ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បើកកិច្ចប្រជុំផ្សព្វផ្សាយ ផែនការ ការពារសន្តិសុខ សុវត្ថិភាព ក្នុងឱកាសអបអរសាទរ ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំ២០២៣ និងពិធីបុណ្យបញ្ជុះខណ្ឌសីមា ព្រះវិហារថ្មី និងឆ្លងសមិទ្ឋផលនានានៅវត្តគិរីរុក្ខារាម ស្រុកថ្មពួក ដល់នគរបាលក្រោមឱវាទ

(បន្ទាយមានជ័យ)  នៅព្រឹកថ្ងៃទី ១៣ ខែ មីនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ផែនការ ការពារសន្តិសុខ សុវត្ថិភាព ក្នុងឱកាសអបអរសាទរ ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំ២០២៣ និងពិធីបុណ្យបញ្ជុះខណ្ឌសីមា ព្រះវិហារថ្មី និងឆ្លងសមិទ្ឋផលនានានៅវត្តគិរីរុក្ខារាម ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យនិងការ ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងកីឡាជនពិការប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣នាពេលខាងមុខ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរ: ស្នងការរង ផែនសេនាធិការ បានឡើងអាននិងផ្សព្វផ្សាយផែនការ ការពារ ដល់កម្លាំងនគរបាល។ គោលដៅការពារមាន២កន្លែងគឺ ទី១-ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ទីតាំងនៅក្នុងខេត្ត នៅបរិវេណសួនមានជ័យ និងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ទីតាំងប្រារព្ធពិធីនៅប្រាសាទបន្ទាយឆ្មារមានរយះពេល៣ ថ្ងៃ (ថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣)។ ទី២-ពិធីបុណ្យបញ្ជុះខណ្ឌសីមា ព្រះវិហារថ្មី និងឆ្លងសមិទ្ឋផលនានានៅវត្តគិរីរុក្ឋារាម ថ្មរមៀល ស្រុកថ្មពួក (ថ្ងៃទី២៣-២៩ ខែមីនា ឆ្នាំ២០២៣) និងការពារ ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងកីឡាជនពិការប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣( ថ្ងៃទី១-២ ខែឧសភា ឆ្នាំ២០២៣ នាពេលមុខ)។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានដាក់ចេញនូវបទបញ្ជា ដល់កងកម្លាំងទាំងអស់ត្រូវគោរពតួនាទី ភារកិច្ច យកចិត្តទុកដាក់ចំពោះបេសកកម្មរបស់ខ្លួន ដោយស្មារតីទទួលខុសត្រូវ និងធានាឲ្យបានទាំងស្រុង នូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយជូនថ្នាក់ដឹកនាំជាន់ខ្ពស់ បណ្តាឥស្សរជនសំខាន់ៗ មន្ត្រីរាជការ និងប្រជាពលរដ្ឋ ដែលបានអញ្ជើញចូលរួមក្នុងពិធីបុណ្យខាងលើ ប្រព្រឹត្តទៅ ប្រកបដោយ បរិយាកាសសប្បាយរីករាយ និងមានប្រសិទ្ធភាពខ្ពស់៕ ដោយ ព្រំ ហន

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។