ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ក្របខណ្ឌរដ្ឋ ឲ្យបុគ្គលិក VOD ដែលបាត់បង់ការងារធ្វើដោយសារមេរបស់ខ្លួន

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានសម្រេចផ្តល់ក្របខណ្ឌរដ្ឋ ឲ្យបុគ្គលិក VOD ដែលបាត់បង់ការងារធ្វើដោយសារមេរបស់ខ្លួន។
តាមរយៈបណ្តាញសង្គម សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «ដោយសារតែវិទ្យុវីអូឌីត្រូវបានបិទ និងគ្មានឱកាសបើកឡើងវិញ និងដោយគិតទៅដល់ជីវភាពបុគ្គលិកដែលបាត់បង់ការងារធ្វើដោយកំហុសមេដឹកនាំ។ ខ្ញុំសម្រេចផ្តល់ក្របខ័ណ្ឌរដ្ឋសម្រាប់បងប្អូន ដែលមានបំណងចូលបម្រើកិច្ចការរដ្ឋ»។
សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យបុគ្គលិក VOD ធ្វើទំនាក់ទំនងជាមួយក្រសួងមុខងារសាធារណៈដើម្បីដាក់ពាក្យសុំធ្វើការ ហើយរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈត្រូវទទួលយកពាក្យសុំ និងបែងចែកទៅតាមក្រសួងនានាស្របតាមមុខជំនាញ និងត្រូវសុំការសម្រេចចុងក្រោយពីសម្តេច។
សម្តេចបានស្នើឱ្យជនបរទេសទាំងអស់ កុំលូកលាន់កិច្ចការផ្ទៃក្នុងរបស់កម្ពុជា ហើយសម្តេចសូមបញ្ជាក់ថា នឹងគ្មានការផ្លាស់ប្តូរការសម្រេចចិត្តរបស់កម្ពុជានោះឡើយ។
សម្តេចបានបញ្ជាក់ថា៖ «ជនបរទេសគ្មានសិទ្ធិមកបង្គាប់បញ្ជាឲ្យយើងធ្វើនេះ ឬធ្វើនោះតាមការចង់បានរបស់ពួកគេឡើយព្រោះនេះជាកិច្ចការផ្ទៃក្នុងរបស់យើង។ ការបិទចោលវិទ្យុដែលគ្មានក្រមសិលធម៌មួយវាមិនធ្វើឲ្យស្លាប់នូវសេរីភាព សារព័ត៌មាននៅកម្ពុជានោះឡើយតែផ្ទុយទៅវិញវានឹងជួយដល់ការអនុវត្តច្បាប់ និងពង្រឹងក្រមសិលធម៍វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជាថែមទៀតផង»។
សូមជម្រាបថា ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសេចក្តីប្រកាស សម្រចលុបអាជ្ញាបណ្ណការផ្សាយរបស់មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ដែលមជ្ឈមណ្ឌលគ្រប់គ្រងការផ្សាយរបស់សារព័ត៌មាន VOD បន្ទាប់ពីសារព័ត៌មាននេះ ផ្សាយបំភ្លៃថា លោក ហ៊ុន ម៉ាណែត ជាអ្នកចុះហត្ថលេខាជំនួស សម្តេចតេជោ ហ៊ុន សែន ក្នុងការផ្តល់ជំនួយទៅប្រទេសតួកគី។
ការសម្រេចបិទនេះ បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន បានសម្រេចឱ្យក្រសួងព័ត៌មានលុប ចោលអាជ្ញាបណ្ណវិទ្យុវីអូឌី (VOD) និងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង១០ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីសម្តេចបានទទួលលិខិតបំភ្លឺមួយពី VOD ដែលសម្តេចចាត់ទុកថា មិនអាចទទួលយកបាន ហើយមិនមែនជាលិខិតសុំទោស៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។