ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ៖ សន្តិភាពពិតជាសារៈសំខាន់បំផុតមិនសម្រាប់តែមនុស្សធម្មតានោះទេ សូម្បីគ្រួសារអទិទេពក៏ត្រូវការសន្តិភាព

(ភ្នំពេញ) ៖ សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងសោមន្យរីករាយដ៏ក្រៃលែងនូវការវិលត្រឡប់មកវិញនៃព្រលឹងដូនខ្មែរ បន្ទាប់ពីបានរសាត់ឆ្ងាយពីមាតុភូមិកំណើតអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ដោយឆ្លងកាត់ដំណើរដ៏វែងឆ្ងាយនៃសង្គ្រាមស៊ីវិល ការលួច និងការជួញដូរខុសច្បាប់ទៅក្រៅប្រទេស។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញទទួលរតនវត្ថុរបស់ខ្មែរ ដែលទាមទារបានពីបរទេសមកវិញ នៅវិមានសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ថ្ងៃនេះគ្រួសារអាទិទេព រួមមាន ព្រះឥសូរ ព្រះស្កន្ធ និងព្រះគណេស ក្នុងនោះមានបដិមាមានឳពុក និងកូន បានជួបជុំគ្នាឡើងវិញ តាមរយៈបញ្ញាណដ៏ខ្ពង់ខ្ពស់បំផុតក្នុងការស្វែងរកសន្តិភាព ក្រោយពីបដិមាបានបែកគ្នាអស់រយៈពេលប្រមាណជាង ៤ទស្សវត្សរ៍កន្លងទៅ ដោយសារជនទុច្ចរិតបានលួចចេញពីប្រាសាទកោះកេរ្ត៍ នៅក្នុងកំឡុងទស្សវត្សរ៍ ១៩៧០នៃសង្គ្រាមប្រទេសកម្ពុជា។ ក្នុងសម័យនេះ សន្តិភាពពិតជាមានសារៈសំខាន់បំផុត មិនត្រឹមតែសម្រាប់មនុស្សធម្មតានោះឡើយ ប៉ុន្តែគ្រួសារអទិភាពក៏ត្រូវការសន្តិភាពសម្រាប់នូវការជួបជុំគ្នាឡើងវិញផងដែរ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់ថា សន្តិភាពដែលកើតចេញពីនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាល គឺជាមូលដ្ឋានដ៏រឹងមាំ និងមានតម្លៃពុំអាចកាត់ថ្លៃបានដែលនាំឱ្យកម្ពុជា ឈានដល់ការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃ និងប្រជាជនរស់នៅដោយសុខដុមរមនា៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។