ព័ត៌មានជាតិ

លេងល្បែងចាញ់អស់ បែកគំនិតប្រឌិតរឿងដោយដាក់ពាក្យបណ្តឹងថាចោរគាស់ផ្ទះ ធ្វើអោយសមត្ថកិច្ចឈឺក្បាល ស្រាវជ្រាវអស់ជាច្រើនម៉ោងទើបដឹងការពិត !

(បាត់ដំបង) ​៖ ក្រោយ​ពី​មន្ត្រី​ជំនាញ​សួរ​ដេញដោល​​ជីកប្ញស ជី​ក​គល់​ដល់​ម្ចាស់ផ្ទះអំពី​រឿង​ចោរ​គាស់​ផ្ទះ​ចូល​លួច​ប្រាក់​និង​គ្រឿង​អ​ល័​ង្ការ ស្រាប់តែ​ចម្លើយ​ចុង​ក្រោយ​របស់​ម្ចាស់ផ្ទះ​បាន​សារភាព​ថា «​មិន​មាន​ចោរ​គាស់​ផ្ទះ​ចូល​លួច​លុយ​និង​គ្រឿង​អ​ល័​ង្ការ​អី​ទេ គឺខ្ញុំ​បាន​ប្រ​ព្រឹ​ក្ត​ខ្លួនឯងយក​ទ្រព្យ​សម្បត្តិ​ទាំងនោះ​ទៅ​លេងល្បែង​ចាញ់​អស់ ហើយ​ខ្ញុំ​បំប៉ោង​រឿង​បែប​នេះ ដើម្បី​កុំ​ឲ្យ​ក្រុម​គ្រួសារ​ស្ដីបន្ទោស​»​។ នេះ​បើ​តាម​មន្ត្រី​ជំនាញ​បាន​បញ្ជាក់ កាលពី​ថ្ងៃ​ទី២៩ មីនា នៅ​ពេល​ចុះ​ទៅ​សួរនាំ​ម្ចាស់ផ្ទះ​ឡើង​វិញ ក្រោយ​ពី​មាន​មន្ទិល​សង្ស័យ ​។

​ម្ចាស់ផ្ទះ​ឈ្មោះ តឿន សា​វ័​ន្ទ ភេទប្រុស​ អាយុ​៥០​ឆ្នាំ មានមុខ​របរ​លក់​ត្រី រស់នៅ​ភូមិ​ព្រែក​តា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ​ ។ ដំបូង​ឡើយ​ អ្នកលក់​ត្រី​រូប​នេះបាន​ប្ដឹង​ទៅ​សមត្ថកិច្ចដោយ​អះអាង​ថា ខ្លួន​ជា​ជន​រង​គ្រោះត្រូវ​ចោរ​គាស់​ផ្ទះ​ចូល​លួច​ប្រាក់ និង​គ្រឿង​អ​ល័​ង្ការ​អស់​គ្មាន​សល់ ក្រោយ​ពេល​ខ្លួន​និង​ប្រពន្ធ​ងើប​ពី​យប់​ដឹក​ត្រី​យក​ទៅ​លក់​នៅ​ផ្សារ ​។ ​ ប៉ុន្តែ​តាម​ការ​ពិត​ខ្លួនឯង លួច​ទ្រព្យ​ខ្លួនឯង​យក​ទៅ​លេងល្បែង​ចាញ់​សោះ ហើយ​ប្រឹង​បំប៉ោង​ហេតុ​ការ​ណ៍​ក្នុង​ចេតនា​កុំ​ឲ្យ​ក្រុម​គ្រួសារ​ជេរ​ប្រទិច​ ។

​លោក​វ៉ា​ន់ តារា នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់បាន​ប្រាប់​​ថា លោក​បាន​ចុះ​ទៅ​ជួប​សួរនាំ​ផ្ទាល់​ជាមួយ​ម្ចាស់ផ្ទះ​ឈ្មោះតឿន សា​វ័​ន្ត នេះ ក្រោយ​ពី​មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន​ជុំវិញ​ករណី​ចោរ​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​អ្នកលក់​ត្រី​ខាងលើ​នេះ​ ។ លោក​បាន​ប្រាប់​ថា មាន​ហេតុផល​ជា​ច្រើន ដែល​គួរ​ឲ្យ​យើង​មាន​មន្ទិល​សង្ស័យ ទើប​លោកស្នងការ​បញ្ជា​ឲ្យ​លោក​ចុះ​ទៅ​សួរនាំ​ម្ចាស់ផ្ទះ​នេះ​ឡើង​វិញ​ ។

