ព័ត៌មានជាតិ

ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន បានបន្តដំណើរមកពិនិត្យសកម្មភាពសាងសង់ហេដ្ធានចនាសម្ព័ន្ធគាំទ្រសំខាន់ៗ

កម្មវិធីទី៤៖
ជាកម្មវិធីចុងក្រោយសម្រាប់កម្មវិធីព្រឹកថ្ងៃទីមួយនៃដំណើរបេសកកម្មរបស់ឯកឧត្តមរដ្ឋមន្ត្រីមក កាន់ខេត្តកំពង់ស្ពឺ ព្រះសីហនុ កំពត និងខេត្តកែប។ ចេញពីស្រុកភ្នំស្រួច ឯកឧត្តមរដ្ឋមន្ត្រី បានបន្តដំណើរមកពិនិត្យសកម្មភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗ ដែលកំពុងដំណើរការយ៉ាងមមាញឹករបស់ក្រុមហ៊ុន បាមីន អេហ្គ្រីខលឈ័រ ហាយ-ថេក ឌីវេឡុបមិន ឯ.ក នៅស្រុកកំពង់សិលា ខេត្តព្រះសីហនុ។ អ្នកគ្រប់គ្រងទូទៅបានឲ្យដឹងថា ក្រុមហ៊ុនបានដាក់ទុនវិនិយោគប្រមាណ ៥០លានដុល្លារ ដើម្បីសង់រោងចក្រកែច្នៃ វេចខ្ចប់ ឃ្លាំងស្តុក ខ្សែច្រវាក់ផលិតកម្ម និងប្រព័ន្ធសម្លាប់សមាសភាពសត្វចង្រៃដោយប្រើចំហាយទឹកក្តៅ រោងតាំងផលិតផលកសិកម្ម អគារដ្ឋបាល សណ្ឋាគារសម្រាប់ភ្ញៀវរបស់ក្រុមហ៊ុន ផ្ទះស្នាក់នៅរបស់កម្មករ លើផ្ទៃដី ៤ហ.ត ក្នុង ចំណោមផ្ទៃដីសរុបចំនួន ៥៧ហ.ត របស់ក្រុមហ៊ុន។ បច្ចុប្បន្ន ក្រុមហ៊ុនបានចុះកិច្ចសន្យាជាមួយកសិករបានចំនួន ៦ ០០០ហ.ត ហើយគ្រោងដាំចំនួន ១០០០០ហ.ត ទៀត។

បើទោះជារោងចក្រមិនទាន់ដំណើរការ ប៉ុន្តែក្រុមហ៊ុនបាននិងកំពុងប្រមូលទិញផ្លែស្វាយពីកម្ពុជា នាំចេញ និងវេចខ្ចប់នៅប្រទេសវៀតណាម មុននាំចេញបន្តទៅប្រទេសចិន ជាមធ្យម ៣០កុងតេន័រ/ថ្ងៃ ហើយអាចឈានទៅ ៥០កុងតេន័រ នៅរដូវប្រមូលផលខាងមុខ។ ក្រោយពេលម៉ាស៊ីន VHT តម្លើងរួចមានសមត្ថភាពសម្លាប់សមាសភាពសត្វចង្រៃបានចំនួន ៤០០តោន/ថ្ងៃ។ ចំពោះការដឹកជញ្ជូន ក្រុមហ៊ុនប្រើកំពង់ផែរព្រះសីហនុ ដោយសហការជាមួយក្រុមហ៊ុនដឹក ជញ្ជូនចិនផ្ទាល់ ធ្វើការនាំចូលទំនិញ និងនាំចេញវិញជាផលិតផលស្វាយកម្ពុជា។ អនាគតក្រុមហ៊ុន នឹងរៀបចំឃ្លាំងស្តុក កន្លែងតាំងបង្ហាញកសិផល និងផ្តល់សេវាសម្លាប់សមាសភាពសត្វចង្រៃជូនអតិថិជនទូទៅ។

មើលឃើញសក្តានុពលរបស់ក្រុមហ៊ុនក្នុងការប្រមូលទិញ កែច្នៃ វេចខ្ចប់ និងនាំចេញផ្លែស្វាយ និងផលិតផលស្វាយរបស់ក្រុមហ៊ុន ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់លើសមិទ្ធផលដែលក្រុម ហ៊ុនសម្រេចបាន ហើយសង្ឃឹមថារាល់កិច្ចការដែលនៅសេសសល់ ក្រុមហ៊ុននឹងខិតខំអនុវត្តឲ្យបានសម្រេចទាន់ផែនការគ្រោងទុក ដើម្បីឲ្យទាន់សភាពការនៃការអនុវត្តខខ្លឹមសារពិធីសារស្តី អំពី “លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយកម្ពុជាទៅកាន់ទីផ្សារចិន”។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។