ព័ត៌មានជាតិ

ប្រធានក្រុមការងាររាជរដ្ធាភិបាលចុះមូលដ្ធានខេត្តកំពង់ធំ និងអភិបាលខេត្ត បន្តចែកអំណោយដល់ប្រជាពលរដ្ឋធំរងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន៥០០គ្រួសារនៅស្រុកស្ទោង

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំនិងអភិបាលខេត្តកំពង់ធំ បន្តចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន ៥០០គ្រួសារ នៅស្រុកស្ទោង

(ខេត្តកំពង់ធំ): ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ដឹកនាំដោយឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ស្រុក ឃុំ បានចុះសួរសុខទុក្ខ និងចែកអំណោយដល់គ្រួសាររងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៥០០គ្រួសារ ស្ថិតនៅឃុំបន្ទាយស្ទោង និងឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ នារសៀលថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២០នេះ។

ថ្លែងនៅក្នុងពិធីចុះសាកសួរសុខទុក្ខនោះដែរ ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា នៅក្នុងខេត្តកំពង់ធំ មានភ្លៀងធ្លាក់ជាច្រើនមេបន្តបន្ទាប់ បានធ្វើឲ្យមានជំនន់ទឹកភ្លៀងបណ្តាលឱ្យ លិចលង់ផ្ទះសម្បែង ប្រជាពរដ្ឋ ប៉ុន្តែមិនទាន់មានអ្វីធ្ងន់ធ្ងរនោះទេ និងបានធ្វើឱ្យផលដំណាំស្រូវរដូវវស្សាកំពុងតែពេញល្អ និងមានការលិចលង់តិចតួច។

ក្នុងនោះឯកឧត្តមក៏បានជំរុញឱ្យមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត សហការជាមួយនឹងរដ្ឋបាលស្រុក ខិតខំចុះពិនិត្យវាយតម្លៃផលប៉ះពាល់ជាក់ស្ដែងទៅលើការខូចខាតដំណាំស្រូវវស្សារបស់ប្រជាពលរដ្ឋ ដើម្បីត្រៀមពូជសម្រាប់ចែកជូនបងប្អូនក្នុងការយកទៅសាបព្រោះបង្កបង្កើនផលបន្ទាប់ពីទឹកស្រកទៅវិញ។

ជាមួយគ្នានោះដែរឯកឧត្តម ថោង ខុន មានប្រសាសន៍លើកឡើងថា ថ្ងៃនេះ ឯកឧត្តមអញ្ជើញមកក្នុងនាមតំណាង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាលសម្ដេចទាំងទ្វេ តែងតែមានក្តីនឹករលឹកចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់រូបនិងគ្រប់ទីកន្លែងជាពិសេសក្នុងកំឡុងពេលដែលបងប្អូនប្រជាពលរដ្ឋកំពុងតែទទួលរងគ្រោះនៅជំនន់ទឹកភ្លៀងនៅពេលនេះ ព្រមទាំងបានផ្ដល់នូវអំណោយមួយចំនួនជូនដល់ប្រជាពលរដ្ឋផងដែរ។

ថ្វីត្បិតតែអំណោយនេះតិចតួចក្ដី គឺជាការចូលរួមចំណែកជួយគ្នាក្នុងគ្រាមានអាសន្នដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយគ្រោះទឹកជំនន់នេះ។ លើសពីនេះទៀតឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ដូចជាអភិបាល ក្រុង ស្រុក លោកមេឃុំចៅសង្កាត់ លោកមេភូមិ ដែលបានខិតខំចុះមូលដ្ឋានដោយមិនខ្លាចនឿយហត់ដើម្បីជួយបងប្អូនប្រជាពលរដ្ឋដែលកំពុងទទួលរងគ្រោះជំនន់ទឹកភ្លៀងនៅគ្រប់ទីកន្លែង។

ចុងបញ្ចប់ ឯកឧត្តម ថោង ខុន ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋត្រូវតែបន្តការយកចិត្តទុកដាក់ថែរក្សាសុខភាព ជាពិសេសរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលប្រទេសយើងមិនទាន់រួចផុតនៅឡើយ និងការពារសុវត្ថិភាពផ្ទាល់ខ្លួនក្នុងអំឡុងពេលដែលមានទឹកជំនន់នេះជាពិសេសកូនតូចៗ ជនចាស់ជរា ត្រូវថែរក្សាសុខភាពតាមរយៈការហូបស្អាត ផឹកស្អាតការរស់នៅមានអនាម័យ ។

ទន្ទឹមនឹងនោះគណៈប្រតិភូក៏បានចុះសួរសុខទុក្ខតាមខ្នងផ្ទះរបស់ប្រជាជនដែលទទួលរងផលប៉ះពាល់លិចទឹកផងដែរ។

សូមបញ្ជាក់ថា អំណោយសម្តេចតេជោ ហ៊ុន សែន ដែលប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ទាំង ៥០០ គ្រួសារ ដោយក្នុង ០១គ្រួសារ ទទួលបាន អង្ករ ២៥គីឡូ មីជាតិ ១កេស ទឹកសុទ្ធ ១កេស ត្រីខកំប៉ុង ១យួរ ទឹកសុីអុីវ ១យួរ និងថ្នាំពេទ្យ TIFFY ៥បន្ទះ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។