ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជុំទី៤

(ភ្នំពេញ) ÷សម្ដេចតេជោ ហ៊ុន សែន នាយករដ្ធមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃអង្គារ៍ ទី១៥ ខែធ្នូ កន្លងទៅថ្មីៗនេះ ក្នុងអំឡុងពេលថ្លែងសារពិសេសទាក់ទិននឹងបញ្ហាជំងឺកូវីដ-១៩ និងវាក់សាំងការពារកូវីដ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាបាល បានសម្រេចឲ្យបន្តការអនុវត្ត “កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩” ជុំទី៤ ចំនួន ៣ខែ បន្ថែមទៀត គឺសម្រាប់ ខែមករា ខែកុម្ភៈ និង ខែមីនា ឆ្នាំ២០២១។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្រេចបន្តផ្តល់ការឧបត្ថម្ភពីព្រោះដោយមើលឃើញថា កម្មវិធីនេះពិតជាកំពុងបានចូលរួមចំណែកក្នុងលើកស្ទួយ និងរក្សាលំនឹងជីវភាពរបស់បងប្អូនប្អូនប្រជាពលរដ្ឋ និងកូនក្មួយនៅក្នុងអំឡុងពេលដ៏លំបាកនេះ ហើយក៍ដោយសារតែជំងឺកូវីដ-១៩ នៅមិនទាន់ទៅណាឆ្ងាយពីយើងនៅឡើយ។

ចាប់តាំងពីការចាប់ផ្តើមបើកប្រាក់ឧបត្ថម្ភលើកដំបូងមក ការធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រដើម្បីទទួលបានប្រាក់ឧបត្ថម្ភនេះគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះសម្តេចតេជោចង់ផ្តល់សាច់ប្រាក់នេះឱ្យដល់ដៃគ្រួសារក្រីក្រ និងមានការលំបាកពិតប្រាកដ។ ការងារបច្ចុប្បន្នភាពគ្រួសារក្រីក្រនេះ ត្រូវពឹងផ្អែកស្ទើរតែទាំងស្រុងលើអាជ្ញាធរមូលដ្ឋាន ជាពិសេស មេភូមិ និងក្រុមប្រឹក្សាឃុំ-សង្កាត់ ដូច្នេះហើយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចេញបទបញ្ជាជាថ្មីម្តងទៀតដល់អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវខិតខំបំពេញការងារនេះឱ្យបានត្រឹមត្រូវ ច្បាស់លាស់ មានតម្លាភាព គណនេយ្យភាព និង ប្រកាន់ខ្ជាប់នូវយុត្តិធម៌បំផុត ហើយត្រូវចៀសវាងឱ្យខានតែបាននូវការយោគយល់ និងឃុបឃិតគ្នា ដើម្បីដាក់បញ្ចូលក្រុមគ្រួសារ សាច់ញាតិ មិត្តភ័ក្ត ឬ អ្នកស្គាល់គ្នា ដែលមិនមែនជាគ្រួសារក្រីក្រ និងងាយរងគ្រោះពិតប្រាកដ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភនេះ ផ្ទុយពីនីតិវិធីនៃការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ។

ដើម្បីឲ្យការងារធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រនេះកាន់តែធានាបាននូវប្រសិទ្ធភាពខ្ពស់បន្ថែមទៀតនោះ សម្តេចតេជោនាយករដ្ឋមន្រ្តីបានស្នើឲ្យក្រសួងមហាផ្ទៃត្រូវសហការជាមួយក្រសួងផែនការ និងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងការពិនិត្យតាមដានការអនុវត្តការងារនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងត្រូវរាយការណ៍មកកាន់ សម្តេចតេជោនាយករដ្ឋមន្រ្តី ជាបន្ទាន់ ប្រសិនបើរកឃើញថាមានបញ្ហាមិនប្រក្រតីណាមួយកើតឡើង។

សម្តេចតេជោ ហ៊ុន សែន នឹងចាត់វិធានការណ៍ក្តៅ និងមិនលើកលែងជាដាច់ខាតចំពោះអ្នកពាក់ព័ន្ធទាំងអស់ ប្រសិនបើរកឃើញថាមានបញ្ហាមិនប្រក្រតីកើតមានឡើងនៅក្នុង ភូមិ ឬ ឃុំ-សង្កាត់ ណាមួយ ។

សូមជូនពរបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសបានចៀសផុតពីជំងឺឆ្លងកូវីដ១៩គ្រប់ៗគ្នា៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។