ព័ត៌មានជាតិ

កាកបាទក្រហមកម្ពុជា ខេត្តព្រៃវៃង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារសាខាប្រចាំឆ្នាំ២០២០ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២១ និងពិធីប្រគល់-ទទួលថវិកាសមាជិកភាព និងថវិកាហឹបសង្គ្រោះ

(ខេត្តព្រៃវែង)៖ នៅថ្ងៃព្រហស្បតិ៍​ ១០កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារសាខាប្រចាំឆ្នាំ ២០២០ និងលើកទិសដៅអនុវត្តបន្តឆ្នាំ ២០២១ និងពិធីប្រគល់-ទទួល ថវិកាសមាជិកភាព និងថវិកាហឹបសង្រ្គោះ ស្ថិតក្រោមអធិបតីភាព ឯកឧត្តមឧកញ៉ា សុខ ផេង អនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការ សាខា តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខា ដែលមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា ក្រុមកាកបាទក្រហមមន្ទីរ អង្គភាព អនុសាខា ក្រុង ស្រុក ទាំង១៣ សរុបមានអ្នកចូលរួម ចំនួន ៨៧នាក់ ស្រី ២៣នាក់។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យមើលលទ្ធផលការងារដែលសម្រចបាន កន្លងមក ក៍ដូចជាបញ្ហាប្រឈមនានាដែលសាខាជួបប្រទះ និងធ្វើការដោះស្រាយនូវសំណូមពរមួយចំនួន ដែលមាននៅក្នុងសាខា និងអនុសាខា ព្រមទាំងបំផុសចលនាកៀរគរប្រមូលថវិកាសមាជិកភាព និងថវិកាហឹបសង្រ្គោះប្រចាំឆ្នាំ ដើម្បីជួយគាំទ្រដល់សកម្មភាពមនុស្សធម៌របស់សាខា។

របៀបវារៈនៃកិច្ចប្រជុំមានដូចខាងក្រោម៖
១-របាយការណ៍បូកសរុបលទ្ធផលការងាររយៈពេល ១ឆ្នាំ
២-ការចូលរួមមតិយោបល់ពីតំណាងមន្ទីរ/អង្គភាពជុំវិញខេត្ត និងអនុសាខាក្រុង ស្រុកទាំង ១៣
៣-របាយការណ៍សង្ខេបអំពីចំណូលថវិកាវិភាគទានសមាជិកភាព និងហិបសង្រ្គោះ តាមមន្ទីរ/អង្គភាពជុំវិញខេត្ត និងអនុសាខាក្រុង/ស្រុកទាំង ១៣
៤-ពីធីប្រគល់-ទទួលថវិកាវិភាគទានសមាជិកភាព និងហិបសង្រ្គោះប្រចាំឆ្នាំ២០២០ និងលិខិតថ្លែងអំណរគុណតាមមន្ទីរ/អង្គភាពជុំវិញខេត្ត និងអនុសាខាក្រុង/ស្រុកទាំង ១៣

មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តមឧកញ៉ា អនុប្រធាន
អចិន្រ្តៃយ៍សាខា សូមសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រី ដែលតែង ចូលរួម បរិច្ចាគថវិកាសមាជិកភាពប្រចាំឆ្នាំ ជូនដល់ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង សម្រាប់ទុក បម្រើការងារមនុស្សធម៌ តាមរយៈនៃការចូលរួមនេះ បានបង្ហាញអោយឃើញពីការជឿជាក់ និងមានទំនុកចិត្តមកលើកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៍ប៉ិនប្រសប់ របស់ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។

ក្នុងនោះដែរ ឯកឧត្ដម ឧកញ៉ា អនុប្រធានអចិន្ត្រៃយ៍សាខា ក៏បានដាក់ចេញនៅទិសដៅបន្តសម្រាប់ឆ្នាំ ២០២០ មាន៖
– ត្រៀមបង្កគ្រោះមហន្តរាយផ្សេងៗនិងត្រៀមឆ្លើយតបនៅពេលគ្រោះមហន្តរាយកើតមានឡើងអោយបានទាន់ពេលនិងមានប្រសិទ្ធិភាព។
– រៀបចំអបអរទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១។
– ដំណើរការសាងសង់ផ្ទះនិងបង្គន់អនាម័យជូន គ្រួសារទុរគតជន ចាស់ជរា ក្រីក្រ ជនពិការសម្រាប់ផែនការឆ្នាំ២០២១។

នាឱកាសនោះ ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍ តំណាង ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិកាសាខា បានប្រគល់មីយើង ជូនដល់អនុសាខាក្រុង ស្រុកទាំង ១៣ សរុប ១,០៤០កេស ដោយ ១អនុសាខា ទទួលបាន ៨០កេស។

ថវិកាដែល សាខាខេត្ត ទទួលបាន ក្នុងពិធីនេះសរុប ចំនួន ១៦២,១៦៩,៨០០រៀល។

បន្ទាប់ពីនេះ ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បន្តដឹកនាំកិច្ចប្រជុំឆ្លងអនុម័តផែនការសកម្មភាព និងផែនការហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០២១ ដែលមានការអញ្ចើញចូលរួមពី ឯកឧត្តម លោកឧកញ៉ា លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា និងមន្រ្តីក្រុមប្រតិបត្តសាខា សរុបចំនួន ១៣នាក់ ស្ត្រី ៥នាក់។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។