ព័ត៌មានជាតិ

ឯកឧត្តមរដ្ធមន្ដ្រី ឌិត ទីណា អញ្ជើញទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា

(ភ្នំពេញ) ៖នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា

ក្នុងជំនួបពិភាក្សាការងារនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះការស្វែងរកកិច្ចសហការភាពជាដៃគូរវាងប្រទេសទាំងពីរ និងត្រូវមាននូវអនុស្សារណនៃការយោគយល់ (MOU) ជាមួយដៃគូសម្រាប់ការអនុវត្តការងារឱ្យបានរលូន និងតាមទិសដៅដែលបានគ្រោងទុក។ ជាមួយគ្នានេះដែរ ឯកឧត្តម បានលើកឡើងអំពីបញ្ហាចំនួននៃអ្នកនេសាទនៅតំបន់ទន្លេមេគង្គ និងទន្លេសាប ដែលត្រូវធ្វើការកាត់បន្ថយជំនួសដោយការប្រកបរបរផ្សេងៗដែលសមស្រប ដើម្បីបង្កើនបរិមាណត្រីផ្សោត ដែលជាប្រភេទសត្វកម្រ ។

លើសពីនេះទៀត ឯកឧត្តម បានលើកឡើងអំពីយុទ្ធសាស្ត្រភាពជាដៃគូក្នុងការអភិវឌ្ឍវិស័យកសិកម្ម ដែលតម្រូវឱ្យមានការចូលរួមពីវិស័យឯកជនលើការវិនិយោគ សំដៅជំរុញកំណើនផលិតកម្មកសិកម្មប្រកបដោយគុណភាព ដែលអាចធ្វើការប្រកួតប្រជែងជាមួយប្រទេសជិតខាងដូចជាថៃ និងវៀតណាម ព្រោះកម្ពុជាត្រូវការទីផ្សារ និងការនាំចេញផលិតផលកសិកម្មបន្ថែមទៀត។ ទន្ទឹមនឹងនេះដែរ ឯកឧត្តម ក៏បានស្នើភាគីស្ថានទូតអង់គ្លេសឱ្យពិនិត្យលទ្ធភាពដោយក្រសួងត្រូវការគ្រូភាសាអង់គ្លេស ពិសេសលើជំនាញកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

សូមជម្រាបផងដែរថា គោលបំណងនៃជំនួបពិភាក្សានេះ គឺដើម្បីសម្តែងការគួរសម និងពិភាក្សាលើការងារអាទិភាពរបស់ក្រសួងនិងការងារអាទិភាពរបស់ស្ថានទូតអង់គ្លេស ការធ្វើបច្ចុប្បន្នភាពលើកម្មវិធីបម្រែបម្រួលអាកាសធាតុនិងមូលនិធិជីវចម្រុះទេសភាព (Biodiverse Landscapes Fund) របស់ស្ថានទូតអង់គ្លេស និងឱកាសក្នុងការជួយជ្រោមជ្រែងដល់វិស័យណាមួយរបស់ក្រសួង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។