ព័ត៌មានជាតិ

កសិដ្ធានចិញ្ចឹមទាយកស៊ុតចំនួន៣កន្លែង នៅស្រុកបរិណ៍

(ខេត្តកំពង់ឆ្នាំង)យោងតាមសេចក្តីរាយការណ៏របស់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង នៅថ្ងៃ​ ពុធ ៩កើត ខែបុស្ស ឆ្នាំជូត ទោស័កព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូឆ្នាំ២០២០ បានឲ្យដឹងថា៖ការិយាល័យផលិតកម្ម និងបសុព្យាបាល ដឹកនាំដោយលោក ហ៊ុន លី អនុប្រធានការិយាល័យ បានសហការណ៍ជាមួយពេទ្យសត្វស្រុកបរិបូណ៍ បានចុះត្រួតពិនិត្យកសិដ្ឋានចិញ្ចឹមទាយកស៊ុតចំនួន៣កន្លែង នៅស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ដោយបានចុះពិនិត្យមើលទីតាំងទី១នៅកសិដ្ឋាន ម៉ៅ សុភី នៅភូមិក្បាលដំរី ឃុំត្រពាំងចាន់ មានទាពងសរុបចំនួន ១៣ ០០០ក្បាល ទីតាំទី២នៅកសិដ្ឋាន ពន្លក ភូមិតាប៉ាង ឃុំចក មានទាពងសរុបចំនួន ៥ ០០០ក្បាល និងទីតាំងទី៣នៅកសិដ្ឋាន ពេជ្រ ចាន់ធី ភូមិស្វាយគយ ឃុំពន្លៃ មានទាពងសរុបចំនួន ៥ ០០០ក្បាល ក្នុងគោលបំណង ត្រួតពិនិត្យ និងណែនាំបច្ចេកទេសចិញ្ចឹមដល់អ្នកចិញ្ចឹមទា, សួរសុខទុក្ខពីបញ្ហា និងលើកទឹកចិត្តកសិករចិញ្ចឹមទាខិតខំប្រឹងប្រែងចិញ្ចឹម ដើម្បីរួមចំណែកក្នុងការផលិតស្បៀងសម្រាប់បរិភោគ និងលក់បានតម្លៃសមស្របតាមតម្រូវការទីផ្សារ ដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារ អំឡុងពេលនៃការរីករាលដាលជាសកលដោយសារជម្ងឺ Covid-19 ។ ដោយឡែក ទាក់ទងទៅនឹងពីតម្លៃស៊ុតទាវិញ គឺតម្លៃបោះដុំលើទីផ្សារលក់បានតម្លៃ ៣៥០រៀល ក្នុងមួយគ្រាប់ និងលក់រាយ លក់បានតម្លៃ ៤៥០ រៀលក្នុងមួយគ្រាប់។ ការធ្លាក់តម្លៃចុះបន្តិចដោយសារមូលហេតុ៖ ស្ថានភាពបច្ចុប្បន្នត្រីសំបូរជាងខែមុនៗដែលកសិករអាចរកបាននៅតាម ស្រែ​ ទឹក អូរ បឹង និងទន្លេសាប មកបរិភោគ និងស្ថានភាពជម្ងឺកូវិត១៩ ក្នុងព្រឹត្តិការជាប់ៗគ្នា ៣វិច្ឆិកា និង២៨វិច្ឆិកា បានកាត់បន្ថយ ការធ្វើចរាចរណ៍មនុស្ស និងមធ្យោបាយដឹកជញ្ជូនពីតំបន់មួយទៅតំបន់មួយ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។