ព័ត៌មានជាតិ

ខឹងដឹកស្រាមកអោយយឺតពេល ជនបរទេសម្នាក់ចាប់ក្បាលបុរសអ្នកដឹកអីវ៉ាន់ម្នាក់បោកនឹងរថយន្តបែកកញ្ចក់និងបែកក្បាលហូរឈាមពេញមុខ !

(ភ្នំពេញ)  ៖ បុរសជនជាតិបទេសម្នាក់ កុម្មង់ស្រាមួយដប ហើយដោយសារតែអ្នកដឹកអីវ៉ាន់តាមអនឡាញម្នាក់ យឺត២នាទី បង្កទៅជាជម្លោះប្រតាយប្រតប់គ្នា ដោយជនបរទេសបានចាប់ក្បាលអ្នកដឹកអីវ៉ាន់បោកផ្ទប់នឹងកញ្ចក់រថយន្តមួយគ្រឿងបណ្តាលឱ្យបែកកញ្ចក់និងបែកក្បាលហូរឈាមពេញមុខ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៩និង២០នាទីយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នៅចំណុចមុខខុនដូមួយកន្លែង ស្ថិតនៅតាមបណ្តាយផ្លូវលេខ២៨៨ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

បើតាមសម្តីបុរសរងគ្រោះជាអ្នកដឹកអីវ៉ាន់តាមអនឡាញឱ្យក្រុមហ៊ុនឈ្មោះ (ញ៉ាម) បានរៀបរាប់ឱ្យដឹងថា មុនពេលកើតហេតុ ដោយអ្នកបង្កជាបុរសជនបរទេសបានកុម្មង់ស្រាមួយដបឱ្យដឹកយកទៅឱ្យនៅខុនដូមួយកន្លែងក្នុងខណ្ឌបឹងកេងកង។ ក្រោយមកបុរសរងគ្រោះក៏បានដឹកស្រាមួយដបនោះយកទៅដល់មុខខុនដូនោះ។ បន្ទាប់មកបុរសជនបរទេសរូបនោះបានចុះមកស្រែកឡូឡាដោយចោទទៅលើអ្នកដឹកអីវ៉ាន់តាមអនឡាញថា ដឹកមកយឺត២នាទី ក្រោយមកក៏កើតជាជម្លោះប្រតាយប្រតប់គ្នាធ្វើឱ្យបុរសជនបរទេសចាប់បុរសអ្នកដឹកអីវ៉ាន់បោកក្បាលផ្ទប់ទៅនឹងកញ្ចក់រថយន្តមួយគ្រឿង ដែលចតនៅក្បែរកន្លែងកើតហេតុ បណ្តាលឱ្យបែកកញ្ចក់ ចំណែកឯអ្នកដឹកអីវ៉ាន់អនឡាញវិញបានបែកក្បាលហូរឈាម និងបន្តវាយប្រតាយប្រតប់គ្នាពេញផ្លូវ ផ្អើលដល់សមត្ថកិច្ចខណ្ឌបឹងកេងកងចុះមកជួយធ្វើអន្តរាគមន៍ភ្លាមៗ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកឃាត់ខ្លួនបុរសជនបរទេសនិងនាំអ្នកដឹកអីវ៉ាន់អនឡាញទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងកេងកងទី១ សាកសួរបន្ត។ ក្រោយពីសាកសួររួច បុរសជនបរទេសជាអ្នកបង្កក៏ព្រមសងថ្លៃការខូចខាត និងមើលរបួសអ្នករងគ្រោះ ដើម្បីបញ្ចប់រឿង៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។