ព័ត៌មានជាតិ

សូមអបអរសាទរ ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ត្រូវបានតែងតាំងជាស្នងការនគរបាលខេត្តព្រៃវែង

(ភ្នំពេញ) ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចេញប្រកាសតែងតាំង លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ជាស្នងការនគរបាលខេត្តព្រៃវែង ជំនួសលោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ដែលត្រូវបានតែងតាំងជាអគ្គស្នងការរងនគរបាលជាតិ។

ពិធីប្រកាសចូលកាន់លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ជាស្នងការនគរបាលខេត្តព្រៃវែង នឹងត្រូវធ្វើឡើងនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង។

សូមរំលឹកថា លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន មុនប្រកាសតែងតាំងជាស្នងការនគរបាលខេត្តព្រៃវែងនេះ លោកមានតួនាទីជាអធិការនគរបាលស្រុកកោះធំ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ហើយក្រោយមកត្រូវបានតែងតាំង ជាអនុប្រធាននាយកដ្ឋានសន្ដិសុខផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ រហូតដល់អំឡុងខែកញ្ញា ឆ្នាំ២០២១ លោកត្រូវបានសម្ដេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យតែងតាំងជាប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

លុះនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ក៏ត្រូវបានបញ្ចប់តំណែងពីប្រធាននាយកដ្ឋានវិទ្យុទាក់ទង ដោយអនុក្រឹត្យរបស់សម្ដេចតេជោ ហ៊ុន សែន។ ទើបនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ត្រូវបានសម្ដេចក្រឡាហោម ស ខេង ចេញប្រកាសតែងតាំងជា ស្នងការនគរបាលខេត្តព្រៃវែងតែម្ដង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។