ព័ត៌មានជាតិ

រដ្ធមន្ដ្រីកសិកម្ម ៖ទីផ្សារអង្ករ «ផ្ការំដួល» ដែលកម្ពុជានឹងជំរុញការនាំចេញទៅកាន់ទីផ្សារប្រទេសបារាំងនាពេលខាងមុខ

(ភ្នំពេញ) ៖នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូ បានធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបានចូលរួមពិព័រណ៍កសិកម្មអន្តរជាតិ នៅសាធារណរដ្ឋបារាំង។

ក្នុងដំណើរមាតុភូមិនិវត្តន៍នេះ ឯកឧត្តមរដ្ឋមន្ត្រី បានទទួលស្វាគមន៍ពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងចំពោះដំណើរត្រលប់មកវិញរបស់ឯកឧត្តម ប្រកបដោយសុវត្ថិភាព និងជោគជ័យ។

តាមរយៈបេសកកម្មនេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្វែងយល់ពីកសិផលដែលប្រទេសបារាំងត្រូវការ និងឱកាសដែលកម្ពុជាអាចឈានចូលទៅទីផ្សារប្រទេសបារាំងបាន ក្នុងនោះ កម្ពុជាត្រូវផលិតកសិផលដែលធានាគុណភាព និងសុវត្ថិភាពតាមស្តង់ដារ ដើម្បីជួយផ្ដល់តម្លៃបន្ថែមខ្ពស់ព្រមទាំងជំរុញឱកាសប្រកួតប្រជែងនៅលើឆាកអន្ដរជាតិ។

ចំពោះទីផ្សារអង្ករ «ផ្ការំដួល» ដែលកម្ពុជានឹងជំរុញការនាំចេញទៅកាន់ទីផ្សារប្រទេសបារាំងនាពេលខាងមុខ ឯកឧត្តមសង្កត់ធ្ងន់ពីការចុះបញ្ជីម៉ាកសម្គាល់ផលិតផលខ្មែរពិត ដែលអាចឱ្យអតិថិជនទុកចិត្តនិងចំណាំ តាមការស្នេីសុំរបស់​សមាគមខ្មែរនៅប្រទេសបារាំង។

បន្ថែមពីនេះ ឯកឧត្តម​ណែនាំឱ្យមានការបង្កេីតចេញនូវ QR Code ដែលអាចកំណត់នូវប្រភពនិងខ្សែច្រវាក់តម្លៃសំដៅផ្តល់ការទុកចិត្តដល់អ្នកទិញផលិតផលកសិកម្ម​ទាំងក្នុងនិងក្រៅប្រទេស។

សូមជម្រាបជូនថា​ ដំណើរទស្សនកិច្ចនៅពិព័រណ៍កសិកម្មអន្តរជាតិនៅប្រទេសបារាំង ពីសំណាក់ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា គឺជាឱកាសមួយសម្រាប់ប្រទេសកម្ពុជា​ ឈានទៅបេីកផ្លូវសម្រាប់វិស័យឯកជន​ខ្មែរ នាំកសិផលខ្មែរដែលមានគុណភាព និងតម្លៃបន្ថែមខ្ពស់ ទៅកាន់ទីផ្សារបរទេស ព្រមទាំងជាឱកាសសម្រាប់វិនិយោគិនបរទេស មកដាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជាផងដែរ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។