ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា អញ្ជើញសំណេះសំណាលជាមួយនិស្សិតស្ម័គ្រចិត្តចំនួន ២១១នាក់ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម

(ភ្នំពេញ) ៖នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានចូលរួមពីសំណេះសំណាលជាមួយនិស្សិតស្ម័គ្រចិត្តចំនួន ២១១នាក់ មកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម។

ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការសាទរ និងស្វាគមន៍ ចំពោះនិស្សិតស្ម័គ្រចិត្តទាំង ២១១នាក់ ដោយក្នុងនោះ ឯកឧត្តម បានណែនាំឱ្យក្រុមនិស្សិតយកចិត្តទុកដាក់ស្វែងយល់ឱ្យបានច្បាស់លាស់ពីការងារផលិតពូជស្រូវ។ ជាមួយគ្នានេះដែរ និស្សិតហាត់ការត្រូវមានភាពក្លាហាន ភាពវៃឆ្លាត និងចេះរៀនរស់ជាមួយនឹងបរិបទខាងក្រៅ។ បើតាមឯកឧត្តមរដ្ឋមន្ដ្រី ទាំងនេះនឹងក្លាយជាទុនសម្រាប់និស្សិតក្នុងការអភិវឌ្ឍខ្លួន ដើម្បីអាចក្លាយជាមន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុន និងអ្នកជំនួញនាពេលអនាគត។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី វត្តមានរបស់និស្សិតស្ម័គ្រចិត្តកសិកម្មនៅតាមសហគមន៍ និងនៅតាមឃុំនីមួយៗ តាមអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល នឹងរួមចំណែកជួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យប្រកបរបរកសិកម្មប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

ដើម្បីសម្រ៣ចការងារនេះ គឺទាមទារឱ្យមានការចូលរួមពីនិស្សិតស្ម័គ្រក្នុងការជួយដល់កសិករ និងវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) តាំងពីក្នុងមន្ទីរពិសោធន៍ ការដាំដុះ រហូតដល់ទីផ្សារសម្រាប់កសិករ។ នេះជាការបើកឱកាសលើកទីមួយ និងជាការប្រមូលផ្តុំនិស្សិតស្ម័គ្រចិត្តលើកដំបូងក្នុងការជួយដល់កសិករ។

សូមជម្រាបជូនថា ក្រោយពីទទួលការណែនាំពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិម្ម សាកលវិទ្យាល័យភូមិន្ទកសិកម្ម បានប្រកាសជ្រើសរើសនិស្សិតស្ម័គ្រចិត្តដែលទើបបញ្ចប់ថ្នាក់បរិញ្ញាបត្របាននិស្សិតចំនួន ២១១នាក់ ក្នុងនោះនារីចំនួន ១១២នាក់ ដើម្បីចូលរួមក្នុងវិធី “គម្រោងជំរុញផលិតកម្មដំណាំគ្រាប់ពូជស្រូវ និងជំរុញការនាំចេញអង្ករប្រកបដោយគុណភាព” ដែលស្ថិតក្នុងខេត្តគោលដៅចំនួន ៩។ និស្សិតទាំងនេះ មកពីមហាវិទ្យាល័យចំនួន ៨មានដូចជាមហាវិទ្យាល័យវិទ្យាសាស្ត្រកសិកម្ម សេដ្ឋកិច្ចកសិកម្មនិងអភិវឌ្ឍជនបទ កសិឧស្សាហកម្ម រៀបចំដែនដីនិងរដ្ឋបាលដីធ្លី វិទ្យាសាស្ត្រកៅស៊ូ វិទ្យាសាស្ត្រជលផល និងមហាវិទ្យាល័យវិទ្យាសាស្ត្រសត្វ។ ក្នុងឆ្នាំសិក្សា ២០២២-២០២៣ សាលាមាននិស្សិតកំពុងសិក្សាសរុបចំនួន ២.៦២២នាក់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។