ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជួបសំណេះសំណាលជាមួយអតីតបុគ្គលិកស្ថាប័នសារព័ត៌មាន VOD ដែលនឹងចូលបម្រើការងារនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

(ភ្នំពេញ) ៖នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអញ្ជើញចូលរួមប្រជុំស្តីពីការណែនាំអំពីការអនុវត្តភារកិច្ច និងការទទួលខុសត្រូវរបស់មន្ត្រីរាជការស៊ីវិល (អតីតបុគ្គលិក VOD) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងជំនួបសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍អតីតបុគ្គលិកសារព័ត៌មាន VOD ចំនួន ១១រូប ដែលនឹងចូលមកបម្រើការងារនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលខាងមុខ។

ឯកឧត្តម បានសាកសួរអំពីប្រវត្តិការងារ ចំណាប់អារម្មណ៍ និងបំណងប្រាថ្នា នៅពេលត្រូវចូលបម្រើការងារក្នុងស្ថាប័នរដ្ឋ។ ឯកឧត្តមបានលើកទឹកចិត្តដល់មន្ត្រីថ្មីត្រូវបន្តជំនាញដែលមានស្រាប់ និងពង្រឹងបន្ថែម ដោយត្រូវប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ មានប្រភពច្បាស់លាស់ វិភាគ ដើម្បីផ្សព្វផ្សាយប្រកបដោយភាពស្មោះត្រង់ វិជ្ជាជីវៈ ជឿជាក់ដោយមិនមានការក្លែងបន្លំ។

បើតាមឯកឧត្តមរដ្ឋមន្ដ្រី ភាពស្មោះត្រង់ ឧត្តមគតិ និងឆន្ទះរួម គឺជាកត្តាចាំបាច់ ដើម្បីធានាបាននូវប្រសិទ្ធភាព និងប្រសិទ្ធផលការងារ។ តាមរយៈវត្តមាននៃអតីតអ្នកសារព័ត៌មានមកពី VOD នេះ ឯកឧត្តមរដ្ឋមន្ដ្រីនឹងរៀបចំឱ្យមាន Newsroom មួយ ប្រកបដោយគុណភាព ក្រោមការតម្រែតម្រង់ផ្លូវដោយលោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។