ព័ត៌មានអន្តរជាតិ

ដើម្បីការពារប្រទេស ជប៉ុននឹងមិនអនុញ្ញាតឲ្យ ជនបរទេសមកពីអង់គ្លេស ចូលមកក្នុងប្រទេសនេះឡើយ ក្រោយការផ្ទុះវីរុសកូវីដ-១៩ ទម្រង់ថ្មី!

(តូក្យូ)៖ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន បានប្រកាសនៅថ្ងៃពុធ ទី២៣ ខែធ្នូ ឆ្នាំ២០២០នេះថា ជប៉ុននឹងហាមឃាត់ជនបរទេសនានា ដែលធ្វើដំណើរពីចក្រភពអង់់គ្លេស មិនឲ្យចូលមកក្នុងប្រទេសដីកោះនេះឡើយ ចាប់ពីថ្ងៃព្រហស្បតិ៍ស្អែកនេះតទៅ បន្ទាប់ពីការផ្ទុះវីរុស COVID-19 ទម្រង់ថ្មី ដែលនាំឲ្យប្រទេសមួយចំនួន នៅលើពិភពលោកនេះ ចាត់វិធានការផ្អាកជើងហោះហើរ ទាំងទៅនិងមកពីចក្រភពអង់គ្លេស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។

អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក កាត់ស៊ូណូប៊ុ កាតុ (Katsunobu Kato) បានគូសបញ្ជាក់នៅថ្ងៃពុធនេះថា «រដ្ឋាភិបាលជប៉ុននឹងបោះជំហានជាបន្តបន្ទាប់ ប្រកបដោយភាពបត់បែន ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតវីរុស នៅក្នុងប្រទេសនេះ។ យើងសូមអំពាវនាវឲ្យប្រជាជនទាំងអស់អត់ធ្មត់ និងផ្អាកការធ្វើដំណើរ ក្នុងរយៈពេលខ្លីទៅកាន់ចក្រភពអង់គ្លេស»។

អ្នកនាំពាក្យខាងលើនេះ ក៏បានបញ្ជាក់បន្ថែមផងដែរថា អាជ្ញាធរជប៉ុននឹងស្មើឲ្យពលរដ្ឋជប៉ុន រួមទាំងជនបរទេស ដែលបានមកស្នាក់នៅជប៉ុនក្នុងរយៈពេលវែង ត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃក្រោយត្រលប់មកពីចក្រភពអង់គ្លេស នៅមុនថ្ងៃព្រហស្បតិ៍ស្អែកនេះ។

បន្ថែមពីខាងលើនេះទៀត ជនជាតិជប៉ុនទាំងអស់ ដែលត្រលប់មកពីចក្រភពអង់គ្លេសវិញ ក្រោយបំរាមខាងលើនេះចូលជាធរមាន នោះនឹងតម្រូវឲ្យមានលិខិតបញ្ជាក់ជាផ្លូវការថា ពួកគេបានទទួលការធ្វើតេស្តចេញលទ្ធផល «អវិជ្ជមាន» នៅកំឡុងពេល ៧២ម៉ោង មុនការចេញដំណើរមកកាន់ទឹកដីកំណើតវិញ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។