ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា អញ្ជើញទទួលជួបសម្តែងការគួរសមជាមួយលោក Kent D.Sission នាយកប្រតិបត្តិសម្ព័ន្ធនាំចេញស្បៀង និងកសិកម្ម (FAEA)

(ភ្នំពេញ) ៖នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Kent D.Sission នាយកប្រតិបត្តិសម្ព័ន្ធនាំចេញស្បៀង និងកសិកម្ម (FAEA) និងតំណាង USDA ប្រចាំកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងស្វាគមន៍ចំពោះការស្វែងរកកិច្ចសហប្រតិបត្តិការជាមួយក្រសួង និងសាទរចំពោះកម្មវិធី School Milk Program ដែលធ្វើឱ្យសិស្សានុសិស្សទទួលបានអាហាររូបត្ថម្ភកាន់តែប្រសើរ។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមបានស្តាប់ការបង្ហាញអំពីការងារសុវត្ថិភាពចំណីអាហារដែល FAEA បានសហការអនុវត្តជាមួយប្រទេសនានាកន្លងមក ដូចជា ប្រទេសវៀតណាម ចិន និងប្រទេសមួយចំនួនទៀតនៅអាស៊ី ដោយឯកឧត្តមបានរំឭកអំពីវប្បធម៌នៃការធ្វើម្ហូបអាហារ និងរបៀបថ្មីនៃការទទួលបានសុវត្ថិភាពម្ហូបអាហារ។

ចំពោះការលើកឡើងអំពីការនាំចូលផលិតផលពីសហរដ្ឋអាមេរិកមកកាន់កម្ពុជា ឯកឧត្តមរដ្ឋមន្ដ្រីបានបញ្ជាក់ថា កម្ពុជាបើកទ្វារទទួលជានិច្ច ទាំងពីសហរដ្ឋអាមេរិក និងប្រទេសទៀត។ យ៉ាងណាក៏ដោយ សម្រាប់គោលនយោបាយដែលឯកឧត្តមកំពុងតែជំរុញ​ឱ្យដើរលឿនទៅមុខ គឺការនាំផលិតផល កសិផលខ្មែរដែលមានគុណភាព និងមានតម្លៃបន្ថែមខ្ពស់ ទៅកាន់ទីផ្សារបរទេស។

សូមជម្រាបថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាពីឱកាសនៃកិច្ចសហការដែល FAEA ជួយដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើការគាំទ្រការអនុវត្តច្បាប់ស្តីពីសុវត្ថិភាពចំណី-អាហារ។ FAEA មានបេសកកម្មក្នុងការពង្រឹងច្បាប់សុវត្ថិភាពចំណីអាហារអន្តរជាតិ ឱ្យស្របតាមស្តង់ដាវិទ្យាសាស្ត្រអន្តរជាតិ ហើយមានសមាសភាពមកពីក្រសួងកសិកម្មសហរដ្ឋអាមេរិច កម្មវិធី Market Access Program (MAP) ក្រុមផលិតទំនិញ និងស្ថាប័នឯកជន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។