្ឃឹមថា ថ្នាក់ដឹកនាំ និងសមាជិក សមាជិការក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង គណៈកម្មាធិការគណបក្សខេត្តព្រៃវែង និងបណ្ដាយន្តការគណបក្សផ្សេងទៀត នឹងបន្តរួមគ្នាខិតខំបម្រើប្រជាពលរដ្ឋ ក្នុងនោះរួមទាំងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីចូលរួមធានាស្ថិរភាពសង្គម ពិសេសខិតខំធ្វើយ៉ាងណាសម្រេចឱ្យបានជោគជ័យជាបន្តទៀត ការបោះឆ្នោតឆ្នាំ២០២៣ និងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមជាដើម៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។