ក្រោយ​ពី​លើក​ហេតុផល​មិន​ប្រក្រតី​ជា​ច្រើន​សួរនាំ​ដេញដោល​ជាន់កែង ទើប​ម្ចាស់ផ្ទះ​កំហូច​នេះ​ទាល់ច្រក​ក៏​ឆ្លើយ​សារភាព​ថា «​ពុំ​មាន​ចោរ​គាស់​ផ្ទះ​គាស់​ចូល​លួច​មាស ឬលុយ ក្នុងផ្ទះ​គាត់​ទេ គឺជា​រឿង​ផ្ទៃក្នុង ក្នុង​គ្រួសារ​គាត់​តែ​ប៉ុណ្ណោះ ទើប​គាត់​បំប៉ោង​រឿង​ទម្លាក់​កំហុស​ទៅ​លើ​ចោរ​បែប​នេះ​» ហើយ​ចុង​ក្រោយ​ម្ចាស់ផ្ទះ​រូប​នេះ​ បាន​សុំ​អង្វរ​សមត្ថកិច្ច​ដក​ពាក្យបណ្ដឹង​វិញ​ ។
សូម​បញ្ជាក់​ថា ករណី​អ្នកលក់​ត្រី​បំប៉ោង​រឿង​ចោរ​គាស់​ផ្ទះ​ចូល​លួច​ទ្រព្យសម្បត្តិ​ខាងលើ​នេះ ត្រូវ​គេ​អះអាង​ថា បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៦ មី​នា នៅ​ភូមិ​ព្រែក​តា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ក្រោយ​ពេល​ម្ចាស់ផ្ទះ​ពីរ​នាក់​ប្ដី​ប្រពន្ធ​នេះ ងើប​ពី​យប់​ដឹក​ត្រី​យក​ទៅ​លក់​នៅ​ឯ​ផ្សារ​ ។ នៅ​ថ្ងៃ​កើតហេតុ​ដំបូង អ្នកលក់​ត្រី​រូប​នេះ​មិន​បាន​ប្ដឹង​ទៅ​សមត្ថកិច្ច​ទេ រហូត​ដល់​រឿង​នេះ​បែកធ្លាយ​ដល់​សមត្ថកិច្ច នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មីនា ទើប​ជន​នេះ​បង្ខំចិត្ត​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​អធិការ​ស្រុក​ឯក​ភ្នំ​ ។

​នៅ​ក្នុង​របាយ​ការ​ណ៍​​សមត្ថកិច្ច ទ្រព្យសម្បត្តិ​ដែល​លោក​ចោរ​ផ្ទៃក្នុង​លួច​នោះ​រួម​មានខ្សែ​ក​មាស​០២​ខ្សែ​ទម្ងន់​១,៦ដំឡឹង​, ខ្សែដៃ​មាស​០២​ខ្សែ​ទម្ងន់​១,៣​តំឡឹង​, ចិញ្ចៀនមាស​០២​វង់​ទម្ងន់​០៤​ជី​, ក្រវិល​មាស​០២​ទម្ងន់​០២​ជី និង ប្រាក់​ខ្មែរ​ចំនួន​៩​លាន​រៀល​ ។ នៅ​ក្នុង​របាយ​ការ​ណ៍​ដដែល​បាន​បញ្ជាក់​ដែរ​ថា ខាងលើ​នេះ​គឺជា​ទ្រព្យសម្បត្តិ​ដែល​បាត់បង់ តែ​នៅ​មានទ្រព្យ​មួយ​ចំនួន​ទៀត ដែល​អ្នកលក់​ត្រី​វ​រូប​នេះ​បាន​ប្រាប់​ថា នៅ «​សេសសល់​ពី​ចោរលួច​» ក្នុង​នោះ​មាន ខ្សែដៃ​ប្លា​ទី​ន​០១​ខ្សែ​, ក្រវិល​ប្លា​ទី​ន​០១​គូ​, ប្រាក់​ខ្មែរ​ចំនួន​០២​លាន​រៀល​, ប្រាក់​ដុល្លា​ចំនួន​១២០​ដុល្លា​, ប្រាក់​ថៃ​ចំនួន​២៧០​បាត និង ទូរស័ព្ទ​ចំនួន​០១​គ្រឿង​ ។

