ព័ត៌មានជាតិ

(Update) បញ្ជូនខ្លួន មន្ត្រីអាកាសចរស៊ីវិលម្នាក់ ទៅកាន់តុលាការ ពាក់ព័ន្ធ ខឹងគេស៊ីផ្លេ បើករថយន្តដេញតាមយកកាំភ្លើងភ្ជង់គំរាម !

(ភ្នំពេញ) ៖ នៅរសៀលថ្ងៃទី ៣១ ខែមី​នាឆ្នាំ ២០២៣ កម្លាំងសមត្ថកិច្ចបានបញ្ជូនខ្លួនមន្ត្រីអាកាសចរណ៍ម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធករណី គ្រោះថ្នាក់ចរចរណ៍បន្តិចបន្តួច តែបង្កជារឿងធំ ដោយជនសង្ស័យ បើករថយន្តដេញតាមយកកាំភ្លើងភ្ជង់គំរាម។

មន្ត្រីអាកាសចរស៊ីវិលម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនសួរនាំ បន្ទាប់ពីធ្វើសកម្មភាព ដកកាំភ្លើងខ្លី ( អត់ច្បាប់ ) ភ្ជង់គំរាមបុរសម្នាក់ កាលពីវេលាម៉ោង ៨និង២០នាទីយប់ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នៅចំណុចបុរីជីបម៉ុង៥៩៨ ផ្លូវP04 សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានឱ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ បែល វ៉ាន់ដែត ភេទប្រុស អាយុុ៣៨ឆ្នាំ ជា អនុប្រធាននាយកដ្ឋាន នៃរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល។

ឯជនរងគ្រោះមានឈ្មោះ ឆៃ វ៉ាន់ម៉ូលីវ័ន្ត ភេទប្រុស អាយុ២៣ឆ្នាំ ជានិស្សិត ។

ពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូតអាវុធខ្លី១ដើម ម៉ាកGlook ពណ៌ខ្មៅ គ្រាប់១៣គ្រាប់ គ្មានច្បាប់អនុញ្ញាត , រថយន្តមួយគ្រឿងម៉ាក រ៉េងរ៉ូវើ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BL-0199 ។

ប្រភពបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានបើករថយន្តពីខាងក្រោយរថយន្តជនសង្ស័យ រួចស៊ីផ្លេរ ទើបជនសង្ស័យខឹង ក៏ឈប់រថយន្តពីមុខរយៈពេលប្រហែល៥នាទី ។ បន្ទាប់មកជនរងគ្រោះ ក៏បើករថយន្តវ៉ាចេញ ធ្វើឱ្យជនសង្ស័យបើករថយន្តដេញតាមរួចដកកាំភ្លើងភ្ជង់គំរាមរួចគេចខ្លូន ។ ភ្លាមៗ ជនរងគ្រោះក៏បានដាក់ពាក្យបណ្ដឹង ទើបកម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់បាន នៅវេលាម៉ោង១០យប់ ថ្ងៃខែដដែល ពោលក្រោយកើតហេតុជាង១ម៉ោង ដើម្បីយកមកសួរនាំនៅនគរបាលខណ្ឌ ។

បច្ចុប្បន្នជនសង្ស័យ កំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។