ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមពិធីបើកសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣

(ភ្នំពេញ) ៖នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានចូលរួមពិធីបើកសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងពិធីបើកសន្និបាតកសិកម្មនេះ ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកនិងលើកទឹកចិត្តដល់អង្គសន្និបាតប្រើប្រាស់ពេលវេលាឱ្យមានប្រសិទ្ធភាព ដើម្បីពិភាក្សាប្រមូលធាតុចូលក្នុងការរៀបចំគោលនយោបាយ និងផែនការសកម្មភាពសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម។ សន្និបាត គឺជាការចូលរួមសមូហភាពពីថ្នាក់ដឹកនាំ វិស័យឯកជន ដៃគូអភិវឌ្ឍ សហគមន៍ កសិករ រួមគ្នាកំណត់ទិសដៅកសិកម្ម ដោយមិនគ្រាន់តែជាការបូកសរុបនោះទេ។ ហើយការបូកសរុបទៀតសោត គឺត្រូវចេញជាលទ្ធផលស្តាប់បាន យល់បាន និងចាំបាន ដោយឱ្យសាធារណជនដឹងពីសមិទ្ធផលក្រសួងសម្រេចបាន និងចូលរួមអបអរសាទរ។

សម្រាប់កិច្ចពិភាក្សា ឯកឧត្តម បានណែនាំ និងយកចិត្តទុកដាក់លើចំណុចគន្លឹះមួយចំនួន ដោយក្នុងនោះត្រូវផ្តោតលើការអភិវឌ្ឍធនធានទាំងក្នុងនិងក្រៅក្រសួង ដើម្បីទទួលបានធនធានប្រកបដោយសក្តានុពលពិតប្រាកដ។ ជាមួយគ្នានេះដែរ ត្រូវជំរុញការស្រាវជ្រាវបច្ចេកទេស ដើម្បីអភិវឌ្ឍវិស័យកសិកម្មដោយត្រូវគិតពីការបន្ថយចំណាយ បង្កើនផលចំណេញ មានប្រសិទ្ធភាពសេដ្ឋកិច្ច ដោយមិនប្រកួតប្រជែងបរិមាណតែគិតពីគុណភាពជាសំខាន់។ លើសពីនេះទៀត ត្រូវយកចិត្តទុកដាក់លើសហគមន៍កសិកម្ម ដោយផ្តល់ការគាំទ្រទាំងបច្ចេកទេសនិងសេដ្ឋកិច្ច ក្នុងការចងក្រងសហគមន៍និងមានក្បាលម៉ាស៊ីនដឹកនាំឱ្យបានល្អក្នុងខ្សែច្រវាក់ផលិតកម្មតាំងពីអ្នកផលិតរហូតទីផ្សារ ដោយក្នុងនោះត្រូវធ្វើការកំណត់ទីផ្សារ និងមានផែនការផលិតច្បាស់លាស់តាមកិច្ចសន្យា។ ការងារនេះ ក៏នឹងជួយដល់កសិករដែលមិនទាន់មានទីផ្សារ គ្មានខ្សែបណ្តាញផងដែរ។

បើតាមឯកឧត្តមរដ្ឋមន្ត្រី គោលនយោបាយកសិកម្មនឹងជួយឱ្យវិស័យឯកជនដឹងពីអ្វីដែលត្រូវធ្វើ ត្រូវវិនិយោគ ហើយសម្រាប់មន្ត្រីដឹងពីផែនការដែលត្រូវអនុវត្តនិងគោលដៅត្រូវសម្រេច។ បន្ថែមពីលើនេះទៀត ត្រូវពិនិត្យលើការផ្តល់សេវាសាធារណៈដល់ក្រុមអ្នកផលិត ដោយបង្កលក្ខណៈងាយស្រួល និងគាំទ្រក្នុងការជំរុញការនាំចេញ ស្របតាមគោលនយោបាយ និងស្ថានភាពជាក់ស្តែង។ ចំណែកការកសាងផែនការសម្រាប់ឆ្នាំ២០២៤ នាពេលខាងមុខ ឯកឧត្តម បានណែនាំពីអាទិភាពសំខាន់របស់ក្រសួងគឺនៅតែបន្តផ្តោតលើសន្តិសុខស្បៀង ដោយរកបានចំណូល មានចំណេញ និងបន្តការផលិតសម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក គឺមានលទ្ធភាពគ្រប់គ្រងក្នុងខ្សែច្រវាក់ផលិតកម្មទាំងមូល។ មួយវិញទៀត គឺនិរន្តរភាព គឺការពិនិត្យថែរក្សាធនធានដែលមានស្រាប់ ដូចជាធនធានដី ការប្រើប្រាស់នូវវិទ្យាសាស្ត្រដើម្បីបន្ថយចំណាយ បង្កើនតម្លៃបន្ថែម និងប្រសិទ្ធភាពសេដ្ឋកិច្ច៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។