ព័ត៌មានជាតិ

ពូជស្រូវសែនក្រអូប០១ ដែលទើបតែបញ្ចេញឱ្យប្រើប្រាស់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបានការគាំទ្រពីកសិករនៅក្នុងភូមិត្រពាំងកកោះ ឃុំដូនយ៉យ ស្រុកឈូក ខេត្តកំពត

(កំពត) ÷នៅថ្ងៃសុក្រ ៤កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ នៃអគ្គនាយកដ្ឋានកសិកម្ម និងសហការី រួមដំណើរដោយ លោក កែវ សូដា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បានចុះពិនិត្យស្រែបង្ហាញប្រភេទពូជស្រូវសែនក្រអូប០១ ក្រោមកិច្ចសហការរវាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពត ជាមួយនាយកដ្ឋានដំណាំស្រូវ នៅភូមិត្រពាំងកកោះ ឃុំដូនយ៉យ ស្រុកឈូក ខេត្តកំពត។ ប្រភេទពូជស្រូវសែនក្រអូប០១ នេះ ត្រូវបានបញ្ចេញឱ្យប្រើប្រាស់ដោយវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា កាលពីចុងឆ្នាំ២០១៩។ វាជាប្រភេទស្រូវស្រាលមិនប្រកាន់រដូវ មានអាយុកាលពី១០៥ ទៅ១១៥ថ្ងៃ មានទិន្នផលពី៣,៩ ទៅ៤,៩តោនក្នុងមួយហិកតា គ្រាប់អង្ករមានភាពថ្លាល្អ រលូន មានក្លិនក្រអូប និងរសជាតិឆ្ងាញ់ពិសា ដែលបច្ចុប្បន្នកំពុងមានតម្រូវការខ្ពស់ទាំងនៅទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារប្រទេសចិន។ ក្នុងពេលចុះពិនិត្យស្រែបង្ហាញនេះមានអ្នកចូលរួមសរុបចំនួន២១នាក់ ស្ត្រី៧នាក់។ នៅចំពោះមុខប្រជាកសិករក្នុងតំបន់ លោក មិន ណូ ជាកសិករម្ចាស់ស្រែមានការចាប់អារម្មណ៍ខ្ពស់ចំពោះប្រភេទពូជស្រូវសែនក្រអូប០១នេះ ព្រោះវាមានផ្លែល្អ គ្រាប់វែងៗ ដើមឈរមិនដួល និងឈ្មួញក្នុងស្រុកហ៊ានឱ្យតម្លៃខ្ពស់ជាងស្រូវក្នុងស្រុករហូតដល់១០០រៀលក្នុងមួយគីឡូក្រាម។ តាមការវាស់ស្ទង់ទិន្នផលស្រែបង្ហាញ គឺទិន្នផលស្រូវ ក្នុងសំណើម១៤% ទទួលបាន ៤,២៤តោន/ហិកតា។ ដោយមើលឃើញអំពីលក្ខណៈល្អនៃប្រភេទពូជស្រូវនេះ កសិករនៅក្នុងភូមិបានសុំទិញសម្រាប់ធ្វើពូជបន្ត។ នៅក្នុងឱកាសចុះពិនិត្យការធ្វើបង្ហាញនេះ លោក គង់ គា បានថ្លែងអំណរគុណចំពោះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត អាជ្ញាធរមូលដ្ឋាន ជាពិសេសកសិករម្ចាស់ស្រែ គឺលោក មិន ណូ ដែលបានសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម ក្នុងការធ្វើស្រែបង្ហាញប្រកបដោយជោគជ័យ ហើយលោកក៏បានណែនាំដល់កសិករក្នុង តំបន់ប្រើប្រាស់ប្រភេទពូជស្រូវថ្មីនេះឱ្យបានកាន់តែទូលំទូលាយក្នុងតំបន់ ព្រោះវាមានតម្លៃខ្ពស់នៅលើទីផ្សារ។ ជាចុងក្រោយលោកប្រធាននាយកដ្ឋាន បានស្នើឱ្យកសិករយកចិត្តទុកដាក់ប្រើប្រាស់គ្រាប់ពូជស្រូវមានគុណភាពល្អ រៀបចំដីស្រែឱ្យបានរៀបស្មើ កម្ចាត់ស្មៅ ប្រើប្រាស់ជីឱ្យបានត្រឹមត្រូវ និងថែទាំឱ្យបានដិតដល់ ទើបដំណាំស្រូវលូតលាស់ល្អ ផ្តល់ទិន្នផលខ្ពស់ និងអង្ករមានគុណភាពល្អ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។