​លោក វ៉ា​ន់ តារា ដែល​សួរ​ជីក​ឬ​ស ជី​ក​គល់ តាម​ជាន់កែង​ម្ចាស់ផ្ទះ​កំហូច​នេះ​ផ្ទាល់​បាន​និយាយ​ថា ចំណុច​ដែល​មិន​ប្រក្រតី គឺ​ត្រង់​រឿងគ្រឿង​អ​ល័​ង្ករ និង​ប្រាក់​មួយ​ចំនួនដែល​នៅ​សេសសល់​ពី​ចោរលួច​នេះឯង ​។ លោក​បាន​ចោទ​ជា​សំណួរ​​ទៅ​កាន់​ម្ចាស់ផ្ទះ​ថា គ្រឿង​អ​ល័ង្ការ ​លុយកាក់ និង​ទូរស័ព្ទ​ដែល​សេសសល់​ទុក​នៅ​ជាមួយ​គ្នា​ និង​គ្រឿង​អ​ល័​ង្ការ​ និង​លុយ​មួយ​ចំនួន ដែល​ត្រូវ​ចោរលួច​យក​ទៅ ចុះ​ហេតុ​អ្វី​បានជា​ចោរ​មិន​លួច​យក​ទាំងអស់ ? តើ​ហេតុ​អ្វី​បានជា​ចោរលួច​តែ​គ្រឿងមាស​ដែល​មាន​តម្លៃ រីឯ​គ្រឿង​ប្លា​ទី​ន​និង​ប្រាក់​មួយ​ចំនួន​ចោរ​មិន​លួច ?

ត្រង់​ចំណុច​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ម្ចាស់ផ្ទះ​រូប​នេះ​ទាល់​តម្រិះក៏​ព្រម​ឆ្លើយ​សារភាព​ថា «​មិន​មាន​ចោរ​ចូល​លួច​ទេ គឺ ជា​រឿង​ផ្ទៃក្នុង ក្នុង​គ្រួសារ​គាត់ ហើយ​គាត់​សុំ​ដក​ពាក្យបណ្ដឹង​វិញ​»​។ ជុំវិញ​ករណី​នេះ លោក ឡុ​ង យោធា​វី​រៈ អធិការ​ស្រុក​ឯក​ភ្នំ បាន​ថ្លែងប្រាប់​ដែរ​ថា ករណី​ចោរ​គាស់​ផ្ទះ​អ្នកលក់​ត្រី​ខាងលើ​នេះ តាម​ពិត​ពុំ​មាន​កើតឡើង​ដូច​ម្ចាស់ផ្ទះ​បាន​ប្ដឹង​នោះ​ទេ ក្រោយ​ពី​ការ​ស៊ើបអង្កេត គឺម្ចាស់ផ្ទះ​បំប៉ោង​សភាព​ការ​ណ៍ ​។

​លោក​ថា ម្ចាស់ផ្ទះ​បាន​ប្រឹង​បំប៉ោង​រឿង​នេះ ដោយ​ទម្លាក់​កំហុស​ទៅ​លើ​ចោរ លុះ​សួរនាំ​ដេញដោល ទើប​ម្ចាស់ផ្ទះ​រូប​នេះ​សារភាព​ថា ​ខ្លួន​បាន​យក​គ្រឿង​អ​ល័​ង្កា​និង​លុយ​ចំនួន​៩​លាន​រៀល ទៅ​លេងល្បែង​ចាញ់​អស់ ទើប​បំប៉ោង​ចោទប្រកាន់​ថា «​ចោរ​គាស់​ផ្ទះ​គាត់​ចូល​លួច​ទ្រព្យសម្បត្តិ​គាត់​» ​។
​លោក​អធិការ​បាន​បញ្ជាក់​ថា ជាមួយនឹង​ការ​សារភាព​ទ​ទូល​កំហុស ជន​បំប៉ោង​សភាព​ការ​ណ៍​​ម្នាក់​នេះ ក៏​បាន​អង្វរ​សុំ​ដក​ពាក្យបណ្ដឹង​វិញ​ដែរ ហើយ​ពេល​នេះ​យើង​បាន​បញ្ចប់​សំណុំរឿង​នេះ​ហើយ ត្រឹម​ម្ចាស់ផ្ទះ​សារភាព​ថា «​ខ្លួន​ជា​អ្នក​លួច​ទ្រព្យ​ខ្លួនឯង យក​ទៅ​លេងល្បែង​ចាញ់​អស់» ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។