ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញជួបសំណេះសំណាល និង បំពាក់ឯកសណ្ឋានដល់ប្រជប្រជាការក្នុងក្រុងកំពង់ចាម

(កំពង់ចាម) ៖នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ចាម បានអញ្ជើញ ជួបសំណេះសំណាល និងបំពាក់ឯកសណ្ឋានដល់ប្រជាការពារ​ភូមិ​ទាំង៣២​ ចំណុះ​សង្កាត់​ទាំង៤​ ក្នុងក្រុង​កំពង់ចាម​ ដែលធ្វើឡើងនៅសាលាខេត្ត។

ក្នុងឪកាសនោះ ឯកឧត្តម អភិបាលខេត្ត បាន​ថ្លែង​ថា​ ប្រជាការពារ​​ត្រូវ​រាយការណ៍​ទៅ​សមត្ថកិច្ច​ ​ក៏ដូចជា​មន្រ្តី​នគរបាល​យុត្តិធម៌​ ដើម្បី​សហការ​បង្ក្រាប​បទល្មើស​ដែល​អាចកេីត​មាន​ឡើងនៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ ដើម្បី​ការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ការ​ថ្លែង​បែប​នេះនាព្រឹកថ្ងៃទី​៧​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ ។ ​

ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្ដមអភិបាលខេត្ត​ បាន​សម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបងប្អូនជាប្រជាការពារទាំងអស់ ដែលបានលះបង់នូវពេលវេលា កម្លាំងកាយ ចិត្ត និងប្រាជ្ញាស្មារតី ចូលរួមសហការជាមួយអាជ្ញាធរដែនដី ធ្វើឲ្យភូមិឃុំរបស់យើងមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ ជាភូមិ​ ឃុំ ប្រកបដោយសុវត្ថិភាព ពិសេសគឺចូលរួមការពារសមិទ្ធផលនានា ដែលជាសម្បត្តិរួមរបស់យើង ឲ្យបានគង់វង់យូរអង្វែង ក្រោយម្លប់ដំបូលសន្ដិភាព​ ។ ​

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​​ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​កម្ពុជា​ បានធ្វើឱ្យប្រទេសមានសុខសន្តិភាព និងបានដាក់ចេញនូវវិធានការជាច្រើនក្នុងន័យពង្រឹង និងធ្វើឲ្យប្រសើរឡើង ដូចជា៖ គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងគោលនយោបាយគាំពារសង្គមផ្សេងៗ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាការពារ គឺជាកម្លាំងដ៏សំខាន់បំផុត ដើម្បីរក្សាសុវត្ថិភាព សន្តិសុខជូនប្រជាពលរដ្ឋ​ នៅ​ក្នុង​ភូមិ​ ឃុំ​របស់យើង ហើយកម្លាំងទាំងនេះ ក៏ជាសេនាធិការ របស់ប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំ ដើម្បីចូលរួមទប់ស្កាត់ នូវរាល់បទល្មើសដែលកើតមានឡើងនៅក្នុងមូលដ្ឋាន។​

គួរ​បញ្ជាក់​ថា​ ក្នុង​ពិធី​សំណេះសំណាល​នេះដែរ​ ឯកឧត្ដម​អ៊ុន​ ចាន់ដា​ បាន​ថ្លែង​អំណរគុណ​ដល់​សប្បុរសជន​ទាំង​អស់​ ដែល​បាន​ចូលរួម​គាំទ្រ​ឧបត្ថម្ភ​ ជូន​បងប្អូន​ប្រជាការពារ​ ហើយ​ឯកឧត្ដមអភិបាលខេត្ត​ ក៏បាន​ផ្ដល់​ជូន​កម្លាំង​ប្រជាការពារ​ ចំនួន​៣០៦នាក់​ ក្នុង​ម្នាក់​ៗ​ ទទួល​បាន​ឯកសណ្ឋាន​ប្រជាការពារ​ ២កំប្លេ​ ថវិកា​ ៥ម៉ឺន​រៀល​ និង​សម្ភារៈ​មួយ​ចំនួន​ផងដែរ​ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។